(ភ្នំពេញ)៖ ត្រឹមតែបីសំណួរប៉ុណ្ណោះ ធ្វើឱ្យយើងកាន់តែភ្លឺភ្នែកមើលឃើញថាក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនក្នុងស្រុកនាំមុខគេ ក្នុងវិស័យផលិតស្រាបៀរ និងភេសជ្ជៈមានចក្ខុវិស័យវែងឆ្ងាយ ស៊ីជម្រៅដល់កម្រិតណា។
លោក លាង ពៅ (ភីធើរ) សមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឆ្លើយតបទៅនឹងសំណួរទាំងបី ទៅកាន់អ្នកយកព័ត៌មានក្នុងឱកាសទទួលស្វាគមន៍ អ្នកជំនាញក្នុងវិស័យផលិតស្រាបៀរ និងភេសជ្ជៈមកពី១០ប្រទេសជុំវិញពិភពលោក ដែលបានមកធ្វើទស្សនកិច្ចនៅរោងចក្រ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះដូចខាងក្រោម៖
១៖ តើអ្វីទៅជាចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស?
លោកបានថ្លែងថា «ក្នុងនាមជាក្រុមហ៊ុនកូនខ្មែរពិតប្រាកដ១០០% យើងប្តេជ្ញាចិត្តធ្វើឱ្យក្រុមហ៊ុនក្នុងស្រុកមួយនេះ ក្លាយទៅជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈនាំមុខគេ ដែលបង្កើតផលិតផល ដែលមានគុណភាពខ្ពស់ សេវាកម្មឈានមុខគេ និងមានទំនួលខុសត្រូវចំពោះបរិស្ថាននិងសង្គម។ យើងតែងតែខិតខំប្រឹងប្រែងសម្រិតសម្រាំង បង្កើតផលិតផលស្រាបៀរ និងភេសជ្ជៈគ្រប់មុខ ដែលមានគុណភាពខ្ពស់ ហើយក្លាយជាផលិតផលជម្រើសទីមួយ សម្រាប់ប្រជាពលរដ្ឋកម្ពុជា គ្រប់ឱកាសទាំងអស់ «ផលិតផលខ្មែរ សម្រាប់ប្រជាពលរដ្ឋខ្មែរ»។ បន្ថែមលើនេះទៅទៀត ខណៈដែលក្រុមហ៊ុនយើងរីកចម្រើន យើងតែងតែបរិច្ចាគទៅសង្គមវិញ។
ការបង្កើតរោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដ៏ធំនៅក្នុងតំបន់ជើងឯកដែលជាអតីតវាលពិឃាដក្នុងសម័យខ្មែរក្រហម ប្រែក្លាយតំបន់ជាយក្រុងមួយនេះ ទៅជាតំបន់ឧស្សាហកម្ម និងពាណិជ្ជកម្មដ៏ធំ និងដ៏សំខាន់មួយនៅក្នុងប្រទេស។ រោងចក្ររបស់យើង កំពុងផ្តល់ឱកាសការងារ ដល់ប្រជាពលរដ្ឋកម្ពុជា ដោយផ្ទាល់ជិត១០០០នាក់ និងរាប់សែននាក់ ដោយប្រយ៉ោលក្នុងពេលបច្ចុប្បន្ន។
រោងចក្រយើង ប្រើប្រាស់គ្រឿងចក្រ និងបច្ចេកវិទ្យាទំនើប មិនប៉ះពាល់ដល់បរិស្ថាន ដូចជាការផ្តោតលើការប្រើប្រាស់ប្រព័ន្ធទាញយកថាមពលមកប្រើប្រាស់ឡើងវិញ យើងមានរោងចក្រសម្អាតទឹកកខ្វក់ដ៏ទំនើប ហើយយើងកំពុងរៀបចំដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ដើម្បីផ្គត់ផ្គង់ថាមពលដល់រោងចក្រយើងផងដែរ។ ក្រុមហ៊ុន តែងតែគិតគូរដល់បរិស្ថានជាចម្បង ធានាយ៉ាងណាប្រតិបត្តិការរបស់រោងចក្រយើង មិនជះផលប៉ះពាល់ដល់បរិស្ថាននោះទេ។ យើងក៏ផ្តោតសំខាន់លើការងារសង្គមជាច្រើន ដូចជា ការងារកែលម្អហេដា្ឋរចនាសម្ព័ន្ធ តាមសាលានានាក្នុងខេត្តក្រុងទូទាំងប្រទេស ការប្រើប្រាស់ឡានសម្អាតផ្លូវធុនធ្ងន់៤គ្រឿង ដើម្បីទៅសម្អាតផ្លូវតាមខេត្តក្រុងទូទាំងប្រទេស ការផ្តល់អាហារូករណ៍ទៅនិស្សិតក្រីក្រ និងអាហារូបករណ៍និស្សិតឆ្នើមទូទាំងប្រទេស និងការចូលរួមក្នុងការដោះស្រាយគ្រោះមហន្តរាយនានាផងដែរ។
២៖ តើលោកមានគម្រោងអ្វីខ្លះ ដើម្បីធ្វើឱ្យសាធារណជន កាន់តែស្គាល់ពីរោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្ថែមទៀត?
លោក បានលើកឡើងថា «យើងនឹងបើកឲ្យសាធារណជន ចូលមកទស្សនាសង្វាក់ផលិតកម្មរបស់យើងដោយសេរី។ ក្រុមការងារយើង កំពុងតែរៀបចំវិធាន នៃការចុះឈ្មោះឬទំនាក់ទំនងមកយើង ដើម្បីសុំចូលមកទស្សនាសង្វាក់ផលិតកម្ម អមជាមួយការភ្លក់រសជាតិស្រាបៀរស្រស់ៗនិងភេសជ្ជៈគ្រប់មុខរបស់យើង។
លោកបញ្ជាក់ថា យើងក៏មានសាលប្រជុំដ៏ទំនើប ដែលយើងនឹងដាក់ឲ្យសាធារណជន អាចប្រើប្រាស់ដោយមិនគិតកម្រៃ ក្នុងករណីដែលពួកគាត់ប្រើប្រាស់សម្រាប់ការងារ ដែលមិនយកប្រាក់ចំណេញ។ រាល់ការប្រើប្រាស់ភេសជ្ជៈ និងទឹកពិសាក្នុងពេលដែលសាធារណជនប្រើប្រាស់សាលប្រជុំនេះ ក្រុមហ៊ុនតម្រូវឱ្យពួកគាត់ជាវផលិតផល ប៉ុន្តែប្រាក់ចំណេញ យើងនឹងទុកប្រើប្រាស់សម្រាប់ការងារសង្គមផ្សេងៗនៅជុំវិញរោងចក្រយើង។
ចំណែកនៅក្នុងអគារបដិសណ្ឋារកិច្ចរបស់យើង យើងក៏មានហាងលក់វត្ថុអនុស្សាវរីយ៍ផងដែរ។ ភ្ញៀវដែលមកទស្សនារោងចក្រយើង អាចជាវវត្ថុអនុស្សារវីយ៍ ដែលស្រស់ស្អាត និងមានគុណភាពខ្ពស់ ហើយចូលរួមចំណែក ក្នុងការបរិច្ចាគទៅកាន់សង្គមផងដែរ ដោយហេតុថា ប្រាក់ចំណេញពីការលក់វត្ថុអនុស្សាវរីយ៍នេះ ក៏នឹងត្រូវបានទុកប្រើប្រាស់ សម្រាប់ការងារសង្គមផ្សេងៗផងដែរ។ តាមពិតទៅ ក្រុមហ៊ុនបានប្រើប្រាស់ថវិការាប់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីចូលរួមចំណែកក្នុងការងារសង្គម។
ដោយឡែកយើងចង់បង្ហាញថា មិនចាំបាច់ទាល់តែមានថវិកាច្រើន ទើបយើងអាចចូលរួមការងារសង្គមនោះឡើយ យើងចង់ឲ្យអតិថិជនយើង មានអារម្មណ៍ ទោះពួកគាត់មានថវិកាបន្តិចបន្តួច ក៏ពួកគាត់អាចចូលរួមការងារសង្គមជាមួយយើងបានដែរ។ដូច្នេះហើយ ភ្ញៀវយើងអាចស្វែងយល់ពី បច្ចេកវិទ្យាផលិតស្រាបៀរ និងភេសជ្ជៈ រីករាយជាមួយភេសជ្ជៈរបស់យើង ហើយអាចចូលរួមការងារសង្គមបានទៀត។
លោកបន្ថែមថា យើងផ្តោតលើការសាងទំនុកចិត្តរបស់អតិថិជន មកលើផលិតផលយើង តាមរយៈការបើកឱ្យសាធារណជន ចូលទស្សនារោងចក្រយើង ដើម្បីសិក្សាស្វែងយល់ពីសង្វាក់ផលិតកម្ម ក៏ដូចជាឲ្យឃើញដោយផ្ទាល់ពី គ្រឿងចក្រ និងបច្ចេកវិទ្យា ដែលយើងប្រើ ដើម្បីផលិតស្រាបៀរ និងភេសជ្ជៈកម្រិតអន្តរជាតិពិតប្រាកដ មិនមែនចេះតែនិយាយ ហើយមិនហ៊ានឲ្យគេឃើញនោះទេ។
ជាងនេះទៅទៀត យើងចង់ឃើញប្រជាពលរដ្ឋកម្ពុជា ជឿជាក់លើផលិតផលខ្មែរ យើងចង់បង្ហាញថា កូនខ្មែរយើងអាចធ្វើបាន ធ្វើបានល្អ ហើយល្អជារៀងរហូត សូម្បីតែបរទេសក៏ទទួលស្គាល់គុណភាពយើង ហើយមករៀនពីយើងវិញទៀត។
៣៖ លោកបានមានប្រសាសន៍ថាក្រុមហ៊ុន កំពុងរៀបចំគម្រោងដំឡើងប្រព័ន្ធថាមពលព្រះអាទិត្យ ដើម្បីផ្គត់ផ្គង់ថាមពលសម្រាប់ដំណើរការរោងចក្រ តើលោកអាចរៀបរាប់ឱ្យបានលម្អិតបន្តិចជាងនេះ អំពីគម្រោងនេះបានទេ?
លោកបានឆ្លើយតបថា៖ ត្រឹមត្រូវណាស់ យើងកំពុងរៀបចំដំណើរការគម្រោង ជាមួយនឹងដៃគូពាណិជ្ជកម្មរបស់យើង ដែលជាអ្នកផ្គត់ផ្គង់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ដែលអាចនឹងផលិតថាមពលកម្លាំង៣មេហ្គាវ៉ាត់។ យើងជឿជាក់ថា ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ជាមធ្យោបាយមួយល្អ ក្នុងចូលរួមចំណែកលើកកម្ពស់ ការថែទាំបរិស្ថានមួយចំណែកផងដែរ។ បន្ថែមលើនេះទៅទៀត យើងនឹងរៀបចំកែច្នៃបរិវេណរោងចក្រយើង ឱ្យមានភាពបៃតងកាន់តែខ្លាំងឡើង។
លោកបន្ដថា យើងនឹងចាប់ផ្តើមកែលម្អទេសភាពក្នុងរោងចក្រ ដោយមានការដាំដើមឈើធំៗ និងរុក្ខជាតិគ្រប់មុខ ក្នុងគោលដៅបង្កើនបរិយាកាសស្រស់ស្រាយ និងស្អាតសម្រាប់បុគ្គលិក ក៏ដូចជាភ្ញៀវដែលមកទស្សនារោងចក្រ។ យើងតែងតែចង់ធ្វើឱ្យរោងចក្រឧស្សាហកម្មមួយនេះ ដំណើរការប្រកបដោយភាពបៃតង (green field)៕