(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី២ ក្រោមប្រធានបទ «TVET អាចធ្វើបាន» ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមសារលិខិត របស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។
ក្នុងសារលិខិត របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា «តាងនាមរាជរដ្ឋាភិបាល និងក្នុងនាម ខ្ញុំព្រះករុណាខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការចូលរួមអបអរសាទរជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត មាតាបិតាអាណាព្យាបាល និងបងប្អូនជនរួមជាតិទាំងអស់ ក្នុងឱកាសនៃការប្រារព្ធទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី២ ក្រោមប្រធានបទ «TVET អាចធ្វើបាន» នាថ្ងៃសៅរ៍ ១៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩»។
ទិវាជាតិដ៏មហោឡារិកនេះ ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយ ទៅដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជន ឲ្យបានយល់ដឹងអំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅក្នុង និងក្រៅប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដើរតួនាទីដ៏សំខាន់ចាំបាច់ ក្នុងការអភិវឌ្ឍមូលធន មនុស្សឲ្យមានចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ និងសីលធម៌វិជ្ជាជីវៈ ដែលជាកត្តាកំណត់ក្នុងការលើកកម្ពស់ផលិតភាព ភាពប្រកួតប្រជែង និងការទាក់ទាញវិនិយោគ សំដៅបន្តរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ បង្កើតការងារថ្មីកាន់តែល្អ ទទួលបានប្រាក់ចំណូលប្រសើរឡើង និងរស់នៅក្នុងភាពសុខដុមរមនា។
ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យសាធារណៈជនទូទៅ ជាពិសេសសិស្សានុសិស្ស ចូលរួមទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី២នេះ ដើម្បីទៅយកព័ត៌មានអាហារូបករណ៍ ទៅយកព័ត៌មាននូវការសិក្សា ទៅយកព័ត៌មាននូវតម្រូវការទីផ្សារការងារ ហើយទៅមើលស្ថាប័ន ក៏ដូចជាគ្រឹះស្ថាន ក្រុមហ៊ុន បង្ហាញពីខ្សែសង្វាក់ផលិតកម្ម បង្ហាញពីកម្មវិធីសិក្សា និងបង្ហាញពីព័ត៌មានផ្សេងៗ នៅទីនោះ។
សូមជម្រាបថា ទិវាជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ រៀបចំធ្វើឡើង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៩ នៅមជ្ឍមណ្ឌលពិពណ៌កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៨យប់៕