(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាលើកទី៥ នៅតំបន់អាស៊ីប៉ាស៊ីហ្វិច ស្តីពី «ប្រតិបតិ្តការសន្តិសុខរបស់យោធា» ដោយសហការរៀបចំដោយកងយោធពលខេមរភូមិន្ទ កម្ពុជា សិក្ខាសាលានេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។
កម្មវិធីបើកសិក្ខាសាលានេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាពរបស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់តំណាងស្ថានទូត សេនានុព័ន្ធយោធារបស់បណ្តាលប្រទេសនានា ប្រចាំប្រទេសកម្ពុជា ដែលធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
លោក រ៉ូម៉ាន៍ ប៉ារ៉ាម៉ូណូវ ប្រធានបេសកកម្ម ICRC ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា ICRC ដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវ និងផ្សព្វផ្សាយច្បាប់មនុស្សធម៌អន្តរជាតិ ឬក៏ច្បាប់ជម្លោះប្រដាប់អាវុធ ដូច្នេះវាមានសារសំខាន់ណាស់ សម្រាប់ភាគីពាក់ព័ន្ធទាំងអស់យល់ច្បាស់ ពីសកម្មភាពដែលគ្របដណ្តប់ ដោយច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍គោរពច្បាប់មនុស្សធម៌រាល់ពេលចុះបំពេញការងារ។ ក្នុងនោះផងដែរ រាល់ការខិតខំប្រឹងប្រែងទាំងអស់នឹងធ្វើឡើង ដើម្បីបញ្ឈបគោលការណ៍មនុស្សធម៌ នៅពេលដែលកងកម្លាំងសន្តិសុខយោធា រៀបចំចុះប្រតិបត្តិការបេសកកម្ម។
លោកបានថ្លែងថា សិក្ខាសាលាប្រចាំតំបន់ដែលរៀបចំក្នុងរយៈពេលបីថ្ងៃ គឺជាវេទិកាសម្រាប់យោធិន កងកម្លាំងប៉ូលីស និងមន្រ្តីអនុវត្តច្បាប់ ចូលរួមស្វែងយល់ពីបញ្ហានានាពាក់ព័ន្ធ និងការអនុវត្តច្បាប់ក្នុងពេលបច្ចុប្បន្ន តាមរយៈការ សិក្សាប៉ោករណ៏ផ្សេងៗ ដែលបានជួបប្រទះកន្លងមក ក៏ដូចជាការពិភាក្សាគ្នា ដើម្បីចែករំលែកបទពិសោធន៍។
ថ្លែងនៅក្នុងកិច្ចបើកកម្មវិធីនេះផងដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយកសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកម្មវិធី ក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះឡើង ដោយមានការជ្រោមជ្រែងពី ICRC។
លោកឧត្តមសេនីយ៍ បានបន្តថា តាមរយៈសិក្ខាសាលានេះ នឹងលើកកម្ពស់ការយល់ដឹងដល់យោធិនទាំងអស់ ទៅលើកាតព្វកិច្ចរបស់ពួកគេក្រោម វិធានថ្នាក់ជាតិ និងអន្តរជាតិ។
នាយឧត្តមសេនីយ៍ បានបន្តយ៉ាងដច្នេះថា៖ «អ្នកចូលរួមទាំងអស់ដែលអញ្ជើញមកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិក អាចផ្លាស់ប្តូរគំនិត និងចែក
រំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមកលើការងារបច្ចេកទេស ឧបសគ្គដែលពួកគេជួបប្រទះ និងស្វែងរកដំណោះស្រាយរួមគ្នាផងដែរ»។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្ថែមទៀតថា ICRC ធ្វើការយ៉ាងជិតស្និទជាមួយកងយោធពលខេមរភូមិន្ទ រួមទាំងកងកម្លាំងរក្សា សន្តិភាពនៅក្នុងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព ដែលចេញទៅបំពេញបេសកកម្មតាមប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ នៅក្រៅប្រទេសក្នុងការផ្សព្វផ្សាយអំពីច្បាប់មនុស្សធម៌អន្តរជាតិ តាមរយៈវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាដើម។
ICRC ក៏ធ្វើការយ៉ាងជិតស្និទជាមួយអាជ្ញាធរទៅលើការផ្សព្វផ្សាយ ក៏ដូចជាការផ្តល់សច្ចាប័ន និងការអនុវត្តសិន្ធិសញ្ញានានាទាក់ទិន និងច្បាប់មនុស្សធម៌អន្តរជាតិ តួយ៉ាងសិន្ធិសញ្ញាស្តី អំពីការហាមឃាត់ការប្រើប្រាស់អាវុធ ដូចជាអនុសញ្ញាហាមឃាត់គ្រាប់មីន ប្រឆាំងមនុស្សឆ្នាំ១៩៩៨៕