(ភ្នំពេញ)៖ កម្ពុជា នឹងមានរោងចក្រអគ្គិសនី ដើរដោយប្រេងខ្មៅ និងឧស្ម័ន ដែលមានអនុភាព ៤០០មេហ្គាវ៉ាត់ នៅពេលឆាប់ៗខាងមុខនេះ ដែលជាដំណោះស្រាយរបស់ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដើម្បីបិទបញ្ចប់ស្ថានភាពដាច់ភ្លើង នៅរដូវប្រាំងឆ្នាំក្រោយៗទៀត ក្នុងរាជធានីភ្នំពេញ ដែលធ្លាប់ជួបប្រទះរួចមកហើយនោះ។
ដំណើរការសាងសង់រោងចក្រនេះ ចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ ហើយការសាងសង់ចំណាយពេល ១០ខែ ដោយគ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២០ ស្ថិតនៅស្រុកល្វាឯម ខេត្តកណ្តាល។ នៅថ្ងៃនេះ អគ្គិសនីកម្ពុជា បានចុះហត្ថលេខាលើការសាងសង់ ជាមួយក្រុមហ៊ុន CGGC-UN Power.co.ltd និងក្រុមហ៊ុន CHINA NATIONAL HEALY MACHINERY CORPORATION នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។
រោងចក្រអគ្គីសនីនេះ ត្រូវបានប្រើប្រាស់ម៉ាស៊ីន វ៉ាត់ស៊ីឡា របស់ប្រទេសហ្វាំងឡង់ និងម៉ាស៊ីន ម៉ែន របស់ប្រទេសអាឡឺម៉ង់ ដែលនិងត្រូវសាងសង់ស្ថិតក្នុងឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។
គម្រោងនេះ ចែកចេញជា២ផ្នែក៖ ទី១ រោងចក្រផលិតអគ្គិសនី ២០០មេហ្គាវ៉ាត់ ប្រើប្រាស់ម៉ាស៊ីន Wartsila របស់ប្រទេសហ្វាំងឡង់ សាងសង់ដោយក្រុមហ៊ុន CGGC-UN Power.co.ltd និងផ្នែកទី២ រោងចក្រផលិតអគ្គិសនី ២០០មេហ្គាវ៉ាត់ ប្រើប្រាស់ម៉ាស៊ីន MAN របស់ប្រទេសអាល្លឺម៉ង់ សាងសង់ដោយក្រុមហ៊ុន CHINA NATIONAL HEALY MACHINERY CORPORATION ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក កែវ រតនៈ អគ្គនាយក អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ដើម្បីបង្ការឆ្នាំក្រោយនេះ និងឆ្នាំខាងមុខទៀត រោងចក្រផលិតអគ្គិសនីអានុភាព ៤០០មេហ្គាវ៉ាត់នេះ ជាចំណែកមួយនៃការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការប្រមូលឲ្យបានជាង ១,០០០មេហ្គាវ៉ាត់ថែម សម្រាប់មុនដាច់ឆ្នាំ២០២០ខាងមុខនេះ។
លោក កែវ រតនៈ បានបន្ដថា គម្រោង ៤០០មេហ្គាវ៉ាត់នេះ មិនត្រឹមតែថែមអានុភាពបំពេញការខ្វះខាតថាមពល ផ្គត់ផ្គង់មួយចំណែកប៉ុណ្ណោះទេ រោងចក្រនេះ ក៏មានតួនាទីជួយគាំទ្រដល់ ការដាក់ពង្រាយ ស្ថានីយ៍ផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យថ្មីក្នុងប្រទេស និងជួយពង្រឹងគុណភាពថាមពលផ្គត់ផ្គង់ ចូលរាជធានីភ្នំពេញ តាមរយៈការលើកកំពស់ តុងស្យុងបានប្រសើរ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គិសនីកម្ពុជា, គម្រោងសាងសង់រោងចក្រផលិតអគ្គិសនីនេះ ចំណាយថវិកាសរុបចំនួន ៣៨០លានដុល្លារអាមេរិក ដែលក្នុងនោះ ថវិកាសាងសង់រោងចក្រផលិត អគ្គិសនីទាំងពីរ ប្រមាណ៣៥៥លានដុល្លារអាមេរិក និងថវិកាសាងសង់អនុស្ថានីយអគ្គិសនីរួម សម្រាប់រោងចក្រផលិតអគ្គិសនីទាំងពីរ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ប្រមាណ២៥លានដុល្លារអាមេរិក។
អគ្គិសនីកម្ពុជា បានទទួលឥណទាន មានការប្រាក់សម្បទានចំនួន៣០០ លានដុល្លារអាមេរិក ពីរាជរដ្ឋាភិបាលកម្ពុជា ហើយអគ្គិសនីកម្ពុជាបានដាក់ទុនផ្ទាល់ ប្រមាណជាង៨០លានដុល្លារអាមេរិក ដើម្បីបង្គ្រប់សម្រាប់សាងសង់ រោងចក្រផលិតអគ្គិសនីទាំងពីរនេះ។
បើតាមរដ្ឋលេខាធិការធិការក្រសួងរ៉ែ និងថាមពល លោក ទី នរិន្ទ បានឲ្យដឹងថា ក្រៅពីការដំឡើងរោងចក្រហើយនោះ អគ្គិសនីកម្ពុជា ក៏នឹងត្រូវសាងសង់បណ្តាញតភ្ជាប់ ពីរោងចក្រក្នុងស្រុកល្វាឯម មករាជធានីភ្នំពេញថែមទៀតផង ទើបអាចទាញយកថាមពលប្រើប្រាស់បាន។
លោកថា បច្ចុប្បន្នរាជធានីភ្នំពេញ ត្រូវការថាមពលអគ្គិសនីប្រមាណជា ៥០០មេហ្គាវ៉ាត់។ នៅក្នុងរដូវប្រាំងឆ្នាំ២០១៩ ដោយសារតែគ្រោះរាំងស្ងួតវារីអគ្គិសនី មិនអាចដំណើរការផលិត ថាមពលបាននោះ បានធ្វើឲ្យរាជធានីភ្នំពេញ និងតាមបណ្តាខេត្តជួបការខ្វះខាតថាមពលអគ្គិសនី។
តាមរយៈរោងចក្រដើរ ដោយម៉ាស៊ីនភ្លើងកម្លាំង ៤០០មេហ្គាវ៉ាត់, រោងចក្រដើរដោយធ្យូងថ្មនៅខេត្តព្រះសីហនុ កម្លាំង ១៥០មេហ្គាវ៉ាត់, ថាមពលពីវារីអគ្គិសនីដនសាហុង ប្រទេសឡាវ ២០០មេហ្គាវ៉ាត់ លោក ទី នរិន្ទ បានបង្ហាញភាពកក់ក្តៅថា ឆ្នាំ២០២០ នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ នឹងមិនជួបការខ្វះខាតថាមពលអគ្គិសនីដូចឆ្នាំ២០១៩នេះទៀតឡើយ។
សូមជម្រាបថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រាជធានីភ្នំពេញនឹងលែងជួបការ ខ្វះថាមពលអគ្គិសនី ដូចនៅឆ្នាំ២០១៩នេះទៀត។
បើតាមសម្តេចតេជោ ហ៊ុន សែន ការមិនខ្វះនេះ ដោយសាររាជរដ្ឋាភិបាល បានសម្រេចដំឡើងម៉ាស៊ីនភ្លើង ដែលអាចផលិតថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ទុកប្រើក្នុងរាជធានីភ្នំពេញ នៅពេលវារីអគ្គិសនីខ្វះទឹក មិនអាចផលិតថាមពលបាន៕