(ភ្នំពេញ)៖ ភោជនីយដ្ឋាន វ័ន ម៉រ បានបើកបម្រើសេវាកម្មម្ហូបអាហារ បែបខ្មែរដល់អតិថិជន អស់រយៈពេលជាង១០ឆ្នាំមកហើយ។ ទន្ទឹមនឹងការយកចិត្តទុកដាក់ បំពេញរាល់តម្រូវការអតិថិជន ភោជនីយដ្ឋាន ក៏មិនភ្លេចគិតគូដល់បុគ្គលិក ដែលបានខិតខំទាំងកម្លាំងកាយ កម្លាំងចិត្តដើម្បីសម្រិតសម្រាំងចំអិនម្ហូបអាហារ និងបម្រើសេវាដ៏ល្អឥតខ្ចោះដល់អតិថិជន របស់ខ្លួនផងដែរ។
នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ភោជនីយដ្ឋាន វ័ន ម៉រ បានរៀបចំពិធីចុះហត្ថលេខា លើការទិញសេវាធានារ៉ាប់រងអាយុជីវិត ឲ្យដល់បុគ្គលិក ដែលបានបន្តចុះកុងត្រាការងារ ជាមួយភោជនីយដ្ឋាន ចាប់ពី៥ឆ្នាំ ដល់១០ឆ្នាំ ចំនួន៣០នាក់ផងដែរ។ កម្មវិធីនេះត្រូវបានរៀបចំដោយផ្ទាល់នៅភោនីយដ្ឋាន វ័ន ម៉រ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ៣៧ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងឱកាសនេះ លោក ណាល់ ស៊ីណាត ប្រធានចាត់ការទូទៅរបស់ភោជនីយដ្ឋាន វ័ន ម៉រ បានថ្លែងថា ការចូលរួមយ៉ាងសកម្មរបស់បុគ្គលិក គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីជំរុញឲ្យអាជីវកម្ម មួយនេះដំណើរការមកដល់សព្វថ្ងៃ នឹងបន្តទៅមុខរាប់សិបឆ្នាំទៀត។
លោកបន្តទៀតថា ដើម្បីតបស្នងដល់ការខិតខំប្រឹងប្រែងរបស់បុគ្គលិក និងក្រុមគ្រួសារទាំងមូលរបស់ពួកគាត់ ឲ្យជៀសផុតពីហានិភ័យនានា ដោយយថាហេតុនោះ ភោជនីយដ្ឋានបានសម្រេចទិញសេវាធានារ៉ាប់រងអាយុជីវិតដល់បុគ្គលិក ដែលបានបន្តចុះកុងត្រាការងារជាមួយភោជនីយដ្ឋាន ចាប់ពី៥ឆ្នាំ ដល់១០ឆ្នាំ ចំនួន៣០នាក់ដែលមានអត្ថប្រយោជន៍ដូចតទៅ៖
*ទី១៖ ទទួលបានសំណង ៤,០០០ដុល្លារ លើករណីទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ដែលមិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ
*ទី២៖ ទទួលបានសំណង ៨,០០០ដុល្លារ លើករណីទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ដែលបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ
*ទី៣៖ ទទួលបានអត្ថប្រយោជន៍ចំណូលប្រចាំឆ្នាំចំនួន ៤០០ដុល្លារក្រោយគ្រោះអកុសលកើតឡើងរហូតដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង
*ទី៤៖ មិនតម្រូវឲ្យបង់បុព្វលាភធានារ៉ាប់រងបន្តទៀតឡើយក្នុងករណីមានគ្រោះអកុសលកើតឡើង
*ទី៥៖ ទទួលបានប្រាក់សន្សំចំនួន ៤,០០០ដុល្លារ
*ទទួលបានការការពារបន្ថែម5ឆ្នាំ ដោយមិនតម្រូវឲ្យបង់បុព្វលាភធានារ៉ាប់រងបន្តទៀតឡើយ ករណីគ្មានគ្រោះអកុសលកើតឡើងក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រង៕