ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីបរិស្ថាន ធនធានទឹក និងកិច្ចការសាសនាឥស្លាមសិង្ហបុរី
10-06-2019 17:25
(សិង្ហបុរី)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត H.E Dr. Masagos Zulkifli រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធនធានទឹក និងកិច្ចការសាសនាឥស្លាម សិង្ហបុរី ក្រោមកិច្ចសម្របសម្រួល និងស្វាគមន៍ពីសំណាក់ លោក ងួន សុខវេង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី។
ជំនួបនេះផ្ដោតសំខាន់ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឥស្លាម ជាពិសេសការផ្លាស់ប្ដូរបទពិសោធន៍ និងការរៀបចំបច្ចេកទេស កាន់តែបានល្អប្រសើរនូវនិតិវិធីគ្រប់គ្រងហាជ្ជី (ធម្មយាត្រា), វិស័យហ្សាកាត់ (បរិច្ចាគទ្រព្យ), វិស័យវ៉ាកាហ្វ (ការថែរក្សាទាយជ្ជទាន) និងស្តង់ដាហាឡាលផងដែរ។
ក្នុងឱកាសនោះ លោកបណ្ឌិត H.E Dr. Masagos Zulkifli ក៏បានអបអរសាទរកម្ពុជា ចូលជាសមាជិកភាព «MABIMS» ដែលជាជំនួបប្រចាំឆ្នាំក្រៅផ្លូវការ ថ្នាក់រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសាសនាឥស្លាម ដែលមានប្រទេសប្រ៊ុយណេដារ៉ូសាឡាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី ដែលឆ្នាំនេះសិង្ហបុរីជាម្ចាស់ផ្ទះ។
គួរជម្រាបថា MABIMS ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ១៩៨៩ នៅប្រទេសប្រ៊ុយណេដារ៉ូសាឡាម ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសាមគ្គីភាព ផ្លាស់ប្តូរបទពិសោធន៍ និងដោះស្រាយបញ្ហាកិច្ចការសាសនាឥស្លាមទូទៅ ដោយមិនជ្រៀតជ្រែកកិច្ចការនយោបាយផ្ទៃក្នុង ដល់ប្រទេសជាសមាជិក៕