(កោះកុង)៖ ដើម្បីសុខភាព និងហេដ្ឋារចនាសម្ព័ន្ធខេត្ត ក្នុងការថែរក្សាអនាម័យបរិស្ថាន និងសុខភាពប្រជាពលរដ្ឋ និងការការពារជំងឺគ្រុនឈាម លោក អន ភារៈ អភិបាលរងខេត្តកោះកុង ព្រមទាំងអាជ្ញាធរក្រុង មន្ទីរបរិស្ថាន លោកគ្រូអ្នកគ្រូសិស្សានុសិស្ស បានអញ្ជើញចុះផ្សព្វផ្សាចំណេះដឹងអប់រំយល់ដឹង ដល់អាជីវករលក់ដូរតាមសួនច្បារផ្លូវភ្លោះ និងប្រជាពលរដ្ឋរស់នៅតាមលំនៅដ្ឋាន ឲ្យត្រូវចេះរក្សាអនាម័យបរិស្ថានចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។
ការចុះប្រមូលសំរាម និងផ្សព្វផ្សាយអប់រំ ដល់អាជីវករលក់ដូរតាមសួនច្បារ និងតាមលំនៅដ្ឋាន បានធ្វើឡើង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករត្រូវចេះទុកដាក់សំរាមឲ្យបានល្អត្រឹមត្រូវ ដើម្បីហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យទេសចរណ៍ និងឱ្យមានសុខភាពល្អទាំងអ្នកលក់ និងអ្នកទិញ និងលើកកម្ពស់ឲ្យមាន សោភណ្ឌភាពមូលដ្ឋាន និងទីក្រុងស្រស់បំព្រងគួរឲ្យចង់រស់នៅ។
លោកបានបញ្ជាក់ថា ការបោះចោលសំរាមពាសវាលពាសកាលក៏រងការផាកពិន័យផងដែរ លោកក៏ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ បន្តផ្សព្វផ្សាយខ្លឹមសារ ថែរក្សាការពារបរិស្ថាន ដល់អ្នកលក់ដូរឲ្យបានជាប្រចាំ ហើយត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាទាំងអស់គ្នា និងជួយផ្សព្វផ្សាយបន្តដើម្បីខេត្ត ក្នុងការទាក់ទាញផ្នែកវិស័យទេសចរណ៍៕