(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ពីនីតិវិធីកែតម្រូវវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិចំណេះទូទៅ និងបំពេញវិជ្ជា ដោយកន្លងមកក្រសួងតែងសង្កេតឃើញថា មានបេក្ខជនមួយចំនួន មកដាក់ពាក្យសុំកែតម្រូវវិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាបឋមភូមិចំណេះទូទៅ និងបំពេញវិជ្ជា ដើម្បីត្រៀមដាក់ពាក្យសុំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយការដាក់ពាក្យសុំនេះ ពុំទាន់មានសង្គតិភាពគ្នានៅឡើយ។
បើតាមសេចក្តីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឱ្យដឹងថា ដើម្បីធានាបាននូវគោលការណ៍ច្បាប់ និងការឯកភាពនៅទូទាំងប្រទេស សម្រាប់ការកែតម្រូវវិញ្ញាបនបត្រ បណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិចំណេះទូទៅ និងបំពេញវិជ្ជា ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដូចខាងក្រោម៖
ទី១៖ ការកែតម្រូវព័ត៌មាន (ឈ្មោះសាម៉ីជន ឬឪពុក ឬម្តាយ ភេទ ថ្ងៃ ខែ ឆ្នាំកំណើត កន្លែងកំណើត)
* សាមីខ្លួន ត្រូវដាក់ពាក្យសុំកែតម្រូវមកនាយកដ្ឋានកិច្ចការប្រឡង នៃក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគ្រឹះស្ថានសិក្សា និងមន្ទីរអប់រំ យុវជន និងកីឡាសាម៉ី
* ភ្ជាប់មកជាមួយនូវវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិចំណេះទូទៅ និងបំពេញវិជ្ជា (ច្បាប់ដើម) ១ច្បាប់ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ១ច្បាប់ (ច្បាប់ថតចម្លងដែលមានបញ្ជាក់ភាពត្រឹមត្រូវ តាមច្បាប់ដើមដោយនាយក នាយិកាសាលា)។
ទី២៖ ការកែតម្រូវឈ្មោះទាំងស្រុង
* សាមីខ្លួនត្រូវដាក់ពាក្យសុំកែតម្រូវមកនាយកដ្ឋានកិច្ចការប្រឡង នៃក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគ្រឹះស្ថានសិក្សា និងមន្ទីរអប់រំ យុវជន និងកីឡាសាម៉ី
* ភ្ជាប់មកជាមួយនូវវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិចំណេះទូទៅ និងបំពេញវិជ្ជា (ច្បាប់ដើម) ច្បាប់ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ១ច្បាប់ (ច្បាប់ថតចម្លងដែលមានបញ្ជាក់ ភាពត្រឹមត្រូវតាមច្បាប់ដើមដោយ នាយក នាយិកាសាលា)
* ភ្ជាប់មកជាមួយនូវសេចក្តីសម្រេច ឬសាលក្រមតុលាការអនុញ្ញាតឱ្យកែតម្រូវ ឬបញ្ជាក់ថាជាមនុស្សតែម្នាក់១ច្បាប់ (ច្បាប់ថតចម្លងមានធ្វើនីត្យានុកូលកម្ម)។
សូមបញ្ជាក់ «ការដាក់ពាក្យស្នើសុំកែតម្រូវនេះ ត្រូវធ្វើឱ្យបានមុនកាលបរិច្ឆេទកំណត់ នៃការដាក់ពាក្យសុំចុះឈ្មោះប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិរៀងរាល់ឆ្នាំ និងមិនតម្រូវឱ្យសាមីខ្លួនបង់កម្រៃសេវាឡើយ នាយក នាយិកា ត្រវផ្សាយ និងផ្សព្វផ្សាយជាសាធារណៈ ឱ្យបានទូលំទូលាយ នៅតាមគ្រឹះស្ថានសិក្សារៀងៗខ្លួន»៕