(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានណែនាំឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់កុំយកអំណាច ដើម្បីដោះស្រាយបញ្ហា ត្រូវយកច្បាប់មកដោះស្រាយបញ្ហា ហើយជាពិសេសត្រូវបំរើសេវាជូនប្រជាពលរដ្ឋ ឲ្យមានតម្លាភាព ប្រសិទ្ធិភាព និងអាចទទួលយកបាន។
ការណែនាំបែបនេះ ក្នុងឱកាសដែលលោកអភិបាលខេត្តព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញចូលរួមសម្ពោធដាក់ឲ្យដំណើរការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅស្រុករវៀង ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ។
លោក អ៊ុន ចាន់ដា បានថ្លែងថា ការិយាល័យច្រកចេញចូលតែមួយ ដែលសម្ពោធដាក់ឲ្យដំណើរការនៅពេលនេះ គឺជាអគារទី៣ហើយ ដែលបានលេចចេញជារូបរៀង ក្នុងក្របខណ្ឌរដ្ឋបាលខេត្តព្រះវិហារ។ ដំបូងឡើយ យើងមានការិយាល័យច្រកចេញចូលតែមួយ នៅក្រុងព្រះវិហារ ហើយបន្តទៀតឈានឆ្ពោះទៅបង្កើត នៅអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្ត និងឆ្នាំ២០១៩នេះ ការិយាល័យច្រកចេញចូលតែមួយ នៅស្រុករវៀង បានចេញជារូបរាង ស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។
លោកបន្តថា «គោលបំណងនៃការខិតខំរបស់យើង ក្នុងនាមជាមន្ត្រីដែលត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋនេះ គឺត្រូវរៀបចំកន្លែងធ្វើការនេះ ឲ្យបានសមរម្យឲ្យសក្ក័សមជាកន្លែងផ្តល់សេវា កុំឲ្យចេះតែហៅប្រជាពលរដ្ឋ មកទទួលសេវា ប៉ុន្តែពេលប្រជាពលរដ្ឋមកសុំសេវាពីយើង ហើយមិនដឹងទៅរកកន្លែងនៅឯណា? ទៅសុំពីអ្នកណា? ដែលជាហេតុធ្វើឲ្យពួកគាត់ខាតពេលវេលា ចឹងហើយបានយើងបង្កើត ការិយាល័យច្រកចេញចូលតែមួយនេះឡើង»។
លោក អ៊ុន ចាន់ដា ក៏បានសំណូមពរប្រជាពលរដ្ឋ ដែលមកទទួលសេវា សូមធ្វើការស្នើសុំសេវាឲ្យចំគោលដៅ ពីមុនយើងចេះតែបន្ទោសប្រជាពលរដ្ឋថា ធ្វើអីហេតុអីមិនសុំការអនុញ្ញាត។ ប៉ុន្តែពេលបងប្អូនចង់សុំដែរ ប៉ុន្តែមិនដឹងសុំអ្នកណា ចូលមកសាលស្រុកអត់ច្បាស់លាស់ រុញឲ្យអ្នកនេះ អ្នកនោះ រហូតបងប្អូនចំណាលពេលឡើងទៅខេត្តទៀត។ ចឹងធ្វើឲ្យការសុំសេវាមិនចំគោលដៅ ដោយសារភាពមិនច្បាស់នៅកន្លែងធ្វើការ ជាហេតុធ្វើឲ្យបងប្អូនរកអ្នករត់ការឲ្យធ្វើឲ្យអស់ថវិកាច្រើន និងករណីខ្លះមានការបោកប្រាស់ទៀតក៏មាន។
លោកបន្តថា ដោយសារមើលឃើញនូវបញ្ហានេះហើយ ទើបរាជរដ្ឋាភិបាលធ្វើកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ជការបានទាមទាឲ្យក្រសួង ស្ថាប័នទាំងឡាយធ្វើប្រតិភូកម្មមុខងារ មកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធចាត់ចែង មុខងារទាំងនេះ ឲ្យស្របតាមតម្រូវការ និងសំណូមពរប្រជាពលរដ្ឋ។ ដើម្បីកាត់បន្ថយនូវពេលវេលា និងកាត់បន្ថយក្នុងការចំណាយថវិកា ហើយទទួលបានមកវិញ នូវសេវាពេញចិត្ត។
លោក អ៊ុន ចាន់ដា ក៏បានណែនាំឲ្យមន្ត្រី ត្រូវប្រឹងប្រែងផ្តល់សេវាជូនប្រជាពលរដ្ឋទាំងអស់ គឺប្រកបដោយតម្លាភាពប្រសិទ្ធិភាព និងភាពជឿទុកចិត្តបាន។ ទន្ទឹមនឹងនោះដែរ លោកក៏បានណែនាំឲ្យមន្ត្រី ត្រូវខិតខំដោះស្រាយរាល់បញ្ហាដែលកើតមានឡើង ហើយការដោះស្រាយមិនត្រូវយកអំណាចទៅប្រើទេ គឺអនុវត្តទៅតាមច្បាប់ ត្រូវពិនិត្យមើលលើអង្គហេតុ និងអង្គច្បាប់ឲ្យបានច្បាស់លាស់ ទើបធ្វើឲ្យភាគីទំនាស់ទាំង២ ទទួលយកបាន៕