(សៀមរាប)៖ ក្នុងឱកាសផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន អំពីគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា អាយស៊ីស៊ី-អង្គរ ដំណើរការយ៉ាងល្អប្រសើរ និងជាគំរូសម្រាប់ពិភពលោក រយៈពេល២៥ឆ្នាំមកហើយ។
លោកស្រីបានបន្តថា ដំណើរការរបស់អាយស៊ីស៊ី-អង្គរ រយៈពេល២៥ឆ្នាំមកនេះ ក៏ជាជាជោគជ័យយ៉ាងត្រចះត្រចង់នៃយន្តការអន្តរជាតិមួយ ដែលមានការចូលរួមពីអង្គការយូណេស្កូ ប្រទេសបារាំង ប្រទេសជប៉ុន រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអន្តរជាតិជាច្រើនទៀត។
បើតាមលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ ឆន្ទៈដ៏មោះមុត និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាបេតិកភណ្ឌវប្បធម៌ឱ្យបានគង់វង្ស ព្រមទាំងការចូលរួមដោយផ្ទាល់ របស់អង្គព្រះមហាក្សត្រ ដែលព្រះអង្គគង់ជាព្រះប្រធានកិត្តិយសនៃអាយស៊ីស៊ី-អង្គរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាការចូលរួមយ៉ាងសំខាន់ ដែលជំរុញឱ្យអាយស៊ីស៊ី-អង្គរ ទទួលជោគជ័យយ៉ាងត្រចះត្រចង់។
លោកស្រីរដ្ឋមន្ត្រីបានបន្ថែមទៀតថា កត្តាសុខសន្តិភាពពេញលេញក្នុងផ្ទៃប្រទេស នាំមកនូវការអភិវឌ្ឍគ្រប់វិស័យ បានអនុញ្ញាតឱ្យអាយស៊ីស៊ី-អង្គរពង្រឹងខ្លួន ដើម្បីធ្វើការជាមួយអ្នកជំនាញអន្តរជាតិផង និងខ្លួនឯងផង។
ការគាំទ្រពីមហាជនទូទៅ ការយល់ដឹងពីតម្លៃបេតិកភណ្ឌជាតិ ក៏ជាចំណុចដ៏សំខាន់ក្នុងការរួមចំណែកបង្កើតភាពជោគជ័យនេះ។ កត្តាជោគជ័យមួយទៀត គឺការពង្រីក និងពង្រឹងសមត្ថភាព ចំណេះដឹង ចំណេះធ្វើរបស់អ្នកជំនាញជាតិ។
បច្ចុប្បន្នអ្នកជំនាញខ្មែរ ពិសេសអ្នកជំនាញវ័យក្មេងមានសមត្ថភាព ក្នុងការបំពេញការងារបានយ៉ាងល្អប្រសើរ និងពង្រឹងសមត្ថភាពខ្លួនបន្ថែម ព្រោះថាបើអាយស៊ីស៊ី-អង្គរមិនរឹងមាំ អាយស៊ីស៊ី-អង្គរក៏មិនអាចសហការជាមួយស្ថាប័នខាងក្រៅបានឡើយ។ ជាក់ស្តែង អ្នកជំនាញខ្មែរកំពុងតែបានដឹកនាំ និងអនុវត្តដោយផ្ទាល់នូវគម្រោងជួសជុលយ៉ាងច្រើន ក្នុងរមណីយដ្ឋានអង្គរ៕