(ជីងដាវ)៖ ក្នុងឱកាសចូលរួមវេទិកាបូអាវ ស្តីពីសុខភាពសាកល (Boao Global Health Forum) នៅក្រុងជីងដាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានឡើងថ្លែងសុន្ទរកថា។

វេទិកានេះត្រូវបានបើកជាផ្លូវការក្រោមអធិតីភាព លោកស្រីឧបនាយករដ្ឋមន្រ្តីសាធារណរដ្ឋប្រជាមានិតចិន និងមានប្រតិភូ មកពី៥៥ប្រទេសចូលរួម ដែលក្នុងមានអតីតនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តី អតីតរដ្ឋមន្រ្តី ព្រមទាំងតំណាងអង្គការសុខភាពពិភពលោក និងអង្គការអន្តរជាតិនានា សរុបជាង៨០០នាក់។

ក្នុងឱកាសនោះ រដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាជាផ្លូវការ ដោយគូសបញ្ជាក់ជូនអង្គពិធីទាំងមូលថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា វិស័យសុខាភិបាល សម្រេចបាននូវសមិទ្ធិផលធំៗជាច្រើន ជាពិសេស គឺការសម្រេចគោលដៅសហសវត្ស ទី៤ ទី៥ និងទី៦ មុនកាលកំណត់។

ជាមួយគ្នានោះ រដ្ឋមន្រ្តី ម៉ម ប៊ុនហេង ក៏បានចែករំលែកនូវបទពិសោធន៍ វឌ្ឍនភាពនៃការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា និងទស្សនៈវិស័យ ក្នុងការសម្រេចឱ្យបានគោលដៅអភិវឌ្ឍប្រកបដោយចិរភាព និងឈានទៅសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសាកល តាមរយៈការអនុវត្តនូវយុទ្ធសាស្រ្តមួយចំនួន ដូចជា មូលនិធិសមធម៌ ក្របខណ្ឌ័គោលនយោបាយគាំពារសង្គម ២០១៦-២០២៥ និងកម្មវិធីជំនួយហិរញ្ញវត្ថុបន្ថែមដល់ស្រ្តីមានផ្ទៃពោះ។

ទន្ទឹមនឹងនោះ លោកសាស្រ្តាចារ្យ ក៏បានចែករំលែកនូវចំនុចពិភាក្សាគោលចំនួនបួនដល់អង្គពិធីផងដែររួមមាន៖

១៖ តើយើងត្រូវធ្វើយ៉ាងណា ដើម្បីបណ្តុះបណ្តាលធនធានមនុស្សឆ្លាតវៃ សម្រាប់ឆ្លើយតបទៅនឹងរាល់ជំងឺឆ្លង ដែលកំពុងកើតមាន ឬនឹងកើតមាននៅពេលអនាគត

២៖ តើភាគីឯកជន មានតួរនាទីអ្វីខ្លះ ក្នុងហិរញ្ញប្បទានសុខាភិបាល

៣៖ តើយើងត្រូវរៀបចំប្រពន្ធ័សុខាភិបាលបែបណា ដែលទន់ភ្លន់តែរឹងម៉ាំ សម្រាប់ឆ្លើយតបទៅនឹងអនាគត នៃការកើនឡើងនៃមនុស្សចាស់ជរា និងជំងឺមិនឆ្លង

៤៖ តើយើងអាចយកចំណេញអ្វីខ្លះ ពីការជឿនលឿននៃបច្ចេកវិទ្យា ដើម្បីជួយដល់វិស័យសុខាភិបាល និងធានាបានថា ប្រជាជនគ្រប់រូប អាចទទួលបាននូវសេវាសុខាភិបាល ដែលពួកគេត្រូវការ ក្នុងតម្លៃសមស្រប។

សូមជម្រាបផងដែរថា លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញដឹកនាំគណៈប្រតិភូ ទៅចូលរួមវេទិកាបូអាវ និងទស្សនកិច្ចស្វែងយល់ដកស្រង់ពិសោធន៍ អំពីមន្ទីរពេទ្យវៃឆ្លាត ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់១៥ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងជីងដាវ និងទីក្រុងសិនជីន ប្រទេសចិន។ តបតាមការអញ្ជើញរបស់លោកស្រីវេជ្ជបណ្ឌិត Margaret Chan ប្រធានវេទិកាបូអាវ ស្តីពីសុខភាពសាកល អតីតអគ្គនាយកអង្គការសុខភាពពិភពលោក។សម្រាប់វេទិកាបូអាវ ស្តីពីសុខភាពសាកល ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណង សម្របសម្រួលគោលនយោបាយសាធារណៈ លើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្ម ដោះស្រាយកត្តាប្រឈមផ្នែកធនធានមនុស្ស និងជំរុញបង្កើនសម្លេងប្រជាជាតិអាស៊ី នៅក្នុងកិច្ចសហប្រតិបត្តិការសុខាភិបាលអន្តរជាតិ៕