(ភ្នំពេញ)៖ បន្ទាប់ពីបានបំពេញបេសកកម្មប្រកបដោយជោគជ័យ នៅប្រទេសសិង្ហបុរី រយៈពេល ០៤ថ្ងៃ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងគណៈប្រតិភូ បានអញ្ជើញនិវត្តន៍មកដល់មាតុប្រទេសហើយ នាល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ។
គួរជម្រាបផងដែរថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានដឹកនាំគណៈប្រតិភូ ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ដើម្បីទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ លើការងារមនុស្សធម៌ និងផ្លាស់ប្ដូរបទពិសោធន៍ បច្ចេកទេស គ្រប់គ្រងវិស័យ ឥស្លាមនានា។
ក្នុងនោះ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត H.E Dr. Masagos Zulkifli រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធនធានទឹក និងកិច្ចការសាសនាឥស្លាមសិង្ហបុរី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងវិស័យឥស្លាម ជាពិសេសការផ្លាស់ប្ដូរបទពិសោធន៍ និងការរៀបចំបច្ចេកទេសកាន់តែបានល្អប្រសើរនូវនិតិវិធីគ្រប់គ្រងហាជ្ជី (ធម្មយាត្រា) វិស័យហ្សាកាត់ (បរិច្ចាគទ្រព្យ) វិស័យវ៉ាកាហ្វ (ការថែរក្សាទាយជ្ជទាន) និងស្តង់ដាហាឡាលផងដែរ និងបានអបអរសាទរកម្ពុជាចូលជាសមាជិកភាព «MABIMS» ដែលជាជំនួបប្រចាំឆ្នាំក្រៅផ្លូវការ ថ្នាក់រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសាសនាឥស្លាម ដែលមានប្រទេសប្រ៊ុយណេដារ៉ូសាឡាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី ដែលឆ្នាំនេះសិង្ហបុរីជាម្ចាស់ផ្ទះ។
MABIMS ត្រូវបានបង្កើតឡើងនៅ ថ្ងៃទី៧ ខែសីហា ឆ្នាំ១៩៨៩ នៅប្រទេសប្រ៊ុយណេដារ៉ូសាឡាម ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសាមគ្គីភាព ផ្លាស់ប្តូរបទពិសោធន៌ និងដោះស្រាយបញ្ហាកិច្ចការសាសនាឥស្លាមទូទៅ ដោយមិនជ្រៀតជ្រែកកិច្ចការនយោបាយផ្ទៃក្នុង ដល់ប្រទេសជាសមាជិក។
បន្ទាប់មកនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ អញ្ជើញជួបពិភាក្សាការងារ និងសហប្រតិបត្តិការជាមួយ លោកបណ្ឌិត Prof Dr. Mohd Hasbi Abu Bakar ប្រធានសមាគមឥស្លាមសិង្ហបុរី ដែលជាសមាគមចាស់ជាងគេ បានដំណើរជាង៨៧ឆ្នាំ លើវិស័យមនុស្សធម៌ សិក្សាធិការសុខុមាលភាព និងឃោសនាអប់រំ។ សម្រាប់កម្ពុជា លោកបណ្ឌិតប្រធានសមាគម បានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសាងសង់វិហារ សាលារៀន ផ្តល់អាហារូបករណ៍សិក្សានៅសិង្ហបុរី អណ្តូងទឹក សង្រ្គោះបន្ទាន់ទឹកជំនន់ជាដើម។
បន្តមកទៀត នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្រ្តី ក៏បានចូលជួបពិភាក្សាការងារ ជាមួយលោកបណ្ឌិត Tuan Haji Dr. Mohamed Fatris Bin Bakaram ចាងហ្វាង និងជាគណៈដឹកនាំជាន់ខ្ពស់ នៃក្រុមប្រឹក្សាឥស្លាមសិង្ហបុរី (MUIS) ដែលជាស្ថាប័នកំពូលឥស្លាមសិង្ហបុរី។
លោកចាងហ្វាងក្រុមប្រឹក្សាឥស្លាមសិង្ហបុរី បានឯកភាពគាំទ្រយ៉ាងពេញទំហឹង ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងការរៀបចំបច្ចេកទេស កាន់ឲ្យកាន់តែបានល្អប្រសើរ នូវនិតិវិធីគ្រប់គ្រងហាជ្ជី (ធម្មយាត្រា) វិស័យហ្សាកាត់ (បរិច្ចាគទ្រព្យ) វិស័យវ៉ាកាហ្វ (ការថែរក្សាទាយជ្ជទាន) និងស្តង់ដាហាឡាល ខណៈដែល MUIS មានបទពិសោធន៍លើកិច្ចខាងលើជាង៥០ឆ្នាំ មកហើយ។
ជាមួយគ្នានេះ លោកបណ្ឌិតចាងហ្វាង MUIS ក៏បានថ្លែងអបអរដល់សហគមន៍ឥស្លាមទូទាំងប្រទេស ដែលបានរស់នៅប្រកបដោយសុខសន្តិភាព និងសុខដុមនីយកម្ម ដោយគ្មានការរើសអើងជម្លោះជាតិសាសន៍ គោរពស្រឡាញ់គ្នា ក្រោមម្លប់ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យមានតំណាងជាថ្នាក់ដឹកនាំក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសសិទ្ធិសេរីភាពពេញលេញតាមជំនឿសាសនារបស់ខ្លួន៕