(ភ្នំពេញ)៖ លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអ្នកជំនួញដែលមានបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យកសិកម្ម បានបង្ហាញពីកត្តាមួយចំនួន ដែលធ្វើឲ្យឧកញ៉ាៗ ឬអ្នកមាននៅកម្ពុជា មិនចង់ឈានជើងចូលរកស៊ីក្នុងវិស័យកសិកម្ម។
ថ្លែងក្នុងកិច្ចសម្ភាសក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News លោក នង វាសនា បានថ្លែងថា «កត្តាដែលធ្វើឲ្យអ្នកមានមួយចំនួន មិនចង់ឈានជើងចូលក្នុងវិស័យកសិកម្ម ព្រោះ វិស័យនេះមានកត្តាហានិភ័យខ្ពស់ ដោយត្រូវពឹងផ្អែកទៅលើអាកាសធាតុ និងត្រូវប្រយុទ្ធប្រឆាំងនឹងសារធាតុចង្រៃ, ស្មៅចង្រៃ និងកត្តាទីផ្សារមិនហ្នឹងហ្ន»។
លោកបន្ដថា ក្រៅពីកត្តានោះក៏មានការប្រកួតប្រជែង ជាមួយប្រទេសជិតខាងដូចជា៖ ប្រទេសវៀតណាម, ថៃ ដែលប្រទេសទាំងនោះមានកសិកម្មលូតលាស់ជាប្រទេសកម្ពុជា។ កត្តាទាំងអស់នេះហើយ ដែលធ្វើឲ្យអ្នកវិនិយោគមួយចំនួន មិនសូវចង់ឈានជើងប្រឡូកក្នុងវិស័យនេះ។
លោកបន្ថែមថា «ជាក់ស្ដែងដូចយើងខ្ញុំជាអ្នកកសិកម្មស្រាប់ ទោះបីជាប្រាក់ចំណេញពីវិស័យនេះ បានតិចតួច តែនេះជាមុខរបរប្រចាំថ្ងៃទៅហើយ។ ប៉ុន្ដែក្រៅពីចំណុចខ្សោយទាំងនេះ ដែលធ្វើឲ្យអ្នកវិនិយោគរួញរា ក៏មានកត្តាមួយទៀត គឺវិស័យកសិកម្មមានការលំបាក ហើយគួបផ្សំនឹងអ្នកវិនិយោគទាំងនោះមានមុខរបរផ្សេងៗ ទទួលបានប្រាក់ចំណេញច្រើន និងមានភាពងាយស្រួល ដូច្នេះហើយពួកគាត់មិនវិនិយោគចង់លើវិស័យនេះ»។
លោកបញ្ជាក់ថា ដើម្បីឲ្យវិស័យកសិកម្មនេះ អាចទាក់ទាញវិញបាននូវការចាប់អារម្មណ៍ គឺពឹងផ្អែកលើកត្តា៥យ៉ាងរួមមាន៖១៖ ធ្វើឲ្យល្អតាមបច្ចេកទេសត្រឹមត្រូវ, ២៖ ត្រូវបង្កើនល្បឿននៃការផលិត, ៣៖ ត្រូវផលិតឲ្យមានទិន្នផលខ្ពស់, ត្រូវផលិតឲ្យបានតម្លៃសមរម្យ និងទី៥៖ ការធ្វើទីផ្សារឲ្យបានល្អច្បាស់លាស់។
សូមជម្រាបថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារក្រសួងកសិកម្ម បានថ្លែងអំពាវនាវដល់បណ្តាអ្នកមានៗ ដែលជាសេដ្ឋីមានលុយរាប់ពាន់លាន និងរាប់រយលាននៅកម្ពុជា ចូលរួមបោះទុនវិនិយោគ ក្នុងវិស័យកសិកម្មកម្ពុជា។
បើទោះបីជាវិស័យកសិកម្ម បានរួចចំណែកយ៉ាងច្រើនដូច្នេះក្តី ក៏អ្នករកស៊ីរបស់កម្ពុជា ហាក់មិនសូវចាប់អារម្មណ៍ប៉ុន្មានទេលើវិស័យនេះ ដោយហេតុផលមានភាពស្មុគស្មាញក្នុងការរកស៊ី ផលិតផលកសិកម្មមានការប្រកួតប្រជែងខ្ពស់ ដោយសារថ្លៃដើម នៃការផលិតខ្ពស់ជាងប្រទេសជិតខាង រកស៊ីមិនចំណេញច្រើន ដូចជាវិស័យផ្សេងទៀតដូចជាវិស័យដីធ្លី សំណង់ ជាដើម។ ដូច្នេះហើយទើបសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអ្នកមានៗនៅស្រុកខ្មែរ ងាកមកចូលរួមវិនិយោគក្នុងវិស័យកសិកម្ម ដើម្បីជួយដល់ប្រជាពលដ្ឋខ្មែរ ដែលភាគច្រើនលើសលុបកំពុងប្រកបរបរកសិកម្ម៕