(ភ្នំពេញ)៖ សមាគមអ្នកប្រកបអាជីពផ្នែកហិរញ្ញវត្ថុកម្ពុជា (CFO Cambodia) បានសហការជាមួយ ACCA Cambodia រៀបចំព្រឹត្តិការណ៍ស្តីពី «សវនកម្ម និងបច្ចេកវិទ្យា» នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួម ប្រមាណជាង១០០នាក់។
ព្រឹត្ដិការណ៍នេះ មានការចូលរួមពី ប្រធានក្រុមហ៊ុន, នាយកផ្នែកហិរញ្ញវត្ថុ, ប្រធានហិរញ្ញវត្ថុ, ប្រធានគណនេយ្យ, គណនេយ្យករ និងសវនករ មកពីស្ថាប័ននានា រួមមាន៖ ធានាគារ, គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ, ក្រុមហ៊ុនគណនេយ្យ និងក្រុមហ៊ុនផ្សេងៗទៀត -ល- នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ សប្ដាហ៍មុន។
ព្រឹត្តិការណ៍នេះ ត្រូវបានបង្កើតទ្បើង ក្នុងគោលបំណងផ្តល់ចំណេះដឹង ព្រមទាំងចែករំលែកបទពិសោធន៍ ដល់អ្នកប្រកបអាជីពផ្នែកហិរញ្ញវត្ថុ ផ្នែកគណនេយ្យ និងផ្នែកសវនកម្មក្នុងកម្ពុជា ស្តីពីការវិវត្តន៍ លើការគ្រប់គ្រងគណនេយ្យ និងសវនកម្ម ក្នុងសម័យបច្ចេកវិទ្យា។
បើតាមលោក តឹក វាសនា ប្រធានក្រុមប្រឹក្សាភិបាលរបស់ CFO Cambodia បានឲ្យដឹងថា ការរៀបចំព្រឹត្តិការណ៍ ស្តីពី «សវនកម្ម និងបច្ចេកវិទ្យា» ខាងលើនេះ ដោយមើលឃើញ នូវកង្វះខាតគណនេយ្យករជំនាញ ក្នុងទីផ្សារការងារ នាពេលបច្ចុប្បន្ន ព្រមទាំងចូលរួមចំណែក ក្នុងការបង្កើនឡើងនូវគណនេយ្យករជំនាញ ក៏ដូចជាចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ក្នុងព្រឹត្តិការណ៍ ស្តីពី «សវនកម្ម និងបច្ចេកវិទ្យា» នេះ លោក តឹក វាសនា ក៏បានស្វែងរក ការសហការជាមួយស្ថាប័ន និងសមាគមនានា ដើម្បីសហការលើកស្ទួយ ផ្តល់ការឧបត្ថម្ភ និងវគ្គសិក្សា ហ្វឹកហ្វឺនវិជ្ជាជីវៈផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ ដោយពង្រឹងសមត្ថភាព ដល់អ្នកប្រកបអាជីពផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ។
លោក តឹក វាសនា បានផ្តល់នូវការណែនាំ និងតម្រង់ទិសវិជ្ជាជីវៈ ដល់អាជីពហិរញ្ញវត្ថុ ព្រមទាំងបានប្រាប់អំពីការសម្របសម្រួល ក្នុងការបង្កើតបណ្តាញទំនាក់ទំនង រវាងអ្នកប្រកបអាជីពផ្នែកហិរញញវត្ថុ និងគណនេយ្យ ដើម្បីចូលរួមចំណែកលើកម្ពស់កម្រិតវិជ្ជាជីវៈហិរញ្ញវត្ថុ និងគណនេយ្យផងដែរ៕