(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមិថុនានេះ យើងប្រារព្ធទិវាជាតិនៃប្រទេសរុស្ស៊ី ដែលតំណាងការរួបរួមនៃប្រទេសរបស់យើង និងបង្ហាញអំពីតម្លៃដែលយើងស្រឡាញ់ជាទីបំផុត។ ថ្ងៃនេះប្រជាជនរុស្ស៊ីរំលឹកពីអតីតកាលដ៏រុងរឿងរបស់ខ្លួន ដែលបានត្រួសត្រាយផ្លូវ ធ្វើឱ្យប្រទេសមានជំហររឹងមាំ ក្នុងពេលបច្ចុប្បន្ន និងអាចឲ្យយើងប្រឈមមុខ នឹងអនាគតដោយមានទំនុកចិត្ត។
សហព័ន្ធរុស្ស៊ី បន្តការអភិវឌ្ឍប្រកបដោយតុល្យភាពរបស់ខ្លួន ដោយសង្កត់ធ្ងន់លើអភិបាលកិច្ចល្អ និងការការពារស្ថិរភាពហិរញ្ញវត្ថុ ដោយលើកកម្ពស់បរិយាកាស វិនិយោគ និង ពង្រីកទំនាក់ទំនងពាណិជ្ជកម្ម។ មហិច្ឆតានៃគម្រោងជាច្រើនក្នុងវិស័យផ្សេងៗ កំពុងត្រូវបានអនុវត្តកាលពីឆ្នាំមុន យើងបានបញ្ចប់ការសាងសង់ស្ពាន គ្រីមាន ដែលតភ្ជាប់ឧបទ្វីបនេះទៅដីគោក ហើយបានទទួលជោគជ័យ ក្នុងការរៀបចំកម្មវិធី FIFA World Cup ដែលទស្សនិកជនបានរីករាយ និងបដិសណ្ឋារកិច្ច និងបានឃើញ ទំនើបភារូបនីយកម្មនៃប្រទេសរុស្ស៊ី នាពេលបច្ចុប្បន្ន - ជាប្រទេសថាមវន្ត ច្នៃប្រឌិត និងបើកចំហរដល់ពិភពលោក។
វឌ្ឍនភាពនៃសង្គមរបស់យើង រួមចំណែកដោយភាពឈ្លាសវៃក្នុងគោលនយោបាយការបរទេស និងមាននិរន្តភាព ក្នុងគោលបំណងថែរក្សាប្រព័ន្ធទំនាក់ទំនងអន្តរជាតិ ដោយផ្អែកលើគោលការណ៍សំខាន់ៗនៃច្បាប់អន្តរជាតិ ការមិនរំលោភ លើអធិបតេយ្យភាពរបស់រដ្ឋ ការគោរពគ្នាទៅវិញទៅមក បានរួមគ្នាធានាសណ្តាប់ធ្នាប់សហគមន៍ពិភពលោកមួយ អាចទុកចិត្តបាននិងអាចព្យាករណ៍បាន។
វិធីសាស្រ្តនេះដែលយើងចែករំលែកជាមួយប្រទេសកម្ពុជា ដែលជាមិត្តជិតស្និទ្ធរបស់រុស្ស៊ី អស់ជាច្រើនទសវត្សមកហើយ។ នៅពេលដែលប្រទេសមហាអំណាចមួយចំនួន កំពុងតែព្យាយាមជំរុញគំនិត ដែលធ្វើឱ្យខូចប្រយោជន៍អន្តរជាតិ ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន នៅពេលដែលអំពើជ្រុលនិយម និងអំពើភេរវកម្មកំពុងតែកើនឡើង ដើម្បីរារាំងសន្តិភាព និងស្ថេរភាពក្នុងតំបន់ និងទូទាំងពិភពលោក នៅពេលក្រុមដែលមានគំនិតមិនត្រឹមត្រូវ កំពុងព្យាយាមផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមរយៈ «បដិវត្តន៍ពណ៌» ស្ថិតនៅក្រោមបដានៃ «បំណងល្អ» យើងពិតជាឱ្យតម្លៃចំពោះដៃគូដែលជឿទុកចិត្ត និងអាចពឹងពាក់បានដូចជា ប្រទេសកម្ពុជា ដែលមានមូលដ្ឋានរួមគ្នាប្រឆាំង នឹងនិន្នាការមិនល្អទាំងនេះ។
ដូច្នេះវានាំឱ្យខ្ញុំរីករាយ និងពេញចិត្តក្នុងការបន្តការអភិវឌ្ឍ ទំនាក់ទំនងទ្វេភាគីរបស់យើងនៅលើមូលដ្ឋាន ដូចដែលបានបង្កើតឡើងកាលពី៦៣ឆ្នាំមុន ការគោរពគ្នាទៅវិញទៅមក និងការយោគយល់ ការជឿទុកចិត្តនិងការគាំទ្រ - ទាំងនេះមិនមែនគ្រាន់តែជាពាក្យសាមញ្ញប៉ុណ្ណោះទេ ប៉ុន្ដែជាគោលការណ៍មិនផ្លាស់ប្តូរ នៃទំនាក់ទំនងរបស់យើង ដែលនៅតែមានជាដរាប។
ប្រវត្តិសាស្រ្តនៃទំនាក់ទំនងនេះ អាចមើលឃើញនៅពាក់កណ្តាលសតវត្សទី២០ នៅក្រោមការគ្រប់គ្រងរបស់ព្រះបាទ នរោត្តម សីហនុ នៅពេលសហភាពសូវៀត បានជួយកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវការជាចាំបាច់ បន្ទាប់ពីទទួលបានឯករាជ្យពីអាណានិគម។ ទីក្រុងម៉ូស្គូបានផ្តល់ជំនួយជាថ្មីម្តងទៀត នៅចុងទសវត្សរ៍ឆ្នាំ១៩៧០ និងឆ្នាំ ១៩៨០ ដើម្បីគាំទ្រប្រជាជាតិខ្មែរ ដែលទើបរួចផុតពីភាពភ័យរន្ធត់នៃរបបប្រល័យពូជសាសន៍ប៉ុលពត។ ក្រៅពីការជួសជុលផ្លូវថ្នល់ ផលិតកម្មសម្ភារៈបរិក្ខារ មន្ទីរពេទ្យ និងសាលារៀន សហភាពសូវៀតបានស្វាគមន៍យុវជនកម្ពុជា រាប់ពាន់នាក់ ទៅរៀនក្នុងសាកលវិទ្យាល័យ ដែលក្រោយមកបានអនុវត្តចំណេះដឹងដើម្បីបម្រើប្រទេសរបស់ខ្លួន និង ពង្រឹងសេដ្ឋកិច្ចជាតិ សក្តានុពលការពារជាតិ និងផ្លាស់ប្តូរជីវភាពរបស់ជនរួមជាតិរាប់លាននាក់ ឱ្យកាន់តែប្រសើរឡើង។ ក្នុងអំឡុងពេលនោះ ខ្ញុំខ្លួនឯងមានសំណាងបានជួប និស្សិតជាច្រើន កំពុងបន្តការសិក្សារបស់ពួកគេដោយដឹងថា ជោគជ័យនៅក្នុងថ្នាក់រៀន នឹងត្រូវបានបំលែងទៅជាការកសាងប្រទេសកម្ពុជា ដោយសន្តិភាព និង រីកចម្រើនដែលប្រជាជន អាចរីករាយជាមួយនឹងស្ថិរភាព និងកំណើនសេដ្ឋកិច្ច។
យើងបន្តផ្តល់តម្លៃដល់ចំណងមិត្តភាពរបស់យើង៖ វាជាការពិតណាស់ក្នុងការនិយាយថា នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតមើលមានការចាប់ផ្តើមឡើងវិញ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីគឺកម្រិតអន្តរកម្មឥឡូវនេះគឺខ្ពស់បំផុត ចាប់តាំងពីការដួលរលំនៃសហភាពសូវៀត ហើយកិច្ចសហប្រតិបត្តិការនេះ នៅតែរក្សាការរីកចម្រើនបន្តទៀត។ កាលពីឆ្នាំមុនបានឃើញការបន្តនិន្នាការ ដែលបានកំណត់នៅឆ្នាំ២០១៥-២០១៦ នាយករដ្ឋមន្ត្រីរុស្ស៊ី ឌ្មីទ្រី មេដ្វេដេវ ជាមេដឹកនាំក្នុងចំនោមមេដឹកនាំដំបូងៗ ដែលអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើជោគជ័យដ៏ធំធេង នៅក្នុងការបោះឆ្នោតសភាជាតិ តែពីរបីខែមុនពេលកិច្ចពិភាក្សារបស់ពួកគាត់ ក្នុងអំឡុងកិច្ចប្រជុំកំពូល ASEM នៅទីក្រុងព្រូសែល នៅខែតុលា ឆ្នាំ២០១៨។ កិច្ចប្រជុំមួយទៀត រវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រធានាធិបតី វ្លាឌីមៀរ ពូទីន នៅប្រទេសសឹង្ហបុរី នៅខាងក្រៅកិច្ចប្រជុំកំពូល រុស្ស៊ី - អាស៊ាន (វិច្ឆិកា ២០១៨) បានពង្រឹងការអនុវត្តន៍ទំនាក់ទំនងជាទៀងទាត់។
ការអភិវឌ្ឍមូលដ្ឋានច្បាប់ទ្វេភាគី៖ ៦ឯកសារទ្វេភាគី ត្រូវបានចុះហត្ថលេខា កាលពីឆ្នាំមុន ដែលធ្វើឱ្យមានចំនួនសរុប៤៥ ចាប់តាំងពីឆ្នាំ២០១៥។ ទំនាក់ទំនងសេដ្ឋកិច្ច គឺជាវិស័យសំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការ។ ទោះបីជាការពិតដែលថា ពាណិជ្ជកម្មទ្វេភាគី បានកើនឡើង ២១,៥ភាគរយ ក៏ដោយវាច្បាស់ណាស់ថា បរិមាណពាណិជ្ជកម្ម នាពេលបច្ចុប្បន្ន មិនទាន់មានសក្តានុពលពេញលេញនៅឡើយ។ ដូច្នេះការយកចិត្តទុកដាក់ជាពិសេសទៅលើបញ្ហានេះ ទោះបីជាយន្តការនៃគណៈកម្មការអន្តររដ្ឋាភិបាល រុស្ស៊ី - កម្ពុជា នៃកិច្ចសហប្រតិបត្តិការទៅលើ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ (IRCC) ដែលសហការដោយ, លោក ឌ្មីទ្រី កូបីលគីន រដ្ឋមន្រ្តីធនធានធម្មជាតិ និងបរិស្ថាននៃ សហព័ន្ធរុស្ស៊ី និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបប្រជុំនៅ ខែមករា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។
កិច្ចចរចានេះបានបង្ហាញពីចំណាប់អារម្មណ៍ចម្បងរបស់សេដ្ឋកិច្ចរុស្ស៊ី ក្នុងការវិនិយោគ នៅក្នុងប្រទេសកម្ពុជា និងការចាប់ផ្តើមគម្រោងរួមគ្នា នៅក្នុងវិស័យថាមពល (រួមទាំងការរុករក និងការស្រង់យកភូគព្ភសាស្រ្ត) ការដឹកជញ្ជូន ការកសាង និងជួសជុលម៉ាស៊ីន កសិកម្ម ទេសចរណ៍។ល។ យើងត្រូវធ្វើការយ៉ាងសកម្មក្នុងទម្រង់ IRCC ដើម្បីរួមបញ្ចូលគំនិតទាំងនេះ និងឲ្យវាក្លាយជាការពិត នាពេលអនាគត។
ជាមួយនឹងការអភិវឌ្ឍពាណិជ្ជកម្មបន្តិចម្តងៗ ទ្រង់ទ្រាយនៃទំនាក់ទំនងពហុភាគីក៏កំពុងតែទទួលបានសន្ទុះ។ ស្របតាមអនុស្សរណៈ នៃការយោគយល់គ្នា រវាងគណៈកម្មការ សេដ្ឋកិច្ច អ៊ឺរ៉ាស៊ាន និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១៦ នាសម័យប្រជុំលើកទី២ នៃក្រុមការងាររួម «សហភាពសេដ្ឋកិច្ចអ៊ឺរ៉ាស៊ាន និងកម្ពុជា» ដែលប្រារព្ធឡើងនៅប្រទេសរុស្ស៊ីក្នុង ខែឧសភា ឆ្នាំ២០១៨ ប៉ារ៉ាម៉ែត្រនៃការធ្វើសមាហរណកម្ម ដែលអាចធ្វើទៅបាន នៅក្នុងទីផ្សារដ៏ធំមួយដែលត្រូវបានរចនាឡើង ដើម្បីតភ្ជាប់តំបន់អ៊ឺរ៉ាស៊ាន និងអាស៊ីប៉ាស៊ីភិចត្រូវបានពិភាក្សា (សព្វថ្ងៃ EAEU ភ្ជាប់សេដ្ឋកិច្ចរបស់ប្រទេសអារមេនី បេឡារុស កាហ្សាក់ស្ថាន គូរីស្ថាន និងរុស្ស៊ី)។ ភាគីទាំងអស់ បានព្រមព្រៀងគ្នារក្សាកិច្ចសន្ទនានេះ និងជួបគ្នាម្តងទៀតក្នុងឆ្នាំ២០១៩។
ទំហំវិមជ្ឈការអន្តរសភា នៃកិច្ចសហប្រតិបត្តិការនៅតែជាផ្នែកចាំបាច់នៃកិច្ចសន្ទនារបស់យើង។ សមាជិកសភារុស្ស៊ីនិងកម្ពុជា បានប្រាស្រ័យទាក់ទងគ្នា នៅក្រៅវេទិកាអន្តរជាតិជាច្រើន ដែលមានដូចជា មហាសន្និបាត សហភាពអន្តរសភា រុស្ស៊ីបានរៀបចំវេទិកា ស្ត្រីអ៉ីរ៉ាស៊ាន លើកទី២ សន្និសីទ «តួនាទីរបស់សមាជិកសភា ក្នុងពិភពលោក នាពេលបច្ចុប្បន្ន» (ខួបលើកទី២៥ នៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី សភាជាន់ខ្ពស់)។ គណៈប្រតិភូតំណាងរុស្ស៊ី ដែលដឹកនាំដោយ ឯកឧត្តម អីលីយ៉ាស អូមាខាន់ណូវ អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ បានចូលរួមក្នុងវេទិកាសភា អាស៊ី - ប៉ាស៊ីហ្វិក ដែលរៀបចំយ៉ាងល្អប្រណិត និងក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលបានធ្វើនៅ ខេត្តសៀមរាប ខែមករា ឆ្នាំ២០១៩។ ដែលតំណាងរាស្ត្ររបស់យើងមានឱកាស ទៅជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន និងជួបប្រធានសភាទាំងពីរ សម្តេច វិបុលសេនាភក្តី សាយ ឈុំ និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ក្រោមការដឹកនាំរបស់អនុប្រធានទី២ នៃព្រឹទ្ធសភា ឯកឧត្តម ទេព ងន ទៅកាន់វេទិកាអន្ដរជាតិលើកទី២ «ការអភិវឌ្ឍន៏រដ្ឋសភា» ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងម៉ូស្គូ នៅខែកក្កដាឆ្នាំនេះ ពិតជានឹងរួមចំណែកដល់គំរូវិជ្ជមាននេះ។
គួរឱ្យកត់សម្គាល់ថា ការជំរុញបន្ថែមទៀត ត្រូវបានធ្វើក្នុងការសន្ទនាអន្តរកម្ម ដោយផ្អែកលើកិច្ចព្រមព្រៀងពាក់ព័ន្ធ ដែលបានចុះហត្ថលេខា រវាងគណបក្សនយោបាយរុស្ស៊ី «រុស្សីរួបរួម» និង គណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០១៦។ ទំនាក់ទំនងជិតស្និទ្ធរបស់អ្នកតំណាងនៃគណបក្ស «រុស្ស៊ីរួបរួម» និង គណបក្សប្រជាជនកម្ពុជា បានពេញចិត្ត ក្នុងការចាប់ផ្តើមជាផ្លូវការនៃ ACC នៃសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយអាស៊ីនៅដើមឆ្នាំនេះ។
និន្នាការនៃការពង្រីកកិច្ចសហប្រតិបត្តិការមនុស្សធម៌នៅតែបន្ត ជាពិសេសនៅក្នុងវិស័យអប់រំ គោលនយោបាយ យុវជន និងវប្បធម៌។ ជារៀងរាល់ឆ្នាំ និស្សិតកម្ពុជាកាន់តែច្រើន ទទួលបានអាហារូបករណ៍ និងការធ្វើដំណើរទៅសិក្សា នៅសាកលវិទ្យាល័យរបស់យើង។ លើសពីនេះទៀត ការបង្កើតការសន្ទនាដោយផ្ទាល់រវាងវិទ្យាល័យការទូតឈានមុខ នៃប្រទេសរបស់យើង - វិទ្យាស្ថានជាតិ ទទួលបន្ទុក ទំនាក់ទំនងអន្តរជាតិម៉ូស្គូ (MGIMO) និងវិទ្យាស្ថានជាតិនៃទំនាក់ទំនងការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) និងការចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់ គឺជាជំហានសំខាន់មួយទៀត ក្នុងវិស័យនេះដែលអនុញ្ញាតឱ្យមានការផ្លាស់ប្តូរបទពិសោធន៏ ក្នុងការរៀបចំអ្នកការទូត ដែលមានជំនាញវិជ្ជាជីវៈ សម្រាប់អាជីពរបស់ខ្លួននៅក្នុងក្រសួងការបរទេស។
ចំពោះគោលនយោបាយយុវវ័យ គួរឲ្យកត់សម្គាល់ថា ការចូលរួមដ៏មានតម្លៃរបស់គណៈប្រតិភូកម្ពុជា នៅមហោស្រពពិភពលោកលើកទី១៩ នៃយុវជននិងនិស្សិត (នៅស៊ូឈី ខែតុលាឆ្នាំ២០១៧) បានការទទួលស្គាល់ដ៏អស្ចារ្យពីអ្នករៀបចំកម្មវិធីដោយមេដាយមួយ ដែលត្រូវបានបង្កើតឡើងដោយ ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ត្រូវបានផ្តល់ទៅឱ្យ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ អប់រំយុវជន កីឡា កិច្ចការវប្បធម៌ និងទេសចរណ៍ របស់រដ្ឋសភា និង ជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា។
ការរៀបចំនាពេលថ្មីៗនេះ នៃទិវាវប្បធម៌កម្ពុជា នៅទីក្រុងម៉ូស្គូ ជាការកត់សម្គាល់ក្នុងទំនាក់ទំនងវប្បធម៌ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា នឹងរំលឹកឡើងវិញនូវភាពជោគជ័យឆ្នាំ ២០១៦ នៃថ្ងៃនៃវប្បធម៌រុស្ស៊ីនៅឆ្នាំនេះ។
ចាប់តាំងពីប្រទេសកម្ពុជាកំពុងក្លាយជា ទិសដៅទាក់ទាញ សម្រាប់ភ្ញៀវទេសចររុស្ស៊ី ដោយសារតែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍យ៉ាងឆាប់រហ័ស យើងមានទស្សនៈ ជាវិជ្ជមាន ចំពោះកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនេះ រួមទាំងការបើកជើងហោះហើរត្រង់ រវាងប្រទេសយើងទាំងពីរ។ ដោយរក្សានូវភាពស្និទ្ធស្នាលជាមួយគ្នា អស់ជាច្រើនទសវត្សមកហើយ ទីក្រុងម៉ូស្គូនៅតែបន្តគាំទ្រ ដល់ការថែរក្សានិងលើកកម្ពស់និមិត្តរូបពិត គឺមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ នៅឆ្នាំនេះការសិក្សាលទ្ធភាព លើការស្តារឡើងវិញនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវបានបញ្ចប់ហើយ យើងរំពឹងថា នឹងអនុវត្តបន្ថែមទៀតនូវគម្រោងដ៏គួរឱ្យចាប់អារម្មណ៍នេះ។
ខ្ញុំជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងរវាងរុស្ស៊ី និងកម្ពុជា នឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត និងធ្វើឲ្យមានផលប្រយោជន៍រួមជាច្រើនទៀត។ សាមគ្គីភាពរបស់យើង ក្នុងការដោះស្រាយបញ្ហាអន្តរជាតិ ដែលកំពុងប្រឈមបទពិសោធដ៏រឹងមាំ នៅក្នុងកិច្ចពិភាក្សាទ្វេភាគី ការពន្លឿនការទាក់ទង គ្រប់កម្រិតលើវេទិកាផ្សេងៗគ្នា ការយល់ដឹងពីគ្នាទៅវិញទៅមកយ៉ាងច្បាស់ និងវិធីសាស្រ្តគោរពគ្នាទៅវិញទៅមក នឹងនាំយើងទៅរកសមិទ្ធផលធំៗទាំងក្នុងប្រទេសយើង និងទូទាំងពិភពលោក។
ដោយ៖ ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្សីប្រចាំប្រទេសកម្ពុជា ឌីមីទ្រីយ ស្វេត្តហ្វ Dmitry Tsvetkov