(ភ្នំពេញ)៖ សមាជិកក្រុមម៉ូតូធំកម្ពុជា BMW Motorcycle Club Cambodia ប្រមាណ ៣៥រូប បានធ្វើដំណើរកំសាន្តរួមគ្នាជាមួយសមាជិក ក្រុមម៉ូតូធំ BMW Motorcycle Club Thai ទៅកាន់តំបន់កោះឆាង ក្នុងខេត្តត្រាតប្រទេសថៃ រយៈពេល៣ថ្ងៃ ដែលជាដំណើរកំសាន្តក្នុងស្មារតីរឹតចំណងសាមគ្គីភាព និងពង្រីកចំណងកិច្ចសហប្រតិបត្តិការរវាងក្លឹបម៉ូតូធំប្រទេសទាំងពីរ។
បើតាមលោក ឈួន សុធារិទ្ធ គណៈកម្មាធិការក្លឹបម៉ូតូធំ BMW Motorcycle Club Cambodia បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ភាគីថៃ សមាជិកក្រុមម៉ូតូ BMW កម្ពុជា ចំនួន ៣៥រូប រួមជាមួយម៉ូតូ ២១គ្រឿង បានធ្វើដំណើរពីកម្ពុជា ទៅកាន់តំបន់កោះឆាង ក្នុងខេត្តត្រាត ប្រទេសថៃ ក្នុងដំណើរកម្សាន្តរួមគ្នាជាមួយក្រុមម៉ូតូ BMW ថៃ រយៈ៣ថ្ងៃកាលពីសប្តាហ៍កន្លងទៅនេះ។
លោក ឈួន សុធារិទ្ធ បានបន្តទៀតថា ក្នុងដំណើរកំសាន្តនេះ ក្រុមម៉ូតូ BMW ថៃចំនួន ៣០គ្រឿង បានមកទទួលភាគីកម្ពុជា នៅច្រកព្រំដែនចាំយាម ខេត្តកោះកុង ធ្វើដំណើរទៅកាន់កោះឆាង ដើម្បីពិសារអាហារ ស្នាក់នៅជុំគ្នា ដែលនេះជាការបង្ហាញពីការរឹតចំណងសាមគ្គីភាព រវាងក្លឹបម៉ូតូធំប្រទេសទាំំងពីរ។
ជាមួយគ្នានេះដែរ សមាជិកក្រុមម៉ូតូ BMW កម្ពុជា ក៏បានថ្លែងអំណគុណដល់ក្រុមម៉ូតូ BMW ថៃ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងភាពសប្បាយរីករាយ ចំពោះដំណើរកំសាន្តមួយនេះ។
សូមបញ្ជាក់ផងដែរ កាលពីឆ្នាំ២០១៨កន្លងទៅនេះ តបតាមការអញ្ជើញរបស់ភាគីកម្ពុជា ក្រុមម៉ូតូធំ BMW ថៃ ក៏បានធ្វើដំណើរកំសាន្តមកកាន់ប្រទេសកម្ពុជាផងដែរ ដោយបានធ្វើដំណើរចូលមកតាមច្រកព្រំដែនចាំយាម ខេត្តកោះកុង រួចបានបន្តដំណើរកំសាន្តទៅកាន់ខេត្តព្រះសីហនុ តំបន់ឧទ្យានជាតិបូគោ ក្នុងខេត្តកំពត និងរាជធានីភ្នំពេញ ដោយឡែកសម្រាប់ដំណើរកំសាន្តរបស់ភាគីកម្ពុជា ទៅកាន់ប្រទេសថៃ ក្នុងឆ្នាំ២០១៩នេះ ក្រុមម៉ូតូធំ BMW កម្ពុជា ក៏បានចូលរួមក្នុងសកម្មភាពមុជទឹកទស្សានធម្មជាតិបាតសមុទ្រ និងនាវាលិចទឹក ក្នុងឱកាស World Ocean Day នៅតំបន់កោះឆាងផងដែរ៕