(ភ្នំពេញ)៖ ទោះបីព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រ ដែលប្រជាជនកម្ពុជា នាំគ្នាបរិភោគនំបញ្ចុក កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នោះ កន្លងផុតទៅក៏ដោយ ប៉ុន្តែការជួបជុំហូបនំបញ្ចុកសាមគ្គ និងឯកភាពជាតិ មិនទាន់បញ្ចប់នោះទេ។
នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញ លោកស្រី លឹម ម៉ារីណា ម្ចាស់ក្លឹបកម្សាន្តអេហ្ស៊ីប បានជួបជុំបុគ្គលិកនៃក្លឹបកម្សាន្តអេហ្ស៊ីប ទទួលទាននំបញ្ចុកតេជោសន្តិភាព បង្ហាញពីការស្រឡាញ់រាប់អានគ្នា និងពង្រឹងសាមគ្គីភាពរវាងគ្នានឹងគ្នា ឱ្យកាន់តែល្អប្រសើរឡើង។
លោកស្រី បានថ្លែងថា នៅពេលដែលយើងហូបនំបញ្ចុក គឺយើងនឹកទៅដល់មិត្តភាព សាមគ្គីភាពការស្រឡាញ់រាប់អាន និងឯកភាពជាតិយើង នៅក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
លោកស្រី លឹម ម៉ារីណា បានបន្តថា យើងហូបនំបញ្ចុកជាមួយគ្នាថ្ងៃនេះ ក៏ជាផ្នែកមួយដើម្បីខ្មែរយើងកាន់តែរឹងមាំ ដើម្បីយើងរួមគ្នាកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែចម្រើនរុងរឿង។
លោកស្រីបានបញ្ជាក់ថា ក្លឹបអេហ្ស៊ីប បានបង្កើតឡើងមិនពឹងទាំងស្រុងតែទៅលើប្រាក់ចំណេញឡើយ គឺគោលដៅធំ ដើម្បីផ្តល់ការងារដល់បុគ្គលិក ដែលបំពេញការងារនៅទីនេះ និងដើម្បីផ្តល់ការកម្សាន្តសប្បាយដល់ប្រជាពលរដ្ឋ ក្រោយពេលសម្រាកពីការងារ ក្រោមម្លប់នៃសុខសន្តិភាព៕