(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាមហាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត នាថ្ងៃទី១០-១១ ខែមិថុនា ឆ្នាំ២០១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ឃុំសង្កាត់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព និងបង្ការពីជំងឺដង្កាត់ផ្សេងៗ នៅដើមរដូវវស្សា និងរាយការណ៍ផ្ទាល់មកអាជ្ញាធរដែនដី ដើម្បីមានវិធានការទប់ស្កាត់បានទាន់ពេលវេលា។
លោកអភិបាលខេត្ត បានអំពាវនាវបែបនេះ ក្នុងឱកាសចូលរួមដោះស្រាយទុក្ខកង្វល់ ព្រមទាំងផ្តល់ស្បៀង ជូនដល់ជនចាស់ជរា និងគ្រួសារក្រីក្របានជិត ៩០០គ្រួសារ ដែលមកពីបណ្តាស្រុកក្រុង ឃុំសង្កាត់ មួយចំនួនក្នុងខេត្ត ខណៈចូលដល់រដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ពិបាកប្រកបរបរចិញ្ចឹមជីវិត។
លោក ម៉ៅ ធនិន បានសម្តែងនូវភាពរីករាយ និងកក់ក្តៅក្រៃលែង ដែលបានជួបសំណេះសំណាលជាមួយលោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋផ្ទាល់ ដើម្បីបានយល់ពីស្ថានភាព និងជីវភាពរស់នៅប្រចាំថ្ងៃ។ លោកបានថ្លែងការកត់សំគាល់ឃើញថា ដោយសារនៅខ្វះចន្លោះតម្រូវការ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនោះ លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញមកដល់សាលាខេត្តដោយផ្ទាល់ ដើម្បីបានស្បៀងយកទៅទទួលទានបន្ត ដែលសកម្មភាពនេះ ក្នុងនាមលោកជាមហាមេគ្រួសារ បានដោះស្រាយជាប្រចាំ មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ អត់ស្បៀងមិនបានដឹងនោះឡើយ។ លោកបានលើកឡើងថា ការដោះស្រាយនេះ មិនបានពេញតម្រូវចិត្តរបស់បងប្អូនម្នាក់ៗនោះទេ ប៉ុន្តែការដោះស្រាយបានធ្វើជាប្រចាំនៅសាលាខេត្ត។
លោកអភិបាលខេត្តបានបន្ថែមថា លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត គឺជាក្រុមគ្រួសារតែមួយ រស់ក្រោមដំបូលសុខសន្តិភាព ស្ថេរភាពតែមួយ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាប្រមុខដឹកនាំ បានធ្វើឲ្យសង្គមជាតិទាំងមូល មានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ មិនដូចពួកអមិត្តមួយចំនួន បានត្រឹមតែសន្យាខ្យល់ មិនជួយអភិវឌ្ឍន៍អ្វីសោះ មានតែកាត់ផ្តាច់ឆ្នាំងបាយរបស់បងប្អូនប្រជាពលរដ្ឋយើង។ លោកបានបន្តថា ហេតុនេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ កុំជឿលើឧបាយកលបោកប្រាស់របស់ពួកទាំងនោះឲ្យសោះ បើមានបញ្ហាអ្វីមួយចាំបាច់ គប្បីជូនដំណឹង ឬរាយការណ៍ជូនដល់រដ្ឋបាលឃុំសង្កាត់ ស្រុកក្រុង និងមកដល់រូបឯកឧត្តមផ្ទាល់ តាមរយៈលេខទូរស័ព្ទក៏បាន លោកនឹងទទួលដោះស្រាយជូនបងប្អូនគ្រប់ពេលវេលា។
ក្នុងថ្ងៃដដែលនោះ លោក ម៉ៅ ធនិន ក៏បានបន្តចូលរួមដោះស្រាយបញ្ហាប្រឈម និងទុក្ខកង្វល់ជូនប្រជាពលរដ្ឋបានជាច្រើនករណី និងជួបជាមួយតំណាងក្រុមហ៊ុនរបស់ចិន ដែលមានគម្រោងអភិវឌ្ឍន៍ លើមូលដ្ឋាននៃទឹកដីខេត្តពោធិ៍សាត់៕