(ភ្នំពេញ)៖ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីអ្នកបើកបររថយន្តដឹកជញ្ជូននោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ក្រុមហ៊ុន ដឹកជញ្ជូនទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នចំពោះការរើសបុគ្គលិកអ្នកបើកបរ ដោយត្រូវពិនិត្យសារធាតុញៀនក្នុងខ្លួនរបស់ពួកគេជាមុនសិន សឹមយកចូលធ្វើការពេលក្រោយ។

ការអំពាវនាវរបស់ សម្តេចក្រឡាហោម ស ខេង បានធ្វើឡើង នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីប្រារព្ធ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ដែលធ្វើឡើងនៅ ភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មុននឹងសម្រេចយកអ្នកបើកបរយូរ ត្រូវតែពិនិត្យមើលឈាមសិន តើមានសារធាតុញៀន ឬអត់? បើមានសារធាតុញៀន សូមមេត្តាកុំយកចូលជាអ្នកបើកបរ ពីព្រោះគ្រឿងញៀនយើងដឹងថា បើសេពវាទៅវាបំផ្លាញប្រព័ន្ធប្រសៃប្រសាទរបស់យើង អញ្ចឹងយើងមិនអាចទៅបញ្ជាឡាន ឱ្យត្រង់ផ្លូវតាមច្បាប់បានទេ»

គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជារៀងរាល់ថ្ងៃ នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ គ្រោះថ្នាក់ចរាចរណ៍ ត្រូវបានគេស្គាល់ថាជាឃាតករលាក់មុខ ដែលសម្លាប់មនុស្ស ក្នុងប្រទេសកំពុងអភិវឌ្ឍនេះ ក្នុងរង្វង់៥នាក់ ក្នុង១ថ្ងៃៗ។ មូលហេតុចំបងៗដែលបង្កគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ បើកល្បឿនលឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែង បង់គ្រោះថ្នាក់ ស្រវឹង និងកត្តាយានយន្ត។ គ្រោះថ្នាក់ដែលបង្កឡើងដោយរថយន្តធុនធ្ងន់ ភាគច្រើន បានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ រហូតដល់បាត់បង់អាយុជីវិ ទាំងអ្នកបើក រួមទាំងអ្នកប៉ះទង្គិច។

សម្តេចក្រឡាហោម ស ខេង បានណែនាំដល់ក្រុមហ៊ុនដឹកជញ្ជូនទៀតថា ក្រុមហ៊ុនដឹកជញ្ជូនមនុស្ស និងក្រុមហ៊ុនដឹកជញ្ជូនទំនិញទាំងអស់ ត្រូវតែគោរព និងយកចិត្តទុកដាក់ អនុវត្តនូវការត្រួតពិនិត្យចំពោះអ្នកបើកបររបស់ខ្លួន ដើម្បីសុវត្ថិភាពសង្គមទាំងមូល ដោយមិនត្រូវគិតតែផលប្រយោជន៍ក្រុមហ៊ុនទេ ពោលគឺត្រូវគិតពីសុវត្ថិភាពសន្តិសុខសង្គម ជីវិតអ្នកដទៃ ជីវិតរបស់ប្រជាពលរដ្ឋយើង ដែលធ្វើដំណើរតាមដងផ្លូវផងដែរ។

តាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ នៅមានមនុស្ស ១,៧៦១នាក់បានស្លាប់ និង៤,៧៧០នាក់ ផ្សេងទៀតរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ឆ្នាំ២០១៨។

នៅឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើតឡើង៣,២៦៧ករណី ធ្លាក់ចុះ៧ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ ចំណែកចំនួនអ្នកស្លាប់បានធ្លាក់ចុះ១ភាគរយ ខណៈចំនួនអ្នករងរបួសបានធ្លាក់ចុះ១៤ភាគរយ។ តាមរយៈតួលេខនេះមធ្យមក្នុង១ថ្ងៃ មនុស្សប្រហែល៥នាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍៕