(ត្បូងឃ្មុំ)៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អភិបាល អភិបាលរងខេត្ត ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងគ្រប់ប្រភេទជាង៥០០នាក់ នៅសាលាខេត្តត្បូងឃ្មុំ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានថ្លែងអបអរសាទរកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តត្បូងឃ្មុំ ឲ្យបន្តរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ដោយត្រូវតែខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព តម្លាភាព យុត្តិធម៌ និងមិនប្រកាន់និន្នាការនយោបាយយ។
លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានថ្លែងញ្ជាក់ថា ការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ។
ថ្លែងនាឳកាសនោះផងដែរ លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងរួមគ្នា បន្តដឹកនាំសមាជិកក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ដោយសហការ សាមគ្គីភាពជាធ្លុងមួយ សំដៅធ្វើយ៉ាងណាអោយរដ្ឋបាលខេត្តទាំងមូល រក្សាសន្តិសុខសណ្តាប់ធ្នាប់គ្រប់មូលដ្ឋាន និងបន្តជំហ៊ានអភិវឌ្ឍន៍បន្ថែមទៀត ធ្វើយ៉ាងណាសម្រួលកម្រិតជីវភាពប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ស្របតាមយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំ។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ មានចំនួន២៥រូប ដែលមានលោក ស៊ាក ឡេង ជាប្រធានក្រុមប្រឹក្សាខេត្ត៕