(ភ្នំពេញ)៖ លោក រ៉ូម៉ាន៍ ប៉ារ៉ាម៉ូណូវ ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ប្រចាំប្រទេសកម្ពុជា (ICRC) បានឱ្យដឹងថា ICRC ដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវ និងផ្សព្វផ្សាយច្បាប់មនុស្សធម៌អន្តរជាតិ ឬក៏ច្បាប់ជម្លោះប្រដាប់អាវុធ ដូច្នេះវាមានសារៈសំខាន់ណាស់ សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ យល់ច្បាស់ ពីសកម្មភាពដែលគ្របដណ្តប់ ដោយច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍គោរពច្បាប់មនុស្សធម៌ រាល់ពេលចុះបំពេញការងារ។

ការលើកឡើងបែបនេះ របស់លោក រ៉ូម៉ាន៍ ប៉ារ៉ាម៉ូណូវ ធ្វើឡើងក្នុងឱកាសលោករួមជាមួយនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នាយកសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ អញ្ជើញបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ប្រតិបត្តិការសន្តិសុខរបស់យោធា» ដែលរួមសហការរវាង គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ជាមួយកងយោធពលខេមរភូមិន្ទ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីសំណាក់យោធិន និងមន្ត្រីរអនុវត្តច្បាប់ពីគ្រប់ប្រទេស ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

លោក រ៉ូម៉ាន៍ ប៉ារ៉ាម៉ូណូវ បានថ្លែងថា រាល់ការខិតខំប្រឹងប្រែងនេះ ធ្វើឡើងដើម្បីបញ្ឈប់គោលការណ៍មនុស្សធម៌ នៅពេលដែលកងកម្លាំងសន្តិសុខយោធា រៀបចំចុះប្រតិបត្តិការបេសកកម្ម។ សិក្ខាសាលានេះនឹងផ្តោតទៅលើការសិក្សា អំពីភាពខុសគ្នារវាងជម្លោះប្រដាប់អាវុធ និងប្រតិបត្តិការអនុវត្តច្បាប់ ក៏ដូចជានិយាមនិងបទដ្ឋានណែនាំកម្លាំង អនុវត្តច្បាប់ផងដែរ។

លោកបានបន្តថា សិក្ខាសាលាប្រចាំតំបន់ដែលរៀបចំក្នុងរយៈពេលបីថ្ងៃ គឺជាវេទិកាសម្រាប់យោធិន កងកម្លាំងប៉ូលីស និងមន្រ្តីអនុវត្តច្បាប់ ចូលរួមស្វែងយល់ពីបញ្ហានានាពាក់ព័ន្ធ និងការអនុវត្តច្បាប់ក្នុងពេលបច្ចុប្បន្ន តាមរយៈការសិក្សាឧបករណ៍ផ្សេងៗ ដែលបានជួបប្រទះកន្លងមក ក៏ដូចជាការពិភាក្សាគ្នា ដើម្បីចែករំលែកបទពិសោធន៍។

ថ្លែងនៅក្នុងកិច្ចបើកកម្មវិធីនេះផងដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកម្មវិធីក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងមោះមុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះឡើង ដោយមានការជ្រោមជ្រែងពី ICRC។

លោកឧត្តមសេនីយ៍បានបន្តថា តាមរយៈសិក្ខាសាលានេះ នឹងលើកកម្ពស់ការយល់ដឹងដល់យោធិនទាំងអស់ ទៅលើកាតព្វកិច្ចរបស់ពួកគេក្រោម វិធានថ្នាក់ជាតិ និងអន្តរជាតិ។

នាយឧត្តមសេនីយ៍ បានបន្តយ៉ាងដច្នេះថា៖ «អ្នកចូលរួមទាំងអស់ដែលអញ្ជើញមកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិក អាចផ្លាស់ប្តូរគំនិត និងចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមកលើការងារបច្ចេកទេស ឧបសគ្គដែលពួកគេជួបប្រទះ និងស្វែងរកដំណោះស្រាយរួមគ្នាផងដែរ»

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្ថែមទៀតថា ICRC ធ្វើការយ៉ាងជិតស្និទជាមួយកងយោធពលខេមរភូមិន្ទ រួមទាំងកងកម្លាំងរក្សា សន្តិភាពនៅក្នុងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព ដែលចេញទៅបំពេញបេសកកម្ម តាមប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ នៅក្រៅប្រទេសក្នុងការផ្សព្វផ្សាយអំពីច្បាប់ មនុស្សធម៌អន្តរជាតិ តាមរយៈវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាដើម។

ICRC ក៏ធ្វើការយ៉ាងជិតស្និទជាមួយអាជ្ញាធរ ទៅលើការផ្សព្វផ្សាយ ក៏ដូចជាការផ្តល់សច្ចាប័ន និងការអនុវត្តសិន្ធិសញ្ញានានាទាក់ទិន និងច្បាប់មនុស្សធម៌អន្តរជាតិ តួយ៉ាងសិន្ធិសញ្ញាស្តី អំពីការហាមឃាត់ការប្រើប្រាស់អាវុធ ដូចជាអនុសញ្ញាហាមឃាត់គ្រាប់មីន ប្រឆាំងមនុស្សឆ្នាំ១៩៩៨៕