(ប៉ៃលិន)៖ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងទេសចរណ៍ តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ សូមអំពាវនាវដល់វិនិយោគទុនទាំងអស់ សូមធ្វើការបណ្តាក់ទុកបើកអាវកម្ម ដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ក្នុងន័យដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តឱ្យបានកាន់តែច្រើនឡើងៗ ប៉ុន្តែប្រសិនបើអាជីវកម្មនោះ ប្រព្រឹត្តិនូវអំពើផ្ទុយពីច្បាប់កំណត់វិញ និងចាត់ការតាមច្បាប់ ដោយមិនលើកលែងឡើយ។
លោកស្រី ហ៊ុន ដានី បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសដែលមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានសហការជាមួយក្រុមការងារក្រសួងក្រសួងទេសចរណ៍ រៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយ អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងការបញ្ជ្រាបយេនឌ័រ ក្នុងវិស័យទេសចរណ៍។ ពិធីនេះក៏មានការវូលរួមពីលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងអាជីវករតាមបណ្តាមូលដ្ឋានអាជីវកម្ម ពាក់ព័ន្ធនឹងសកម្មភាពទេសចរណ៍ និងសិស្សានុសិស្សសរុបជាង ១០០នាក់។
លោកស្រី ហ៊ុន ដានី បានថ្លែងថា មន្ត្រីគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ សូមចូលរួមទាំងអស់គ្នាធ្វើយ៉ាងណាឱ្យទេសចរយើង ក្លាយជាទេសចរណ៍ វប្បធម៍ និងធម្មជាតិ ដោយទប់ស្កាត់កុំឱ្យទេចរណ៍ ដែលបានបង្កប់ដោយអំពើពេស្យាចារ អាណាចារ្យ ឫមានការជួញដូរគ្រឿងញៀននៅក្នុងនឹងឱ្យសោះ ព្រោះវាគឺជាអំពើខុសច្បាប់ ដែលជាក់ស្តែងមានក្លឹបកំសាន្តធំៗ មួយចំនួនត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបបានហើយ កាលពីពេលកន្លងទៅនេះ ដោយសារតែម្ចាស់ក្លឹបកំសាន្តទាំងនោះ បានប្រព្រឹត្តនូវអំពើខុសច្បាប់ ដោយមានសេវាកម្មគ្រឿងញឿន នៅក្នុងសេវាទេសចរណ៍ផងដែរ។
លោកស្រី បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ សូមអំពាវនាវដល់វិនិយោគទុនទាំងអស់ សូមធ្វើការបណ្តាក់ទុកបើកអាវកម្ម ដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ នៅក្នុងន័យដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនឡើងៗ ប៉ុន្តែប្រសិនបើអាជីវកម្មនោះ ប្រព្រឹត្តិនូវ អំពើផ្ទុយពីច្បាប់កំណត់វិញនោះ ក្រសួងទេសចរណ៍នឹងមានវិធានការចាត់ការតាមច្បាប់ ដោយរាប់ទាំងការលើកស្លាកអាជីវកម្ម ដែលនាំឱ្យប៉ះពាល់ផងដែរ។
លោក ផាន់ ចាន់ធុល បានលើកឡើងដែរថា ខេត្តប៉ៃលិន ជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅកម្ពុជា ដែលសំបូរទៅដោយសក្តានុពលទេសចរណ៍ជាច្រើន មានទាំងវប្បធម៌ ប្រវត្តិសាស្រ្ត ធម្មជាតិ និងកែច្នៃ ដែលកត្តាទាំងនេះហើយទើបកំណើនភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្តខេត្តប៉ៃលិន មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះជាចលករមួយជំរុញឱ្យមានការរីកលូតលាស់នៃចំនួនសម្បទារ ទេសចរណ៍ទូទាំងខេត្ត គួរឱ្យកត់សំគាល់។ វិស័យទេសចរណ៍ បានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងលើកកម្ពស់កម្រិតជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រតាមរយៈការផ្តល់ឱកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋជាពិសេសស្រ្តីភេទផងដែរ។
លោក ផាន់ ចាន់ធុល បានបង្ហាញជំនឿយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលនេះនឹងជួយរួមចំនែក ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាពនូវអនុសាសន៍ ១១ចំណុច របស់សម្តេចតេជោ ហ៊ុន សែន និងអនុសាសន៍ ០៤ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរផងដែរ៕