(ភ្នំពេញ)៖ សពនាយឧត្តមសេនីយ៍ ដុម ហាក់ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាព នៅវេលាម៉ោងជាង១១៖២៧នាទីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ដោយរោគាពាធ ក្នុងជន្មាយុ ៧៤ឆ្នាំនោះ នឹងត្រូវទៅបញ្ចុះនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិគ្រឹះក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ (ជាប់ផែស្ងួតជិតវត្តស្លែង)។
យោងតាមកម្មវិធីបុណ្យសព បានបង្ហាញថា សពនឹងត្រូវដង្ហែចេញពីផ្ទះកន្លែងធ្វើបុណ្យនៅវេលាម៉ោង ៦៖៣០នាទីព្រឹកទី១២ ខែមិថុនា ដើម្បីយកទៅបញ្ចុះនៅសង្កាត់ពងទឹក ខណ្ឌដង្កោ។ ក្នុងពិធីបុណ្យសពរបស់នាយឧត្តមសេនីយ៍ ដុម ហាក់ មានប្រតិភូរបស់ក្រសួង ស្ថាប័នរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូប ក៏បានចូលរួមគោរពវិញ្ញាណក្ខន្ធសពផងដែរ។
ដើម្បីសងគុណឪពុក ជាលើកចុងក្រោយនោះ កូនប្រុសទី២ របស់សពនាយឧត្តមសេនីយ៍ ដុម ហាក់ គឺលោក ដុម រិទ្ធី ជាអ្នកបំបួសមុខភ្លើងផងដែរ។
យើងខ្ញុំទាំងអស់គ្នាត្រូវជាប្អូនៗ កូន កូនប្រសារ ក្មួយៗ ចៅៗ និងញាតិមិត្តជិតឆ្ងាយមានទុក្ខជាទម្ងន់ដោយឧបាសក នាយឧត្តមសេនីយ៍ ដុម ហាក់ បានទទួលមរភាពនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១១៖២៧នាទីព្រឹក ក្នុងជន្មាយុ៧៤ឆ្នាំ ដោយជរាពាធ។ សពបាន និងកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា នៅគេហដ្ឋានក្នុងបុរីអ័រគីដេ តាមបណ្ដោយផ្លូវ២០០៤ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមក្រុមគ្រសារសពរបស់នាយឧត្តមសេនីយ៍ ដុម ហាក់ បានឱ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា ស្អែកនេះ នឹងមានសមាជិកក្នុងជួររាជរដ្ឋាភិបាល មកអញ្ជើញគោរពវិញ្ញាណក្ខន្ធ សពរបស់នាយឧត្តមសេនីយ៍ ដែលប្រព្រឹត្តទៅនៅក្នុងបរិវេន អ័រគីឌេ វីឡា គម្រោងទី១ នៅបណ្ដោយផ្លូវ២០០៤ ក្នុងខណ្ឌពោធិ៍សែនជ័យ៕