(ឧត្តរមានជ័យ)៖ លោកទេសរដ្ឋមន្ដ្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ បានក្រើនរំលឹកដល់មន្ត្រីក្រុមប្រឹក្សាខេត្តឧត្តរមានជ័យអាណត្តិថ្មី ប្រឹងប្រែងបំពេញការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសតាមដាន និងជំរុញការអនុវត្តន៍ការងាររបស់អភិបាលខេត្ត និងមន្ត្រីក្នុងខេត្តឧត្តមានជ័យឱ្យកាន់តែខ្លាំងក្លា ដើម្បីការអភិវដ្ឍន៍ក្នុងខេត្តកាន់តែល្អប្រសើរ និងនាំមកនូវប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តអតីតសមរភូមិដ៏ស្រួចស្រាវមួយនេះ។
ការជំរុញ និងក្រើនរំលឹកលើការបំពេញការងាររបស់សមាជិកក្រុមប្រឹក្សាខេត្តនេះ បានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងសមាជិកក្រុមប្រឹក្សាខេត្តឧត្តរមានជ័យអាណត្តិថ្មី នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ។
ខេត្តឧត្តរមានជ័យ ជាខេត្តមួយស្ថិតនៅឆ្ងាយពីរាជធានីភ្នំពេញ ជាប់ព្រំដែនប្រទេសថៃ។ ខេត្តដែលបានបិទបញ្ចប់ភ្លើងសង្គ្រាមចុងក្រោយគេក្នុងឆ្នាំ១៩៩៨មួយនេះ សមាជិកក្រុមប្រឹក្សាខេត្តសរុប ១៩រូប មានលោក ស៊ី ប្រាសិទ្ធ ជាប្រធានក្រុមប្រឹក្សា។
ថ្លែងក្នុងពិធីនោះក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក គន់ គីម បានចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្តទាំងអស់ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្តឧត្តរមានជ័យអាណត្តិទី៣ ដើម្បីបន្តដឹកនាំខេត្តឧត្តរមានជ័យ ឲ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត។
លោក គន់ គីម បានរំលឹកក្រុមប្រឹក្សាខេត្តថា ក្នុងនាមជាសមាជិកក្រុមប្រឹក្សាដែលជាប់ឆ្នោត ទោះបីមានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែតាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សា គឺជាតំណាងឲ្យប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យទាំងមូល។
លោកបន្តថា ទោះបីជាក្រុមប្រឹក្សាថ្នាក់ក្រោមជាតិត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតដោយផ្ទាល់ ឬមិនផ្ទាល់ក្តី ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយនៃអំណាចនីតិប្រតិបត្តិ និងមានស្វ័យភាពក្នុងដែនកំណត់នៃច្បាប់ លិខិតបទដ្ឋានជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
«ហេតុនេះក្នុងការអនុវត្តការងារ ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព ដោយយុត្តិធម៌ ដោយមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ»។ នេះជាការបញ្ជាក់ និងក្រើនរំលឹករបស់លោក គន់ គីម។
ក្នុងឱកាសនោះ លោក គន់ គីម ក៏បានណែនាំដល់ក្រុមប្រឹក្សាអាណត្តិទី៣នេះ ត្រូវសហការជាមួយគណៈអភិបាលខេត្តអនុវត្តការងារឱ្យបានប្រសិទ្ធភាពខ្ពស់នូវការងារអាទិភាពសម្រាប់ឆ្នាំ២០១៩។ ការងារសំខាន់ៗដែលលោក គន់ គីម បានណែនាំឱ្យក្រុមប្រឹក្សាខេត្តអាណត្តិថ្មី ត្រូវអនុវត្តន៍ក្រោយប្រកាសចូលកាន់តំណែងនោះរួមមាន៖
១៖ ចុះទៅ្របជុំប្រកាសចូលកាន់ដំណែងក្រុមប្រឹក្សា ក្រុង ស្រុក និងត្រូវប្រជុំសាមញ្ញលើកទី១ និងប្រជុំសាមញ្ញលើកទី២ តាមការកំណត់។
២៖ ត្រូវការរៀបចំផែការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ, បន្តចូលរួមអនុវត្តកម្មវីធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល មានជាអាទិ៍ (ការលើកកម្ពស់ទំនាក់ទំនង និងគណនេយ្យភាព រវាងក្រុមប្រឹក្សា គណៈអភិបាល និងថ្នាក់ក្រោមជាតិជាមួយពលរដ្ឋ), បន្តជំរុញការផ្ទេរមុខងារ និងធនធានថវិកាទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ លើកកម្ពស់តម្លាភាព និងគណនេយ្យភាព។
៣៖ ជំរុញការផ្តល់សេវាសាធារណ: និងដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន (មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្មៀនឃុំ សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ ប៉ុស្តិ៍រដ្ឋបាល និងកម្លាំងសមត្ថកិច្ចនានានៅមូលដ្ឋាន ត្រូវពង្រឹងសមត្ថភាព ការទទួលខុសត្រូវលើការងារប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈកែលម្អ ឥរិយាបថ ទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ហើយត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈម សំណើសំណូមពរនានានៅមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ មិនរើសអើងបក្ខពួក គ្រួសារនិយម និងនិន្នាការនយោបាយឡើយ)។
៤៖ លើកទឹកចិត្តពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព។
ការចូលកាន់តំណែងរបស់សមាជិកក្រុមប្រឹក្សានាឱកាសនេះ គឺស្របពេលរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា កំពុងបន្តជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងនោះ រួមទាំងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការផងដែរ។ ដំណើរការកំណែទម្រង់នេះ នឹងត្រូវធ្វើឡើងតាមរយៈការអនុវត្តផែនការអនុវត្ត០៣ឆ្នាំ (ផអ៣) ដំណាក់កាលទី៣ នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ សម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ក្នុងន័យនេះ លោកទេសរដ្ឋមន្ដ្រី គន់ គីម បានជំរុញសមាជិក្រុមប្រឹក្សា និងថ្នាក់ដឹកនាំខេត្ត ត្រូវសហការគ្នា និងសម្របសម្រួលអនុវត្តន៍ការងារកំណែទម្រង់នេះឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕