(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងមន្ត្រីរាជការទាំងអស់របស់ព្រឹទ្ធសភា នៃកម្ពុជា បានផ្ញើសាររំលែកមរណទុក្ខគ្រួសារសពលោក ឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលលោកបានទទួលមរណភាពដោយជរាពាធ នាវេលាម៉ោង១៣៖៣០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ក្នុងជន្មាយុ៦៧ឆ្នាំ ។
ក្នុងសាររំលែកទុក្ខនេះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបង្ហាញក្តីសោកសង្រែងថា មរណភាពរបស់លោក ឃឹម សារិទ្ធ គឺជាការបាត់បង់ឥស្សរជនរបស់ជាតិដ៏ឆ្នើមមួយរូប ដែលបានបូជាអស់កម្លាំងកាយចិត្ត បញ្ញា និងស្មារតីស្ទើរពេញមួយជីវិតដើម្បីបម្រើជាតិ មាតុភូមិដោយឥតនឿយហត់។
ក្នុងឋានៈជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកបានចូលរួមយ៉ាងសកម្មបំផុតក្នុងការប្រមូលចងក្រង អភិរក្ស អភិវឌ្ឍន៍ និងលើកកម្ពស់វិស័យវប្បធម៌ជាតិ ឲ្យមានការទទួលស្គាល់ទាំងលើឆាកជាតិ-អន្តរជាតិ។
សម្តេចវិបុលសេនាភក្តី ក៏បានសូមសម្តែងនូវសមានចិត្តដ៏ក្រៀមក្រំចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យបំផុតជាមួយលោក ឃឹម សារិទ្ធ ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់លោក ឃឹម សារិទ្ធ ទៅកាន់សុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ៕