(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌដង្កោ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានដេញស្ទាក់ចាប់ឃាត់ខ្លួន ជនសង្ស័យពីរនាក់ ដែលធ្វើសកម្មភាពកាច់កម៉ូតូ របស់ប្រជាពលរដ្ឋមិនបានសម្រេច នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងបូរីចំការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកអធិការខណ្ឌដង្កោ បានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់មានឈ្មោះទី១៖ ឈ្មោះ សុខ ហ៊ួត អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី២៖ ឈ្មោះ ស៊ី ឌី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពោធិធី ឃុំកញ្រាច ស្រុកកញ្រាច ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូមានឈ្មោះ ដឹប ពៅ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងបាញ់ថ្នាំ ស្នាក់នៅកន្លែងកើតហេតុ។
លោកបន្តថា មុនពេលកើតហេតុជនរងគ្រោះបានចតម៉ូតូ ម៉ាកសេ១២៥ ស៊េរី ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CO-7 504 ទុកចោលនៅមុខផ្ទះ ហើយទៅបំពេញការងារធម្មតា ពេលនោះស្រាប់តែលេចមុខជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HA-2803 មកឈប់ហើយធ្វើសកម្មភាពកាច់កម៉ូតូរបស់ជនរងគ្រោះ តែត្រូវប្រជាពលរដ្ឋឃើញទាន់ ក៏ស្រែកឆោមឡោបង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចនៅក្បែរនោះដេញប្រផាប់ចាប់ប្រភីង តាំងពីចំណុចបូរីចំការដូង រហូតដល់មុខវត្តជើងឯក ក៏ត្រូវកម្លាំងនគរបាលយកឡានសារ៉ែន កាក់ពីមុខធ្វើជនសង្ស័យភ័យដួលម៉ូតូ ត្រូវសមត្ថកិច្ចចាប់វៃខ្នោះ បញ្ជូនមកកាន់ស្នាក់ការនគរបាលប៉ុស្តិ៍ដង្កោភ្លាមៗ តែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរនាក់ បានឆ្លើយសារភាពថា ខ្លួនពិតបានធ្វើសកម្មភាពកាច់កម៉ូតូពិតប្រាកដមែន ដោយយោងតាមចម្លើយសារភាព និងពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចបានសម្រេចឃុំខ្លួនជនសង្ស័យបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមផ្លូវច្បាប់៕