(ភ្នំពេញ)៖ ខ្លឹមសារគន្លឹះសំខាន់ៗមួយចំនួននៃរដ្ឋធម្មនុញ្ញកម្ពុជា នឹងដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡា នៅពេលខាងមុខនេះ ដើម្បីបញ្ជ្រាបចំណេះដឹងច្បាប់កំពូលរបស់ជាតិដល់សិស្ស-និស្សិត និងប្រជាពលរដ្ឋ។ ខ្លឹមសារនៃបទប្បញ្ញត្តិគន្លឹះរបស់ក្រុមប្រឹក្សាធម្មនុញ្ញនេះ នឹងដាក់បញ្ចូលក្នុងកម្មវិធីសិក្សាចាប់ពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ។
លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ជួបជាមួយលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ដើម្បីពិភាក្សាលំអិតលើនីតិវិធីមួយចំនួនក្នុងការដាក់បញ្ចូលខ្លឹមសារសំខាន់ៗរបស់រដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីអប់រំនេះ។
នៅក្នុងជំនួបពិភាក្សានេះ លោក អ៉ឹម ឈុនលឹម បានថ្លែងថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់កម្ពុជា ដែលបុគ្គលគ្រប់រូបត្រូវគោរពប្រតិបត្តតាមក្នុងឋានៈជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។ ការយល់ដឹងអំពីគោលការណ៍ធំៗដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា គឺជាមូលដ្ឋានគ្រឹះចាំបាច់ និងមានសារសំខាន់ ក្នុងការកសាងចំណេះដឹងទូទៅសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូបក្នុងការពង្រឹងមនសិកាស្នេហាជាតិនិងសីលធម៌សង្គមប្រកបដោយសីលធម៌។
លោកប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានគូសបញ្ជាក់ដូច្នេះ «ការបញ្ចូលបទប្បញ្ញត្តិគ្រឹះមួយចំនួនដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទៅក្នុងកម្មវិធីសិក្សា គឺជាយន្តការមួយមានប្រសិទ្ធភាព និងវិសាលភាពទូលំទូលាយក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាពនៅព្រះរាជាណាចក្រកម្ពុជា ហើយក្រសួងអប់រំ យុវជន និងកីឡា គឺជាដៃគូដ៏សំខាន់ដ៏មានសក្តានុពលក្នុងការជួយជ្រោមជ្រែង និងសហការក្នុងការដាក់បញ្ចូលបទប្បញ្ញត្តិគ្រឹះមួយចំនួនដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទៅក្នុងកម្មវិធីសិក្សា»។
បន្ថែមពីលើនេះក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំ លោក តាំង រតនា អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថា បទប្បញ្ញត្តិគ្រឹះមួយចំនួន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា គ្រោងនឹងត្រូវដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាកម្រិតបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងកម្រិតមធ្យមសិក្សាទុតិយភូមិ ស្របតាមអនុស្សារណៈនៃការព្រមព្រៀង ដែលប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឯកភាពគ្នាចុះហត្ថលេខា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ កន្លងមកនេះ។
បើតាមលោក តាំង រតនា, ការស្នើដាក់បញ្ចូលបទប្បញ្ញត្តិគ្រឹះមួយចំនួន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ទៅក្នុងកម្មវិធីសិក្សានេះ គឺជាគំនិតផ្តួចផ្តើមរបស់ លោក អ៉ឹម ឈុនលឹម ដែលជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងគោលដៅធានាការពារការគោរពរដ្ឋធម្មនុញ្ញ ស្រមតាមសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ នៅក្នុងជំនួបពិភាក្សាដ៏មានសារសំខាន់នេះ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានថ្លែងថា រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា ដែលបុគ្គលគ្រប់រូបត្រូវគោរពប្រតិបត្តតាម ក្នុងឋានៈជាម្ចាស់វាសនា នៃប្រទេសជាតិរបស់ខ្លួន។
អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាធម្មនុញ្ញរូបនេះ បញ្ជាក់ទៀតថា ខ្លឹមសាររដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ មានចំនួន១៦០មាត្រា។ ប៉ុន្តែខ្លឹមសារដែលគ្រោងនឹងដាក់បញ្ចូល ទៅក្នុងកម្មវិធីសិក្សារួមមាន៖ មាត្រា១, មាត្រា៣, មាត្រា៤, មាត្រា៥, មាត្រា៧, មាត្រា៨, មាត្រា៣១, មាត្រា៤០, មាត្រា៤១, មាត្រា៤៣, មាត្រា៤៧, មាត្រា៤៩ថ្មី, មាត្រា៥០, មាត្រា៥១ថ្មី, មាត្រា៥៣ថ្មី, មាត្រា៥៦, មាត្រា៦៨, មាត្រា៧០, មាត្រា៧១, មាត្រា១៣៦ថ្មី, មាត្រា១៥២ថ្មី (ពីរមាត្រា១៥០ថ្មី), មាត្រា១៥៤ថ្មី (ពីរមាត្រា១៥២ថ្មី), និងមាត្រា១៥៥ថ្មី (ពីរមាត្រា១៥២ថ្មី) ព្រមទាំងមាត្រាដទៃទៀត ដែលក្រុមការងារមើលឃើញថាចាំបាច់។
ជាមួយគ្នានេះ លោក ពុត សាមិត្ត អគ្គនាយកអប់រំ បានថ្លែងថា លោក ហង់ ជួន ណារ៉ុន ដែលជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានទទួលយកសំណើនេះ ហើយស្ថាប័នទាំងពីរ បានសម្រេចបង្កើតគណៈកម្មការ និងក្រុមការងារចំពោះកិច្ចមួយ ដើម្បីរៀបចំកិច្ចការងារនេះឱ្យស្រមតាមនិយាមអប់រំ។
លោកបន្ថែមថា ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ជាអ្នកផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំខ្លឹមសារគោល និងខ្លឹមសារមេរៀន ដែលពាក់ព័ន្ធនឹងបទបញ្ញត្តិគ្រឹះរដ្ឋធម្មនុញ្ញ ដែលត្រូវដាក់ក្នុងកម្មវិធីសិក្សាទាំងបីកម្រិត។ រីឯក្រសួងអប់រំជាអ្នករៀបរៀង និងបោះពុម្ភផ្សាយខ្លឹមសារគោល និងខ្លឹមសារមេរៀនដែលពាក់ព័ន្ធ៕