(ភ្នំពេញ)៖ បើគិតចាប់ពីដើមឆ្នាំពីខែមករា ដល់មិថុនា ឆ្នាំ២០១៩នេះ ករណីជំងឺគ្រុនឈាម បានហស់ខ្ពស់ជាងឆ្នាំ២០១៨ រហូតដល់ទៅជាង ៤ដង ដោយអ្នកកើតជំងឺគ្រុនឈាមមាន ប្រមាណ ៩ពាន់នាក់ និងស្លាប់១៥នាក់។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ។
លោកបានថ្លែងប្រាប់ អង្គភាពព័ត៌មាន Fresh News ក្នុងកិច្ចសម្ភាសន៍សុខភាពឲ្យដឹងថា «ករណីជំងឺគ្រុនឈាមនេះ មិនមែនផ្ទុះឡើងតែនៅកម្ពុជានោះទេ នៅតាមបណ្ដាប្រទេសជឿនលឿន ក៏មានករណីផ្ទុះឡើងផងដែរ ដោយប្រទេសចិនឆ្នាំនេះ ក៏ប្រកាសអាសន្នករណីផ្ទុកជំងឺគ្រុនឈាមដែរ សម្រាប់សង្ហិបុរី កើនឡើងជាង ៣ដង ម៉ាឡេស៊ី កើនឡើងជាង ២ដង ប្រមាណជិត ៥ម៉ឺនករណី ហើយស្លាប់រហូតដល់ទៅ ៦៧នាក់ ហ្វីលីពីន មានចំនួន ៧ម៉ឺនករណី ស្លាប់២៧៧នាក់, អូស្ដា្រលី កើនឡើង៣ដងផងដែរ»។
លោកបញ្ជាក់ថា «ឆ្នាំនេះ គឺជាឆ្នាំមួយ ដែលយើងអាចនិយាយបានថា ជាវដ្ដផ្ទុះនូវជំងឺគ្រុនឈាមនៅលើពិភពលោក ដែលជាវដ្ដ មានជារៀងរាល់ ៥-៦ឆ្នាំម្ដង។ តែទោះជាយ៉ាងណា ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានដាក់នូវវិធានការរួចជាស្រេចហើយ ដើម្បីទប់ស្កាត់ករណីឈឺ និងស្លាប់ដោយជំងឺគ្រុនឈាម ដោយក្នុងនោះ នៅចុងឆ្នាំ២០១៨ ក្រសួង បានត្រៀម ថ្នំាអាបេត ជាង១៧០តោន, ថ្នាំបាញ់មូសជាង៦ពាន់លីត្រ សឺរ៉ូមសម្រាប់ព្យាបាលចំនួន ៥-៧ម៉ឺនកំប្លោក»។
ជាងនេះទៅទៀត ក្រសួង ក៏បានចែកចាយរួចជាស្រេចទៅដល់មន្ដ្រីក្រុមការងារនៅទូទាំង២៥ រាជធានី-ខេត្ដ ដោយក្នុងនោះខេត្ដនីមួយៗ ទទួលបាន អាបេន ១០តោន ថ្នំាបាញ់មូស ២៤០លីត្រ និងសឺរ៉ូមព្យាបាលជំងឺ ២-៣ពាន់លីត្រ ។
ប្រធានមជ្ឈមណ្ឌលរូបនេះ បានថ្លែងបន្ដថា ទោះជាយ៉ាងក្ដី ដើម្បីចូលរួមលុបបាត់នូវជម្រកមូសខ្លាំ គឺសំខាន់បំផុតគឺ ការចូលរួមពីប្រជាពលរដ្ឋ ដូច្នេះប្រជាពលរដ្ឋ ត្រូវតែធានា «ផ្ទះរបស់ខ្ញុំគ្មានដង្កូវទឹក» ដូច្នេះត្រូវថែរក្សានូវអនាម័យជាប់ជានិច្ច មិនត្រូវមានកន្លែងដក់ទឹកណាមួយ ឱ្យក្លាយទៅជាជម្រកមូសខ្លានោះឡើយ ព្រោះមូសខ្លាញី ចម្លងជំងឺគ្រុនឈាម ។
លោកបន្ដថា ការដាក់ថ្នាំអាបេត ក្នុងពាង អាងទឹក ថូផ្កា ពិតណាស់មិនឱ្យមានដង្កូវទឹក ប៉ុន្ដែនៅមានកន្លែងខ្លះ យើងមិនអាចដាក់ថ្នាំអាបេតបានទេ ដូច្នេះហើយ ត្រូវសម្អាតបរិវេនក្នុងផ្ទះ ជុំវិញផ្ទះជានិច្ច ជាពិសេសកុំឱ្យមានកន្លែងអាចដក់ទឹកបាន ដូចជាង កំប៉ុង សំបកកង់ ម៉ូតូ ឡាន ចានស្នោ និងសម្ភារផ្សេងៗទៀត ព្រោះមូសខ្លាញី ជាមូសខំាចម្លងមេរោគគ្រុនឈាមដល់យើង ហើយកន្លែងដែលវារស់នៅ គឺកន្លែងស្អាត ទឹកដក់រងថ្លា គ្មានក្លិនស្អុយ មិនមែនក្នុងទឹកលូ មានក្លិនស្អុយនោះទេ ខុសពីប្រភេទមូសផ្សេងៗទៀត ។
លោកបានថ្លែងបញ្ជាក់ថា «សូមបងប្អូនប្រជាពលរដ្ឋ កុំមានការយល់ច្រលំថា ទឹកលូមានក្លិនស្អុយក្បែរផ្ទះខ្ញុំ មានសុទ្ធតែមូស ហេតុអីបានជា ក្រសួងសុខាភិបាល មិនចុះទៅបាញ់ថ្នាំមូស បើទឹកស្អុយកុំបារម្ដថា មិនមានមូសខ្លាទេ ។លើសពីនោះ ការបាញ់ថ្នាំមូស គឺមិនមែនជាជម្រើសល្អឡើយ ដើម្បីលុបបំបាត់ជំងឺគ្រុនឈាម ឬសម្លាប់មូសបានទាំងអស់នោះទេ ព្រោះថាសម្លាប់បានតែមូស មិនអាចសម្លាប់ដង្កូវទឹកបាននោះទេ ដូច្នេះ ១៥ថ្ងៃក្រោយមវានឹងញាស់ នឹងមកខំាយើងជាក់ជាងមិនខាន»។
ជាងនេះទៅក្រសួងយើង មានស្ដុកនូវថ្នំាបាញ់មូសច្រើនណាស់ ប្រមាណ៧៣០០លីត្រ។ ប៉ុន្ដែ អង្គការសុខភាពពិភពលោក មិនឯកភាពឱ្យយើងប្រើប្រាស់វិធីបាញ់ថ្នាំទេ វាជាករណីចុងក្រោយហើយ និងគ្មានជម្រើស ទើបយើងធ្វើការបាញ់ថ្នាំមូសនេះ ព្រោះបាញ់ថ្នាំមូស វាប៉ះពាល់ដល់សុខភាពប្រជាជន ផលដំណាំ ងាប់សត្វផ្សេងៗ ហើយក៏មិនបានសម្លាប់មូសទាំងស្រុងនោះដែរ ។ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំរំពឹងលើរឿងបាញ់ថ្នាំច្រើនពេក តែត្រូវមានសេចក្ដីទុកចិត្ដលើខ្លួនឯងថា ផ្ទះរបស់យើងគ្មានដង្កូវទឹក ពេលនោះហើយ យើងនឹងកាត់បន្ថយករណីជំងឺគ្រុនឈាមដោយឯងៗបានហើយ»។
ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសថា បើដឹងថាមានជំងឺគ្រុនឈាមហើយ សូមកុំព្យាយាមព្យាបាលដោយខ្លួនឯង ត្រូវប្រញាប់បញ្ជូនមកមន្ទីរពេទ្យរដ្ឋ ឱ្យបានទាន់ពេលវេលាកុំឱ្យហួសពី ២ថ្ងៃ(៤៨ម៉ោង) លោកអ្នកនឹងព្យាបាលបានជាង១០០% តែបើហួសពេល ទោះនៅមន្ទីរពេទ្យណាក៏ដោយ ក៏ព្យាបាលមិនជាដែរ៕