(ភ្នំពេញ)៖ លោកស្រី ខៀវ ស៊ីណា ជាចាន់តូ បានលើកឡើងថា ការសិក្សារៀនសូត្រមិនថា គ្រហស្ថ ឬព្រះសង្ឈទេ ត្រូវធ្វើឡើងជារៀងរាល់ថ្ងៃ និងជាប់ជាប្រចាំ លុះដល់កម្រិតណាមួយ តាមដែលអាចធ្វើទៅបាន សម្រាប់ជាឧត្តមប្រយោជន៍ ដើម្បីខ្លួន, ព្រះពុទ្ធ, សាសនា និងសង្គមជាតិ។
ការលើកឡើងបែបនេះរបស់លោកស្រី ខៀវ ស៊ីណា ជាចាន់តូ ធ្វើឡើងក្នុងឱកាស បើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ នៅសាលាពុទ្ធិកបឋមសិក្សាវត្តភ្នៀតសិម្ពលី ស្ថិតនៅឃុំស្នោរ សង្កាត់កំបូល រាជធានីភ្នំពេញ នៅថ្ងៃទី១១ខែមិថុនា ឆ្នាំ២០១៩។
លោកស្រី ខៀវ ស៊ីណា ជាចាន់តូ លើកឡើងថា ការបណ្តុះបណ្តាលធនធាន ក្នុងផ្នែកព្រះសង្ឃជាសមណសិស្ស ជាការលើកកម្ពស់ផ្នែកអប់រំដ៏ប្រពៃមួយ ដើម្បីបង្កើនសីលធម៌ គុណធម៌ក្នុងសង្គម។ បច្ចុប្បន្នវិស័យព្រះពុទ្ធសាសនាបានកំពុង ចាក់ឫសយ៉ាងជ្រៅទៅក្នុងផ្នត់គំនិត និងទំនៀមទំលាប់ប្រពៃណីខ្មែរ។
លោកស្រីបញ្ជាក់ថា បច្ចុប្បន្ននេះសមណសិស្សគ្រប់អង្គមានសិទ្ធិស្មើៗគ្នា ក្នុងការចូលសិក្សារៀនសូត្រ ក្រេបជញ្ជក់ចំណេះវិជ្ជាក្រោមម្លប់ព្រះពុទ្ធសាសនា ទោះបីសមណសិស្សអង្គខ្លះ មានស្រុកកំណើត នៅជនបទឆ្ងាយដាច់ស្រយាល និងគ្រួសារមានជីវភាពខ្សត់ខ្សោយក៏ដោយ។
លោកស្រីបន្ថែមថា ការប្រតិបត្តិប្រពៃណីទំនៀបទម្លាប់ និងការចូលរួមកសាងសមិទ្ធផលទ្រទ្រង ក្នុងវិស័យព្រះពុទ្ធសាសនា ក្នុងសង្គមនាពេលបច្ចុប្បន្នជាការបង្ហាញនូវឆន្ទៈដ៏មុះមុតល្អប្រសើរ ក្នុងការបង្កើនសីលធម៌, គុណធម៌ស្របតាមរដ្ឋធម្មនុញ្ញ ដែលបានកំណត់ថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក្នុងនោះការរីកចម្រើន នៃវិស័យពុទ្ធចក្រ ជាកញ្ចក់ឆ្លុះបញ្ចំងនូវការរីកចម្រើ ក្នុងវិស័យអាណាចក្រផងដែរ។
លោកស្រីបន្ដថា ជាក់ស្ដែងបច្ចុប្បន្នក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍសង្គម, សេដ្ឋកិច្ច ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងវិស័យអាណាចក្រ។
ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀក ព្រះសាកលវិទ្យាធិការរងពុទ្ធិក សាកលវិទ្យាល័យព្រះសីហនុរាជ មានសង្ឃដីកាថា ចំណេះដឹងមិនអាចផ្ទេរឲ្យបុគ្គលណាម្នាក់ ដោយការមិនប្រឹងប្រែងរៀនសូត្រពីបុគ្គលម្នាក់ៗនោះទេ។ ដូចនេះរាល់ការសិក្សាបណ្តុះបណ្តាលមិនថា ក្នុងវិស័យព្រះពុទ្ធសាសនាទេ សុទ្ធតែមានសារៈសំខាន់ព្រោះបានបង្កើនចំណេះដឹងមិនត្រឹមតែ សមណសិស្សទេ។
ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀក មានសង្ឃដីកាបន្ដថា ដូចនេះត្រូខិតខំប្រឹងប្រែង និងគ្រប់គ្រងសមណសិស្សឲ្យប្រព្រឹត្តខ្លួនឲ្យបានល្អប្រសើរ និងហ្មត់ចត់ចំពោះការបង្រៀនស្របតាម កម្មវិធីសិក្សាដែលអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងក្រសួងធម្មការ និងសាសនា បានដាក់ចេញប្រកដោយគុណភាព និងប្រសិទ្ធភាពនៅលើការសិក្សានេះ។
សូមបញ្ជាក់ថា បវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ សាលាពុទ្ធិកបឋមសិក្សាវត្តភ្នៀតសិម្ពលី មានសមាណៈសិស្សចូលរៀនចំនួន៩៥អង្គ។ ការសិក្សាវិញមាន៤កម្រិតថ្នាក់មត្តេយ្យមាន២០អង្គ ផ្នែកកម្មវិធីសិក្សាភាសាបាលីថ្នាក់ទី១មានសមណៈសិស្ស៣០អង្គរ ថ្នាក់ទី២ មានសមណៈសិស្ស២៥អង្គ និងថ្នាក់ទី៣មានសមណៈសិស្ស២០អង្គ ការសិក្សាផ្ដោតសំខាន់លើផ្នែកភាសាបាលី៕