(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អមដំណើរដោយលោក គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកផ្ទះជូនក្រុមគ្រួសារអតីតយុទ្ធជន នៅតំបន់ដីសម្បទានសង្គមកិច្ចការ៉េ២ នៅខេត្តបន្ទាយមានជ័យ ដែលមានចូលរួមពីក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងគ្រប់ប្រភេទជាង ៦០០នាក់។

ក្នុងឱកាសនេះលោក កែ គឹមយ៉ាន បានមានមតិពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពីសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ពិសេសអតីតយុទ្ធជនទាំងអស់។

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានលើកឡើងពីគុណបំណាច់ និងវិរភាពរបស់អតីតយុទ្ធជនទាំងអស់ ដែលបានធ្វើពលិកម្មយ៉ាងធំធេង ទាំងកម្លាំងកាយចិត្ត ក្នុងបុព្វហេតុរំដោះជាតិ ទប់ស្កាត់ការវិលត្រឡប់មកវិញ នូវរបបប្រល័យពូជសាសន៍ ការពារបាននូវបូរណភាពទឹកដី ឯករាជ្យជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី ហើយការលះបង់នេះជាមូលដ្ឋានគ្រឹះនៃការចូលរួមស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យការរីកចម្រើន។

ជាថ្មីម្តងទៀត លោក កែ គឹមយ៉ាន បានបន្តថ្លែងការកោតសរសើរ ចំពោះកងកម្លាំងគ្រប់ប្រភេទរបស់ខេត្ត យោធា នគរបាល និងកងរាជអាវុធហត្ថឈរជើង ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ដែលបំពេញភារកិច្ច តាមតួនាទីបានយ៉ាងល្អ ពិសេសបានចូលរួមចំណែកក្នុងការងារមនុស្សធម៌ ជួយសង្រ្គោះ ជួសជុល-សាងសង់ផ្ទះ សម្រួលដល់ការលំបាក របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ក្នុងពិធីដ៏សប្បាយរីករាយ និងស្និទ្ធស្នាលនោះ លោក កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បាននាំយកនូវអំណោយ ផ្តល់ចែកជូនរួមមាន៖

១៖ ជូនគ្រួសារអតីតយុទ្ធជនចូលមករស់នៅក្នុងដីសម្បទានសង្គមកិច្ច ចំនួន៨០ខ្នង ក្នុង១គ្រួសារទទួលបាននូវ អង្ករ មី មុង ភួយ កន្ទេល ប្រេងឆា ទឹកស៊ីអ៊ីវ ទឹកត្រី អំបិលអ៊ីយ៉ូត សារ៉ុង ចង្រ្កាន ឆ្នាំងដាំបាយ ឆ្នាំសម្លកំសៀវទឹក ចានដែក ចានបាយ ចានសម្ល ស្លាបព្រា សម ពិល និងថវិកា១០ម៉ឺនរៀល
២៖ ជូនប្រជាពលរដ្ឋ ២៥០នាក់ ក្នុង១គ្រួសារទទួលបានសារ៉ុង១ និងថវិកា ១ម៉ឺនរៀល
៣៖ ជូនប្រជាពលរដ្ឋទទួលបានដីឡូតិ៍ តែមិនទាន់បានសង់ផ្ទះចំនួន២២៩នាក់ ម្នាក់ៗទទួលបានសារ៉ុង១ ថវិកា២ម៉ឺនរៀល
៤៖ ឧបត្ថម្ភយោធាសឹករងខេត្តកងពលលេខ៥១ កងពលលេខ៤ មួយអង្គភាពៗទទួលថវិកា២លានរៀល
៥៖ ឧបត្ថម្ភនគរបាលស្រុកភ្នំស្រុក ពេទ្យស្រុក កងរាជអាវុធស្រុក មួយអង្គភាពៗទទួលបានថវិកា១លានរៀល
៦៖ ជួយកសាងផ្ទះជូនបងប្អូនយុទ្ធជនចំនួន៣០៩ខ្នង
៧៖ ជួយកសាងផ្លូវចូលក្នុងតំបន់ដីការ៉េ២ ប្រហែល ១០គីឡូម៉ែត្រ
៨៖ ជួយកសាងសាលារៀន១ខ្នង មាន៦បន្ទប់
៩៖ ជួយកសាងប៉ុស្តិ៍សុខភាព ១ខ្នង ៦បន្ទប់
១០៖ ជួយរៀបចំប្រព័ន្ធទឹកស្អាត និងអគ្គិសនី
១១៖ ជួយកសាងអណ្ដូងទឹកចំនួន២០៕