(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុជិត៤ពាន់នាក់ មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ដោយបានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៤៦៩នាក់ មកពិនិត្យ-ព្យាបាលជំងឺជូនពួកគាត់ និងផ្តល់អំណោយថ្នាំពេទ្យដោយមិនគិតថ្លៃ ហើយថែមទាំងហូបនំបញ្ចុកសាមគ្គីជាតិរួមគ្នា។
ពិធីហូបនំបញ្ចុកសាមគ្គីជាតិ នៅទូទាំងប្រទេស នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ធ្វើឡើងតាមការអំពាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំប្រទេសកម្ពុជា ត្រូវបានប្រជាពលរដ្ឋនៅតាមបណ្តាខេត្តទូទាំងប្រទេស។
ក្រោមការដឹកនាំផ្ទាល់ពី លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក្នុងដំណើរចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋចំនួន៣,៧៨៩នាក់ នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នៅវត្តកំពង់សីលា ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានប្រជាពលរដ្ឋសាទរជាខ្លាំង ដោយបានឃើញក្រុមគ្រូពេទ្យសុទ្ធ តែមានជំនាញគ្រប់គ្រាន់ បូកផ្សំនឹងបច្ចេកទេសសុវត្ថិភាពត្រឹមត្រូវ។
លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានឲ្យដឹងថា ការចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនេះ គឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះ ទៅរកភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
ជាមួយគ្នានោះដែរ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវចេះថែទាំសុខភាពឲ្យបានត្រឹមត្រូវ ក្នុងកំឡុងពេលរដូវភ្លៀងធ្លាក់បានមកដល់ ជាងនេះទៅទៀតត្រូវយល់ដឹងឲ្យបានច្បាស់ ពីវិធីការពារជីវិតចៀសឲ្យផុតពី ខ្យល់កន្ត្រាក់ និងរន្ទះ នៅពេលភ្លៀងកំពុងធ្លាក់។
សូមជម្រាបជូនថា ជំងឺដែលបានព្យាបាលជូនប្រជាពលរដ្ឋរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ វិភាគឈាម និងបន្ទប់ពិសោធន៍...។ល។
ប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់ពិតជាពេញចិត្តជាខ្លាំង បន្ទាប់ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះមកព្យាបាល រួមនឹងចែកថ្នាំពេទ្យដោយមិនគិតថ្លៃ ដែលទាំងអស់នេះ វាពិតជាតម្រូវការមួយផ្នែករបស់ប្រជាពលរដ្ឋទាំងអស់។
ប្រជាពលរដ្ឋបានស្នើដល់លោក ហ៊ុន ម៉ានី ចាត់តាំងក្រុមការងារគ្រូពេទ្យ ឲ្យឧស្សាហ៍ចុះមកឃុំ-ស្រុក របស់គាត់ឲ្យដើម្បីពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋទីទាល់ក្រផ្សេងៗទៀតផងដែរ។
បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារ២០៧នាក់, ជំងឺស្រ្តី១៧៦នាក់, ជំងឺផ្លូវចិត្ត១២៣នាក់, ជំងឺឫសដូងបាត១៧២នាក់, ជំងឺសន្លាក់ឆ្អឹង៩៨នាក់, ជំងឺរលាកសួត១៣២នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក១៧២នាក់, ជំងឺភ្នែក១៨៧នាក់, ជំងឺសើរស្បែក១៣០នាក់, ជំងឺទឹកនោមផ្អែ២០១នាក់, ជំងឺមាត់ធ្មេញ១០៧នាក់, អេកូសាស្ត្រ២០៩នាក់,វាស់ចង្វាក់បេះដូង៣១៧, ព្យាបាលរបួសនិងវះកាត់តូច៨៩នាក់ វិភាគឈាមនិងបន្ទប់ពិសោធន៍៣០៩ និងរួមនឹងជំងឺទូទៅ៕