(ព្រៃវែង)៖ ព្រះតេជគុណ ឈាង ផល្លី ព្រះចៅអធិការវត្តពោធិដ្ឋាន ហៅវត្តថ្លាវ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានថ្លែងអំពាវនាវយ៉ាងទទូចដល់ថ្នាក់ដឹកនាំពាក់ព័ន្ធ ឲ្យជួយស្វែងរកយុត្តិធម៌ បន្ទាប់ពីព្រះចៅអធិការ ត្រូវបានតុលាការខេត្តព្រៃវែងចោទប្រកាន់ថា បានបំផ្លាញចេតិយអ្នកដទៃនៅក្នុងវត្ត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោក មាស សុភក្តី តំណាងអយ្យការអមសាលាដំបូងខេត្តព្រៃវែង បានចេញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៉ើបសួរ ដែលដាក់ពាក្យបណ្តឹងដោយឈ្មោះ ប៉ែន ដារ៉ា ភេទស្រី អាយុ៤៦ឆ្នាំ ប្តឹងប្រឆាំងនឹងព្រះតេជគុណ ឈាង ផល្លី ព្រះជន្ម ៣៤វស្សា ដែលជាព្រះចៅអធិការវត្តពោធិដ្ឋាន ហៅវត្តថ្លាវ ស្ថិតនៅក្នុងភូមិថ្លាវ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ព្រះចៅអធិការ ត្រូវបានចោទប្រកាន់ពីបទ «ធ្វើឲ្យខូចខាតដោយចេតនា ដល់បូជនីដ្ឋានសាសនា ប្រមាថទីបញ្ចុះសព»។
បន្ទាប់មកនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ព្រះតេជគុណ ឈាង ផល្លី ត្រូវបានលោក សាំង សេរី ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តព្រៃវែង បានចេញដីកាដាក់ជនត្រូវចោទ (ព្រះអង្គ) ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ពីបទ «ធ្វើឲ្យខូចខាតដោយចេតនា ដល់បូជនីដ្ឋានសាសនា ប្រមាថទីបញ្ចុះសព»។
តាមរយៈបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ព្រះតេជគុណ ឈាង ផល្លី បានមានសង្ឃដីកាថា ព្រះអង្គត្រូវបានប្តឹងដោយសារករណី ការរុះរើចេតិយចាស់ ដែលមានសភាពទ្រុឌទ្រោម។ ព្រះអង្គបន្តថា មុនរុះរើព្រះអង្គបានជូនដំណឹង ដល់ម្ចាស់ចេតិយលោក សួន ស្រេង ជាប្តី និងអ្នកស្រី ប៉ែន តារា តាមរយៈលោក អ៊ាង ឈួន រយៈពេលពីរដង ប៉ុន្តែម្ចាស់ចេតិយមិនមកជួប។
ព្រះតេជគុណ ឈាង ផល្លី មានសង្ឃដីកាទៀតថា ចេតិយដ៏ចាស់ទ្រុឌទ្រោមនោះ ស្ថិតនៅក្នុងគម្រោងដែលវត្តប្រុងយកដាក់ព្រះពុទ្ធរូបវិញ ហើយគណៈកម្មការអាចារ្យវត្ត ក៏បានកសាងចេតិយថ្មីមួយ ជូនម្ចាស់គេវិញដែរ ដោយយកធាតុទៅតម្កល់រួចរាល់ ទើបវាយចេតិយចាស់ចោល។ ដីវត្តអារាម ដែលជាដីសាធារណៈបែរជាត្រូវអ្នកស្រី ប៉ែន តារា យកធ្វើជាទីកន្លែងដាក់ធាតុសាច់ញាតិខ្លួនហើយ នៅប្តឹងទាមទារសំណងពីព្រះអង្គចំនួន ៥ម៉ឺនដុល្លារទៀតផង ទោះបីជាវត្តផ្តល់ទីតាំងថ្មី និងសាងសង់ចេតិយថ្មីឲ្យខ្លួនវិញក៏ដោយ។
បើតាមព្រះចៅអធិការ ការរុះរើត្រូវបានធ្វើឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ស្រាប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ លោក ប៉ែន សារ៉ាត់, លោក សួន ស្រេង និងបងប្អូន ២នាក់ មករករឿងជេរប្រមាទព្រះអង្គ លោកតាអាចារ្យ និងប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ពួកគេបានគំរាមបម្រុងដោះស្បង់ចីវរព្រះអង្គ ចូលក្នុងក្រចកជើងសេះទៀតផង។
ព្រះតេជគុណ ឈាង ផល្លី មានសង្ឃដីកាថា៖ «អាត្មាភាពសូមសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន មេត្តាជួយរកយុត្តិធម៌ដល់អាត្មាភាព និងពុទ្ធបរិស័ទផង»។ ជាមួយគ្នានេះ ព្រះអង្គក៏បានបង្ហាញលិខិតមានស្នាមហត្ថលេខា ពីប្រជាពលរដ្ឋចំនួន ២៦៧នាក់ ដែលគាំទ្រព្រះអង្គផងដែរ។
ពាក់ព័ន្ធករណីនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបំភ្លឺពីអ្នកស្រី ប៉ែន តារា បាននៅឡើយទេ៕