Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីព័ត៌មាន៥ប្រទេស នឹងធ្វើជាវាគ្មិនក្នុងសន្និសីទពាក់ព័ន្ធការវិត្តន៍បច្ចេកវិទ្យា និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ នៅខេត្តសៀមរាប

10-06-2019 17:30

(សៀមរាប)៖ សន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ ឆ្នាំ២០១៩នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានមកពី៥ប្រទេស នឹងធ្វើជាវាគ្មិនពាក់ព័ន្ធការវិត្តន៍បច្ចេកវិទ្យា ដើម្បីរួមគ្នាធ្វើឲ្យសោតទស្សន៍ដើរទាន់យុគសម័យសារព័ត៌មាន នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានជាតិកម្ពុជា (AKP) នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ។

សន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ ឆ្នាំ២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខេត្តសៀមរាប ធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វាគ្មិនថ្នាក់រដ្ឋមន្ត្រីព័ត៌មានចំនួន៥រូប មកពី៥ប្រទេស នឹងរួមគ្នាពិភាក្សាពីការវិត្តន៍បច្ចេកវិទ្យា និងការប្រយុទ្ធប្រឆាំងព័ត៌មាន ក្លែងក្លាយដែលកំពុងតែកើតមានឡើង នៅលើពិភពលោកព្រមទាំងបញ្ហាពាក់ព័ន្ធ។

លោក ហាស់ សំអាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មការរៀបចំ សន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ បានឲ្យដឹងថា វាគ្មិនថ្នាក់រដ្ឋមន្ត្រីព័ត៌មានចំនួន៥រូប គឺលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា, រដ្ឋមន្ត្រីព័ត៌មានឡាវ, មីយ៉ាន់ម៉ា, ហ្វីលីពីន, កូរ៉េខាងត្បូង និងអនុរដ្ឋមន្ត្រីព័ត៌មានប្រទេសសាម័រ។

លោកបន្តថា សន្និសីទសារព័ត៌មានអាស៊ី លើកទី១៦ ឆ្នាំ២០១៩ ដែលធ្វើនៅលើទឹកដីអង្គរ ខេត្តសៀមរាប ប្រព្រឹត្តឡើងពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមិថុនា ដោយមានគណៈប្រតិភូជាថ្នាក់ដឹកនាំ និងតំណាងស្ថាប័នរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមប្រមាណ៥០០នាក់ មកពីបណ្ដាប្រទេសជាង៤០ នៅក្នុងតំបន់ និងពិភពលោក។

សន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ ឆ្នាំ២០១៩ ដែលនឹងបើកជាផ្លូវការក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ផ្តោតលើបញ្ហាសំខាន់ៗដូចជា៖ ផលប៉ះពាល់ នៃវិស័យសារព័ត៌មានក្រោមឥទ្ធិពលបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាដើម។

សូមបញ្ជាក់ថា នៅពេលបញ្ចប់កិច្ចប្រជុំនេះ នឹងមានចេញសេចក្តីប្រកាសរួមមួយស្តីពី លទ្ធផលដែលសម្រេចបាន ក្នុងពេលដែលម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ ឆ្នាំ២០១៩ផងដែរ៕