(ភ្នំពេញ)៖ ប្រទេសចិន គឺជាប្រទេសមួយ មានចំនួនប្រជាជនប្រមាណ១,៤០០លាននាក់ ជាមួយគ្នានោះក៏មានតម្រូវការផ្លែឈើជាច្រើន សម្រាប់ផ្គត់ផ្គង់ប្រជាជនផងដែរ ខណៈដែលអ្នកនាំចេញកសិផលម្នាក់នៅកម្ពុជា បានអះអាងថា កម្ពុជាគួរតែចាប់យកឱកាសនេះ និងខិតខំដាំដុះឲ្យបានច្រើន ដើម្បីនាំចេញទៅកាន់ប្រទេសចិន ដែលមានតម្រូវការយ៉ាងច្រើនបែបនេះ។
ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអ្នកនាំចេញកសិផលបានឲ្យដឹងថា ប្រទេសចិន គឺជាប្រទេសមួយ ដែលប្រជាជនចូលចិត្តហូបផ្លែឈើ ខណៈដែលក្នុង១ឆ្នាំៗ ប្រទេសចិន មាននាំចូលផ្លែឈើ ក្នុងបរិមាណរាប់ពាន់លានដុល្លារអាមេរិក។
លោក នង វាសនា បាននិយាយថា ក្រៅពីស្រូវអង្ករ មានផលិតផលជាច្រើន ដែលប្រជាកសិករកម្ពុជាកំពុងតែផលិត និងបាននាំចេញទៅកាន់ប្រទេសចិន ហើយទទួលបានតម្លៃថ្លៃ។
លោកថា «ក្រៅពីស្រូវអង្ករ ខ្ញុំគិតថា មានផលិតផលជាច្រើនទៀត ដែលប្រជាជនកម្ពុជា កំពុងតែផលិត ហើយមានតម្លៃថ្លៃគួរសម្យ អាចនិយាយបានថា ថ្លៃជាងតម្លៃអង្ករផង និងមានទីផ្សារធំ»។
លោក នង វាសនា បានឲ្យដឹងថា ស្វាយ គឺជាផលិតផលមួយ ដែលប្រជាកសិករកម្ពុជា អាចដាំដុះគ្រប់ទីកន្លែង ហើយមានរសជាតិឆ្ងាញ់ខុសពីប្រទេសជិតខាង ដោយសារតែអាកាសធាតុ នៅប្រទេសកម្ពុជា ក្ដៅ និងដីមានជាតិអាស៊ីតច្រើន ហើយប្រទេសចិន ជាប្រទេសប្រើប្រាស់ស្វាយ នៅក្នុងទ្រង់ទ្រាយធំ។
ជាមួយគ្នានោះ អ្នកនាំចេញកសិផលរូបនេះ បានបន្ថែមទៀតថា ប្រទេសចិន គឺចូលចិត្តហូបផ្លែឈើ ជាពិសេសប្រភេទផ្លែមៀន ខណៈដែលប្រទេសចិន នាំចូលក្នុងបរិមាណរាប់ពាន់លានដុល្លារ ក្នុង១ឆ្នាំ។ ហើយផ្លែឈើថ្មីៗ ដែលកំពុងពេញនិយម នៅប្រទេសចិន គឺប្រភេទផ្លែឈើ មង្ឃុត និងទុរេន។ ក្រៅពីនេះ មានផលិតផល កសិផលជាច្រើនទៀត ដូចជា ផ្លែប័រ ជាដើម។
សូមជម្រាបថា បច្ចុប្បន្នផលិតផលកសិកម្មរបស់កម្ពុជាចំនួន៦មុខ ត្រូវបានភាគីចិនអនុញ្ញាតឲ្យនាំចេញដោយផ្ទាល់ គឺ អង្ករ ពោត ចំណិតដំឡូងមីក្រៀម ស្វាយចន្ទី ចុងអង្ករ និងចេក។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានបញ្ជាក់ថា កម្ពុជាកំពុងរៀបចំការចរចាជាមួយភាគីចិន ដើម្បីឈានដល់ការសម្រេចបាន នូវការចុះហត្ថលេខារួមគ្នា លើពិធីសារស្តីពីការនាំចេញ ផ្លែស្វាយ តាងែន ស្រការនាគ និងទឹកមាត់ត្រចៀកកាំ ដោយផ្ទាល់ទៅប្រទេសចិន៕