(ស្វាយរៀង)៖ លោកយាយ ប៉ាល់ ស៊ាន អាយុ៧៥ឆ្នាំ ជាស្រ្តីមេម៉ាយចាស់ជរារស់នៅភូមិពរពារ៍ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានអំពាវសុំឲ្យសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍រកយុត្តិធម៌ ដោយសារតែមានឈ្មោះ វ័រ ស៊ាន ភេទស្រី អាយុ៦២ឆ្នាំ ត្រូវបានគេដឹងថា ជាភរិយាលោក ប៉ាល់ សាន្ត អតីតអិបាលរងខេត្តព្រះវិហារ មានទីលំនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ រំលោភយកដីលំនៅឋានរបស់លោកយាយទំហំ២៤,៥ ម៉ែត្រ ៦០ម៉ែត្រ ទៅធ្វើជាកម្មសិទ្ធិដោយអយុត្តិធម៌។
កាលពីថ្ងៃទី៣ ខែមិថុនា ២០១៩ កន្លងទៅ សាលាឧទ្ធរណ៍បានបើកសវនាការលើសំណុំរឿងរដ្ឋប្បវេណីលេខ៦១៨ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមានភាគីលោកយាយ ប៉ាល់ ស៊ាន ជាដើមចោទ ភាគីចុងចម្លើយឈ្មោះ វ័រ ស៊ាន តែត្រូវបានលោក ធូ មណី ប្រធានក្រុមប្រឹក្សាជំនុំជុំរះ សម្រេចឲ្យលោកយាយជាម្ចាស់ដី ចាញ់ក្តី។
ការអំពាវនាវសុំពីថ្នាក់ដឹកនាំខាងលើនេះ បានកើតឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិពរពារ៌ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។ ជួបជាមួយភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀង លោកយាយ ប៉ាល់ ស៊ាន បាននិយាយទាំងទឹកភ្នែកថា លោកយាយជាស្រ្តីមេម៉ាយ ប្តីលោកយាយត្រូវខ្មែរក្រហម យកទៅសម្លាប់ចោលដោយបន្សល់ទុកកូន៦នាក់ លុះឆ្នាំ១៩៧៩ ក្រោយថ្ងៃរំដោះ ៧ មករា លោកយាយ បាននាំកូនប្រុសស្រីមករស់នៅក្នុងភូមិពរពារ៍ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ហើយពេលនោះអាជ្ញាធរបានចែកដីលំនៅឋានទំហំ ៦០,៥ម x ៥០ម ឲ្យសង់ផ្ទះរស់នៅ។
រហូតដល់ឆ្នាំ១៩៨៥ ឈ្មោះ ប៉ាល់ សាន្ត ជាប្អូនដែលមានប្រពន្ធឈ្មោះ វ័រ ស៊ាន បានមកសុំដូរដីលំនៅឋានរបស់លោកយាយ ដែលកំពុងរស់នៅអាស្រយ័ផលដោយបញ្ជាក់ថា គ្រាន់តែសុំដូរដីស្រែ តែមិនយកដីនេះទៅណាទេ ទុកឲ្យបងស្រីរស់នៅលើដីនេះដដែល។ ពេលនោះលោកយាយក៏យល់ព្រម ក្រោយមក ឈ្មោះ ប៉ាល់ សាន្ត បានទិញដីស្រែមួយកន្លែងចម្ងាយ ៧០០ម៉ែត្រពីផ្ទះ លោកយាយ ដែលមានទំហំប្រមាណ ៤០ម៉ែត្រ x ១០០ម៉ែត្រ ឲ្យលោកយាយធ្វើស្រែដោយចែកផលគ្នា។ លោកយាយបានធ្វើស្រែ ហើយកិនជាអង្ករឲ្យរាល់ឆ្នាំ ដូច្នេះការដូរ គឺគ្រាន់តែនិយាយថា ដូរ ដោយគ្មានលាយល័ក្ខជាអក្សរទេ រីឯថ្នូរក៏មិនបានឲ្យ គឺធ្វើស្រែប្រវ៉ាស់។
ក្រោយមកទៀតនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៨៨ លោកយាយបានយកដីស្រែមួយកន្លែងចម្ងាយ ៣០០ម៉ែត្រ ពីផ្ទះទៅសុំដូរដីលំនៅឋានរបស់ឈ្មោះ ណឹប ជួន មានទំហំ ២៤,៥ម x ៦០ម ដែលមានព្រំជាប់គ្នាដើម្បីបានជាប់គ្នា ឈ្មោះ ណឹប ជួន បានយល់ព្រម ហើយបានធ្វើកិច្ចសន្យាដូរដីគ្នាជាមួយណឹបជួនកាន់កាប់រាល់ថ្ងៃ។ លោកយាយបន្តទៀតថា នៅឆ្នាំ២០១៣ ប្អូនប្រុសលោកយាយឈ្មោះ ប៉ាល់ សាន្ត បាននិយាយថា «បងខ្ញុំទិញដីគេជូនបងឯងហើយ ដីបង ខ្ញុំយក»។ លោកយាយ ក៏មិនបានឆ្លើយទេ នៅស្ងៀម។
បន្ទាប់មក ឈ្មោះ ប៉ាល់ សាន្ត បានទិញដីរបស់ឈ្មោះ សូរ ផុន ដែលមានទំហំ១០ម X ២៨ មក្នុងតម្លៃ ៣,០០០ដុល្លារ ដើម្បីយកមកដូរ ក៏ប៉ុន្តែមិនទាន់បានឲ្យលុយម្ចាស់ដីទេ ឈ្មោះ ប៉ាល់ សាន្ត មានជំងឺក៏ទៅព្យាបាលនៅប្រទេសបារាំង។ ប្រពន្ធ ប៉ាល់ សាន្ត ឈ្មោះ វ័រ ស៊ាន បានហៅលោកយាយឲ្យទៅភ្នំពេញយកប្រាក់ ៥០០ដុល្លារ មកកក់ថ្លៃដីរបស់ឈ្មោះ សូរ ផុន។
នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ ឈ្មោះ ប៉ាល់ សាន្ត បានស្លាប់។ ក្រោយពីធ្វើបុណ្យសពរួចរាល់ លោកយាយបានទៅភ្នំពេញប្រាប់ឈ្មោះ វ័រ ស៊ាន ជាប្រពន្ធថា យកលុយថ្លៃដីទៅឲ្យគេបង្រប់ ប្រាក់នៅសល់ ឈ្មោះ វ័រ ស៊ាន ឆ្លើយថា គ្មានលុយទេ ឯប្រាក់កក់ក៏ដាច់ទៅ។ ស្រាប់តែក្រោយមក ឈ្មោះ វ័រ ស៊ាន និងកូនស្រីឈ្មោះ ប៉ាល់ សារិន បានទៅផ្ទះលោកយាយ ហើយប្រាប់ថា អុំឯងរើផ្ទះចេញពីដីនេះទៅ ដីនេះជាដីឪពុកខ្ញុំទេ។
លោកយាយប្រាប់ថា ដីដែលដូរ គឺដីខាងត្បូងទំហំ ៦០,៥ម x៥០ម ចំណែកដីរបស់អ៊ុទំហំ ២៤,៥ម x៦០មខាងជើង ដែលសង់ផ្ទះនៅរាល់ថ្ងៃនេះ មិនទាន់ដូរទេ ដូច្នេះអ៊ុមិនចេញទេ ពីព្រោះដីនេះអ៊ុដូរជាមួយឈ្មោះ ណឹប ជួន។ ចំណែកដីឪឯងទិញពីឈ្មោះ សូរ ផុន យកមកដូរនោះម៉ែឯងគ្មានលុយឲ្យគេគ្រប់ គឺដាច់ប្រាក់កក់ហើយម្ចាស់គេក៏លែងលក់ដែរ។
ស្រាប់តែពេលនោះឈ្មោះ វ័រ ស៊ាន ជាប្អូនថ្លៃ និងកូនបង្ហាញប្លង់ស្លាបមាន់ (បណ្ណ័សំគាល់សិទ្ធិប្រើប្រាស់អចលនទ្រព្យ)។ លោកយាយភ្ញាក់ព្រឺតមិននឹកស្មានថា ប្អូនប្រុសឈ្មោះ ប៉ាល សាន្ត លួចឃុបឃិតធ្វើប្លង់ដីរំលោភយកដីរបស់លោកយាយទាំង០២ប្លង់ ទៅធ្វើជាកម្មសិទ្ធិប្តីប្រពន្ធដោយអយុត្តិធម៌។ ខណៈដែលលោកយាយនៅកាន់ឯកសារដើម ដែលបានដូរជាមួយ ណឹប ជួន នៅឡើយ។
នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ លោកយាយ ប៉ាល់ ស៊ាន បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តស្វាយរៀង សុំឲ្យរកយុត្តិធម៌ ហើយលោកចៅក្រមបានចុះទៅពិនិត្យស្រាវជ្រាវដល់ទីតាំងដី មានទំនាស់លទ្ធផល មានសាក្សីប្រជាពលរដ្ឋ និងអាជ្ញាធរភូមិ-ឃុំ បញ្ជាក់ថា ដីទំនាស់ពិតជាដីរបស់លោកយាយ ប៉ាល់ ស៊ាន ពិតប្រាកដមែន។ លោកចៅក្រម បានសម្រេចចេញសាលក្រមឲ្យលោកយាយឈ្នះក្តីនេះ។
ក៏ប៉ុន្តែឈ្មោះ វ័រ ស៊ាន មិនពេញចិត្ត ក៏បានប្តឹងឧទ្ធរណ៍ទៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ។ ក្រោយពីចៅក្រមសាលាឧទ្ធរណ៍ពិនិត្យសំណុំរឿងហើយ បានបើកសវនាការសម្រេចសាលដីកា ឲ្យលោកយាយ ប៉ាល់ ស៊ាន នៅបន្តឈ្នះក្តីទៀត។ ក្រោយមកឈ្មោះ វ័រ ស៊ាន មិនព្រមបញ្ចប់ក្តីក៏បានប្តឹងសាទុក្ខទៅតុលាការកំពូល ហើយតុលាការកំពូលបានបង្វឹលសំណុំរឿងឲ្យមកសាលាឧទ្ធរណ៍ ពិនិត្យ និងបើកសវនាការឡើងវិញ។ រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ចៅក្រមដែលមានលោក ធូម ណី ជាប្រធានក្រុមប្រឹក្សាជំនុំជុំរះ បើកសវនាការកាត់ក្តីសម្រេចឲ្យលោកយាយ ប៉ាល់ ស៊ាន ចាញ់ក្តី ដែលលោកយាយចាត់ទុកថាជារឿងអយុត្តិធម៌។
ស្ត្រីមេម៉ាយហើយចាស់ជរា ចិញ្ចឹមចៅម្នាក់ រីឯកូនៗមានប្តីប្រពន្ធចេញទៅរស់នៅរកស៊ីរៀងៗខ្លួនអស់ហើយ។ លោកយាយនៅសល់តែដីលំនៅឋានទំហំ ២៤,៥មx៦០ម សង់ផ្ទះតូចមួយខ្នង រស់នៅជាមួយចៅប្រុសកំពុងសិក្សាដោយមានជីវភាពក្រីក្រ រកព្រឹក ខ្វះល្ងាចសូមសម្តេចមេត្តាជួយរកយុត្តិធម៌ដោយអនុគ្រោះ។
ទាក់ទិនករណីនេះដែរប្រជាពលរដ្ឋជាង១០០គ្រួសារ ព្រមទាំងលោកមេភូមិពរពារ៌ និងក្រុមប្រឹក្សាឃុំស្វាយធំ បានអំពាវនាវសូមឲ្យសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍រកយុត្តិធម៌ជូនលោក យាយផងដែរ ដោយបញ្ជាក់ថា លោកយាយ ប៉ាល់ ស៊ាន ពិតជាមិនទាន់បានដូរដីទំហំ២៤,៥មx៦០មឡើយ។
យ៉ាងណាក៏ដោយ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីភាគីម្ខាងទៀតបាននោះទេនៅថ្ងៃដដែលនេះ៕