(រតនគិរី)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តរតនគិរី សហការជាមួយអាជ្ញាធរខេត្ត រៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីរកដំណោះស្រាយ និងវិធានការរួម ដែលអាចអនុវត្តបាន សម្រាប់បង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សេងៗ។
កិច្ចប្រជុំនេះ ក្នុងគោលបំណងការពារ ឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាពលរដ្ឋជាធំ និងរាយការណ៍ ជូនរាជរដ្ឋាភិបាលអំពីបញ្ហាប្រឈម ដែលអាជ្ញាធរថ្នាក់ក្រោមជាតិជួបប្រទះ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ ពីស្ថាប័ន ពាក់ព័ន្ធថ្នាក់ជាតិ និងរាជរដ្ឋាភិបាល ដោយមានសមាភាពចូលរួមពីក្រុមការងារថ្នាក់ជាតិ តំណាងក្រសួងមហាផ្ទៃ តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងមន្ទីរប្រឆាំងគ្រឿងញៀន និងថ្នាក់ដឹកនាំខេត្ត គ្រប់ជាតិថ្នាក់។
ក្នុងកិច្ចប្រជុំ បានពិភាក្សាគ្នាដោយយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ជាពិសេសអង្គប្រជុំបានផ្តោតយ៉ាងខ្លាំង ទៅលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ពីព្រោះគ្រឿងញៀន វាធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ទៅដល់សង្គមគ្រួសារ និងសង្គមជាតិទាំងមូល ដូចជាធ្វើឲ្យមានអំពើហឹង្សា ចោរកម្ម ការរំលោភផ្លូវភេទ និងឃាតកម្មផ្សេងៗ -ល-។
អង្គប្រជុំ ក៏បានលើកឡើងថា ត្រូវប្រើកម្លាំងសរុប មធ្យោបាយសរុប ដើម្បីអនុវត្តតាមអនុសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដោយមិនត្រូវដើរចង្អុលមុខដាក់គ្នា និងយកលេសផ្សេងៗមកបកស្រាយឡើយ។
លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានអង្គប្រជុំ បានស្នើសុំឲ្យអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត សហការគ្នាឲ្យបានល្អ ដើម្បីទប់ស្កាត់ និងបង្ក្រាបឲ្យបាននូវបទល្មើសទាំងឡាយ ជាពិសេសបទល្មើសគ្រឿងញៀន ពីព្រោះគ្រឿងញៀនវាបានកំពុងបំផ្លាញធនធានមនុស្សជំនាន់ថ្មី របស់យើងយ៉ាងខ្លាំង។
លោកទេសរដ្ឋមន្រ្តី បានស្នើឲ្យថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ ត្រូវបំពេញការងារឲ្យបានត្រឹមត្រូវច្បាប់ និងតួនាទីដែលតាមរាជរដ្ឋាភិបាលប្រគល់ជូន និងត្រូវមានឧត្តមគតិ និងឆន្ទៈខ្ពស់ ក្នុងការបំពេញការងារ។
ជាមួយគ្នានោះ លោកអភិបាល នៃគណៈអភិបាលខេត្ត បានឯកភាព និងទទួលយកនូវវិធានការណ៍ ដែលអង្គប្រជុំបានសម្រេច ហើយលោកក្នុងនាមប្រធានាគណៈបញ្ជការឯកភាពខេត្ត សន្យាថា នឹងប្រើមធ្យោបាយសរុប វិធានការណ៍សរុប ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សេងៗ ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដោយអនុវត្តតាមច្បាប់ និងមិនឲ្យមានការយោគយល់អ្វីឡើយ គឺត្រូវអនុវត្តឲ្យស្មើភាពចំពោះមុខច្បាប់។
លោកទេសរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តរតនគិរី លោកតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ និងថ្នាក់ដឹកនាំខេត្ត ដែលមានឧត្តមគតិ និងឆន្ទៈខ្ពស់ ក្នុងការទប់ស្កាត់ និងបង្រាបបទល្មើសផ្សេងៗ ជាពិសេសបទល្មើសគ្រឿងញៀន តាមសំណូមពររបស់អង្គប្រជុំ៕