(សិង្ហបុរី)៖ ជំនួបរវាងមេទ័ពជើងគោកកម្ពុជា-សិង្ហបុរី បានធ្វើឡើងនៅសាធារណរដ្ឋសិង្ហបុរី នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ព នៃប្រទេសទាំងពីរ។
ក្នុងជំនួបនេះ គណៈប្រតិភូកងទ័ពជើងគោកកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងភាគីសិង្ហបុរីដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហ្គូ ស៊ីហ៊ូ (Goh Si Hou) មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋសឹង្ហបុរី។
លោកឧត្តមសេនីយ៍ទោ ហ្គូ ស៊ីហ៊ូ (Goh Si Hou) មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋសិង្ហបុរី បានលើកឡើងថា លោកពិតជាមានសេចក្តីរីករាយ ដែលបានទទួលស្វាគមន៍ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា ដែលនេះជាការបង្ហាញឲ្យឃើញ ពីទំនាក់ទំនងល្អរវាងកងទ័ព ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
លោកឧត្តមសេនីយ៍ទោ ហ្គូ ស៊ីហ៊ូ ចាត់ទុកជំនួបនេះ ជាជំហានបន្តយ៉ាងសំខាន់ក្នុងការកសាង និងពង្រឹងគុណភាព និងសមត្ថភាព ដល់កងទ័ពនៃប្រទេសទាំងពីរ ដើម្បីធានាឲ្យបានកិច្ចការពារ សន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿង ជាពិសេសការពង្រឹងពង្រីកការរឹតចំណងសាមគ្គីភាព និងមិត្តភាព រវាងរដ្ឋាភិបាលកងទ័ព និងប្រជាជនប្រទេសទាំងពីរ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាប្រទេសជាសមាជិកអាអស៊ានតែមួយភាគីទាំងពីរ ត្រូវបន្តពង្រឹង និងការពង្រីកទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការល្អ លើការរក្សាសន្តិភាព ស្ថិរភាព ទាំងកម្រិតទ្វេភាគី និងតំបន់។ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណ កងទ័ពសិង្ហបុរីដែលបានជួយកងទ័ពកម្ពុជាកន្លងមក៕