(ភ្នំពេញ)៖ លោក ហាក់ សុភឿន បុគ្គលិកបម្រើការងារនៅនាយកដ្ឋានព័ត៌មាន នៃស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិអប្សរាដ៏ឆ្នើមមួយរូប បានទទួលមរណភាពនាវេលាម៉ោង ៦៖៣០នាទី ល្ងាចនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងជន្មាយុ៥០ឆ្នាំ ដោយរោគាពាធ។

នៅចំពោះមុខមរណភាពនេះ ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាទាំងអស់ មានសេចក្តីសោកស្តាយអាឡោះអាល័យឥតឧបមា ចំពោះការបាត់បង់ធនធានមនុស្សដ៏មានតម្លៃ បម្រើឱ្យជាតិមាតុភូមិ ការបាត់បង់នេះមិនអាចជួបគ្នាជារៀងរហូត។

ការបាត់បង់លោក ហាក់ សុភឿន ដែលនឹកស្មានមិនដល់នាពេលនេះ ជាការបាត់បង់បុគ្គលិក បាត់បង់ស្វាមី បាត់បង់ឪពុកដ៏ល្អម្នាក់។

ថ្នាក់ដឹកនាំវិទ្យុ និងទូរទស្សន៍អប្សរា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព សាច់ញាតិ ព្រមទាំងកូនចៅទាំងអស់ និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោក ហាក់ សុភឿន សូមបានទៅកាន់សុគតិភពកុំបីអាក់ខានឡើយ។

សូមជម្រាបថា លោក ហាក់ សុភឿន បានចូលបម្រើការងារនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ចាប់តាំងពីឆ្នាំ១៩៩៦ រហូតដល់បច្ចុប្បន្ន ហើយលោកបានបន្សល់ទុកស្នាដៃជាច្រើន ជាពិសេសក្នុងការចូលរួមផ្សព្វផ្សាយព័ត៌មានជូនប្រជាជនកម្ពុជា តាំងពីទស្សវត្សឆ្នាំ១៩៩០មកម្ល៉េះ។
ដំណឹងនេះចាត់ទុកជាការអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី នាង កញ្ញា ចូលរួមរំលែកទុកដ៏ក្រៀមក្រំជាមួយគ្រួសារនៃសព ដែលតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើតលោក ហាក់ សុភឿន ស្ថិតនៅស្រុកបាធាយ ខេត្តកំពង់ចាម៕