(ត្បូងឃ្មុំ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរិះគន់ថា ខេត្តត្បូងឃ្មុំ ជាខេត្តមួយដែលមានម៉ូតូអត់ស្លាកលេខច្រើនជាគេ ដោយសារតែមានការនាំចូលអត់ពន្ធពីប្រទេសវៀតណាម ដូច្នេះសមត្ថកិច្ចពាក់ព័ន្ធត្រូវយកចិត្តទុកដាក់បន្ថែមទៀត។

ការលើកឡើងរបស់ សម្តេចក្រឡាហោម ស ខេង បានធ្វើឡើង នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីប្រារព្ធ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ដែលធ្វើឡើងនៅ ភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សម្តេចក្រឡាហោម ស ខេង បានបន្តថា «ខ្ញុំគិតថា នៅទីនេះ(ខេត្តត្បូងឃ្មុំ) គឺព្រំដែនជាប់ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ចឹងការនាំរថយន្ត ប្រហែលជាមិនសូវមានប៉ុន្មានទេ ប៉ុន្តែម៉ូតូ ឬទោចក្រយានយន្តនេះ ទំនងជាមានច្រើន»

សម្តេចបន្តថា៖ «អញ្ចឹងខ្ញុំសូមអំពាវនាវដល់រដ្ឋបាលខេត្ត សមត្ថកិច្ចពាក់ព័ន្ធ អនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ខេត្ត យកចិត្តទុកដាក់ ដើម្បីទប់ ព្រោះកន្លងទៅនេះ ពេលយើងចាប់ផ្តើមត្រួតពិនិត្យ ខេត្តត្បូងឃ្មុំជាខេត្តមួយ ដែលមានចំនួនច្រើនបំផុត នូវម៉ូតូដែលគ្មានស្លាកលេខ ហើយសួរថានាំចូលពីណាមក នាំចូលពីវៀតណាមមក រត់ពន្ធពីវៀតណាមក»