(ភ្នំពេញ)៖ លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប បានថ្លែងប្រាប់មន្ត្រីសហភាពអឺរ៉ុបថា «ការជេរប្រមាថ» មិនមែនជា «ការបញ្ចេញមតិ» នោះឡើយ ហើយលោកក៏មិនអាចទទួលបានឡើយចំពោះការលើកឡើងថា «ការជេរប្រមាថ» គឺជាការបញ្ចេញមតិ»។

ការលើកឡើងរបស់លោក ជា ច័ន្ទបរិបូរណ៍ បានធ្វើឡើងបន្ទាប់ពីមន្ត្រីរបស់ហភាពអឺរ៉ុប បានចាត់ទុកការជេរប្រមាថ គឺជាសេរីភាពនៃការបញ្ចេញមតិ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសរសេរនៅលើ Facebook នៅថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០១៩ថា មានមន្ត្រីគណៈកម្មការអឺរ៉ុបដែលជាក្រុមការងារចុះមកនិយាយរឿងប្រព័ន្ធអនុគ្រោះពន្ធ EBA ចាត់ទុកថា «ការជេរប្រមាថ (Insulting)» ជា «ការសម្តែងមតិ»។ លោករដ្ឋមន្ត្រីបានសរសេរទៀតថា ក្រុមមន្ត្រីអឺរ៉ុបនេះ បានបង្ខំឱ្យកម្ពុជាលុបចោលនូវមាត្រាមួយចំនួនដែលសរសេរពីការប្រមាថដល់ព្រះមហាក្សត្រថែមទៀតផង។

លោករដ្ឋមន្ត្រី បានរៀបរាប់ដូច្នេះ «អ្វីដែលមិនយល់គឺនៅពេលដែលក្រុមការងារ EBA អឺរ៉ុប ចាត់ទុកថា [ការជេរប្រមាថ] (Insulting) ជា [ការសម្តែងមតិ] ហើយបង្ខំឱ្យកម្ពុជាលុបមាត្រាដែលខ្លួន (ក្រុមការងារសហភាពអឺរ៉ុប) សរសេរច្បាស់ថា [Insulting the King] នេះ ដោយមិនត្រូវមានទោសទណ្ឌអីទេ។ ប្រហែលពួកវាយល់តាមពួកខ្មែរខ្លះដែលដៀលថាស្រុកខ្មែរជា [ស្រុកតិរិច្ឆាន] មែនហើយ បានជាការជេរប្រមាថជាការសំដែងមតិទៅវិញ!»

ក្នុងវីដេអូនៃការអធិប្បាយលើ Facebook លោក ជា ច័ន្ទបរិបូរណ៍ បានលើកឡើងថា កម្ពុជាជាប្រទេសមួយ ដែលមានវប្បធម៌ អរិយធម៌ និងសីលធម៌ថ្លៃថ្លូ ហើយបែងចែកច្បាស់អ្វីទៅជាការប្រមាថ? និងអ្វីទៅជាការបញ្ចេញមតិ?

«កន្លែងនេះក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូបសូមប្រតិកម្មមិនទទួលយកនូវសំណើរបស់ជនជាតិអឺរ៉ុបមួយចំនួន ដែលស្នើឱ្យកម្ពុជាកំណត់ថា [ការជេរប្រមាថត្រឹមតែជាការបញ្ចេញមតិ] គឺយើងមិនអាចទទួលយកបានជាដាច់ខាត។ ខ្ញុំក៏ជឿជាក់ដែរថា មានប្រជាជនកម្ពុជាភាគច្រើនដែរ មិនអាចទទួលយកបានជាដាច់ខាតអំពីពាក្យជេរប្រមាថទៅជាការបញ្ចេញមតិនោះ»។ លោក ជា ច័ន្ទបរិបូរណ៍ បានគូសបញ្ជាក់។

ក្នុងវីដេអូនេះ រដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះ បានពន្យល់ផងដែរពីទម្រង់នៃពាក្យពេចន៍ដែលជាការការបញ្ចេញមតិ និងទម្រង់ពាក្យពេចន៍នៃការជេរប្រមាថ។ តាមរយៈវីដេអូនេះ លោក ជា ច័ន្ទបរិបូរណ៍ បានអំពាវនាវទៅដល់មន្ត្រីសហភាពអឺរ៉ុប កុំឱ្យកម្ពុជាទទួលយកនូវអ្វីដែលជាការជាន់ឈ្លីដល់សេចក្តីថ្លែងថ្នូរបស់កម្ពុជានោះ៕