(ស្ទឹងត្រែង)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំសម្ពោធដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលការងារ ខេត្តស្ទឹងត្រែង ដែលធ្លាប់ជាខេត្ត ស្ថិតនៅឆ្ងាយដាច់ស្រយាល នាប៉ែកឦសាននៃប្រទេសកម្ពុជា។
ពិធីនេះដែរធ្វើឡើងក្រោមអធិបតីលោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ពេជ សោភ័ន បានថ្លែងថា ការបង្កើតឡើងនូវមជ្ឈមណ្ឌលការងារថ្មីនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងថ្មីបន្ថែមទៀត របស់រាជរដ្ឋាភិបាល ក្នុងការនាំសេវាការងារ និងព័ត៌មានទីផ្សារការងារ ឱ្យបានកាន់តែឆាប់រហ័ស និងមកកៀកជិតប្រជាពលរដ្ឋ ក៏ដូចជាការប្រឹងប្រែងជាបន្តបន្ទាប់ សំដៅជួយដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងទាំងមូល ឱ្យទទួលបានការងារធ្វើកាន់តែច្រើន ប្រាក់ចំណូលកាន់តែប្រសើរ និងកាត់បន្ថយភាពក្រីក្រ ដែលជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបណ្ឌិត ពេជ សោភ័ន បញ្ជាក់បន្ថែមថា មជ្ឈមណ្ឌលការងារ ដែលបើកសម្ពោធដំណើរការនាពេលនេះ នឹងដើរតួនាទីជាច្រកចេញ-ចូលតែមួយ ក្នុងការផ្តល់សេវាជួយស្វែងរកការងារ និងផ្តល់ព័ត៌មានអំពីឱកាសការងារដោយងាយស្រួល និងឆាប់រហ័សជូនដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តស្ទឹងត្រែង ព្រមទាំងផ្តល់ដល់និយោជកក្នុងការផ្សព្វផ្សាយព័ត៌មានជ្រើសរើសកម្លាំងពលកម្ម, ការគាំទ្រនឹងការទទួលបានការជួយផ្គូផ្គងអ្នកស្វែងរកការងារ តាមតម្រូវការ ក៏ដូចជាការរីកចម្រើនផ្នែកអាជីវកម្ម និងធុរកិច្ចគ្រប់វិស័យនៅក្នុងខេត្តទាំងមូល។
លើសពីនេះ តាមរយៈមជ្ឈមណ្ឌលការងារនេះ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលគ្រប់ប្រភេទ ក៏អាចធ្វើការផ្សព្វផ្សាយរាល់កម្មវិធីបណ្តុះបណ្តាលរបស់ខ្លួនបានយ៉ាងទូលំទូលាយ។
លោកបណ្ឌិត ពេជ សោភ័ន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្ស និស្សិត យុវជន ដែលត្រូវការស្វែងរកការងារ ព្រមទាំងនិយោជកនានា នៅក្នុងខេត្តស្ទឹងត្រែងទាំងមូលប្រើប្រាស់ និងទាញយកប្រយោជន៍ឱ្យអស់សក្តានុពល ពីកញ្ចប់សេវាដែលផ្តល់ជូនដោយ មជ្ឈមណ្ឌលការងារខេត្តស្ទឹងត្រែងនេះ។
ជាមួយគ្នានេះដែរ លោកក៏បានលើកទឹកចិត្តដល់មន្រ្តី និងបុគ្គលិកទាំងអស់នៃមជ្ឈមណ្ឌលការងារខេត្តស្ទឹងត្រែង បន្តខិតខំបំពេញការងារឱ្យអស់ពីសមត្ថភាព និងកម្លាំងកាយចិត្ត ក្នុងការផ្តល់សេវាប្រកបដោយគុណភាពទាន់ពេលវេលា និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋ ដោយពង្រីកកិច្ចសហការ និងភាពជាដៃគូជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់, និយោជក, គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាលនានា និងភាគីពាក់ព័ន្ធទាំងអស់។
គួរបញ្ជាក់ថា នាពេលកន្លងមក ក្នុងការខិតខំប្រឹងប្រែងបែងចែកឱកាសការងារ ដែលបង្កើតឡើងដោយការរីកចម្រើនផ្នែកសេដ្ឋកិច្ច ឱ្យបានដល់ប្រជាពលរដ្ឋគ្រប់រូបប្រកបដោយតម្លាភាព និងសមធម៌ ព្រមទាំងជួយផ្គូផ្គងកាន់តែងាយស្រួល និងជាប្រព័ន្ធរវាងអ្នកស្វែងរកការងារ ទៅនឹងព័ត៌មានជ្រើសរើសកម្លាំងពលកម្មនានា រាជរដ្ឋាភិបាល បានរៀបចំបង្កើតឡើងនូវទីភ្នាក់ងារជាតិមុខរបរ និងការងារនៅឆ្នាំ២០០៩ ដើម្បីផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារតាមរយៈមជ្ឈមណ្ឌលការងារ មជ្ឈមណ្ឌលការងារចល័ត និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដោយមានគេហទំព័រឈ្មោះ «www.nea.gov.kh» កម្មវិធីស្វែងរកការងារតាមទូរស័ព្ទដៃឈ្មោះ «NEA JOB SEARCH» រួមទាំងតាមបណ្តាញសង្គមដូចជា Facebook (NEAKhmer) និង Youtube ជាដើម។
បច្ចុប្បន្ន NEA បានខិតខំប្រឹងប្រែងពង្រីកសេវាការងារ និងព័ត៌មានទីផ្សារការងារ តាមរយៈបង្កើតមជ្ឈមណ្ឌលការងារ ដែលកើនឡើងដល់ចំនួន១៣ នៅទូទាំងប្រទេស និងមជ្ឈមណ្ឌលការងារចល័តចំនួន០១កំពុងរង់ចាំផ្តល់ និងនាំយកសេវាការងារ ទៅដល់គ្រប់ច្រកល្ហកយ៉ាងទូលំទូលាយជូនប្រជាពលរដ្ឋ៕