(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ក្នុងពេលធ្វើដំណើរ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះឱ្យត្រឹមត្រូវ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានគ្រប់ៗគ្នា។
លោកបានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅភោជនីយដ្ឋាន មានរស្មីច័ន្ទពេញវង់ នៅក្រុងស្ទឹងសែន ដោយមានអ្នកចូលរួមប្រមាណជាង ៧០០នាក់ផងដែរ។
លោកបានថ្លែងថា ចំពោះអ្នកបើបរម៉ូតូ និងអ្នករួមដំណើរ ត្រូវពាក់មួកសុវត្តិភាពទាំងអស់គ្នា ហើយបើកសូមឱ្យមើល ពីស្ថានភាពផ្លូវ ត្រូវចេះយោគយល់គ្នា អនុគ្រោះឱ្យគ្នាទៅវិញទៅមក ដើម្បីកាត់បន្ថយគ្រោះថ្នាក់លើផ្លូវថ្នល់ ដើម្បីកុំឱ្យការសប្បាយដើរកម្សាន្ត ឬការធ្វើដំណើរទៅសួរសុខទុក្ខបងប្អូននៅស្រុកកំណើត ក្លាយជាសោកនាដកម្មនៅក្នុងគ្រួសារទៅវិញ។
លោកអភិបាលខេត្តកំពង់ធំ ក៏បានលើកឡើងពីមូលហេតុគ្រោះថ្នាក់ចរាចរណ៍ រហូតដល់មានការស្លាប់ និងរបួសបង្ក គឺបង្កឡើងដោយសារការបើកបរ ក្នុងល្បឿនហួសកំណត់ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាព និងមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ការវ៉ាជែងដោយប្រថុយប្រថានបានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ដែលមានសភាពធ្ងន់ធ្ងរ បណ្ដាលឱ្យបាត់បង់ជីវិតមនុស្ស ឬរបួសពិការយ៉ាង អាណោចអាធ័ម រួមជាមួយនឹងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន បន្សល់ទុកនៅកុមារកំព្រា ស្ត្រីមេម៉ាយ ពិការភាព សោកនាដកម្ម និងផលវិបាកជាច្រើនមកលើសង្គមកម្ពុជា។
ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ គឺជាព្រឹត្តិការណ៍ដែលផ្ដួចផ្ដើមដោយគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់តំបន់ អាស៊ីប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP) ដែលតម្រូវឱ្យប្រទេសជាសមាជិក រៀបចំនៅក្នុងអំឡុងខែឧសភា ជារៀងរាល់ឆ្នាំ ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោក ជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរួមមានប្រទេសកម្ពុជាផងដែរ ចូលរួមបង្កើនស្មារតីយកចិត្តទុកដាក់ទប់ស្កាត់ឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យមានការបាត់បង់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន៕