(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ បានអញ្ជើញទៅគោរពវិញ្ញាក្ខន្ធសព នាយឧត្តមសេនីយ៍ ដុម ហាក់ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាព។
នៅចំពោះមុខក្រុមគ្រួសារនៃសព សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញក្តីសោកសង្រែងចំពោះមរណភាពរបស់នាយឧត្តមសេនីយ៍ ដុម ហាក់ គឺជាការបាត់បង់ឥស្សរជនរបស់ជាតិដ៏ឆ្នើមមួយរូប ដែលបានបូជាអស់កម្លាំងកាយចិត្ត បញ្ញា និងស្មារតីស្ទើរពេញមួយជីវិតដើម្បីបម្រើជាតិ មាតុភូមិដោយឥតនឿយហត់។
ជាមួយគ្នានេះ សពនាយឧត្តមសេនីយ៍ ដុម ហាក់ ត្រូវបានយកទៅបញ្ចុះនៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះផងដែរ។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ ដុម ហាក់ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាព នៅវេលាម៉ោងជាង១១៖២៧នាទីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ដោយរោគាពាធ ក្នុងជន្មាយុ ៧៤ឆ្នាំនោះ ត្រូវយកទៅបញ្ចុះនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិគ្រឹះក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ (ជាប់ផែស្ងួតជិតវត្តស្លែង)។
នៅក្នុងពិធីបុណ្យសពរបស់នាយឧត្តមសេនីយ៍ ដុម ហាក់ មានប្រតិភូរបស់ក្រសួង ស្ថាប័នរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូប ក៏បានចូលរួមគោរពវិញ្ញាណក្ខន្ធសពផងដែរ។
ដោយឡែក កម្មវិធីបុណ្យសព៧ថ្ងៃ បាននិងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ នៅគេហដ្ឋានក្នុងបុរីអ័រគីដេ តាមបណ្ដោយផ្លូវ២០០៤ ក្នុងខណ្ឌសែនសុខ៕