(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដឹកនាំដោយលោក Philippe Steinmetz នាយក AFD ប្រចាំកម្ពុជា។
កិច្ចជំនួប គឺផ្តោតលើគម្រោងគ្រប់គ្រងធនធានទឹកនៅកម្ពុជា ក្រោមជំនួយគាំទ្រពី AFD។ ក្នុងជំនួបលោករដ្ឋមន្រ្តី បានសំដែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូ និងបានជម្រាបអំពីបេសកកម្ម សមិទ្ធផល បញ្ហាប្រឈម និងទិសដៅជាយុទ្ធសាស្រ្តក្នុងក្របខ័ណ្ឌវិស័យធនធានទឹក និងការរួមចំណែកជួយគាំទ្រលើវិស័យធនធានទឹកពី AFD ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលកំពុងមានការវិឌ្ឍន៍រីកចម្រើនទៅមុខឥតឈប់ឈរគួរជាទីមោទនៈ។
លោក Philippe Steinmetz ប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យរូបលោក និងសហការី បានចូលជួបពិភាក្សាការងារ និងបានជម្រាបអំពីការចូលរួមចំណែកគាំទ្ររបស់រដ្ឋាភិបាលបារាំងក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសលើវិស័យធនធានទឹក ដែលបច្ចុប្បន្នតាមរយៈ AFD មានគម្រោងកំពុងអនុវត្តរួមមាន៖
*ទី១៖ គម្រោងវិស័យទឹក និងកសិកម្ម (Water and Agriculture Sector Project)
*ទី២៖ គម្រោងកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្ម (Water Resources Management and Agro-ecological Transition for Cambodia។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងធនធានទឹក និងឧតុនិយម លោករដ្ឋមន្រ្តី បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលបារាំង ដែលបានរួមចំណែក ជួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និយាយជារួម និងដោយឡែកសម្រាប់វិស័យធនធានទឹក ឲ្យមានការរីកចម្រើន រហូតមកដល់ពេលនេះ។
បន្ទាប់ពីបានធ្វើការផ្លាស់ប្តូរមតិយោបល់គ្នារួចមក រដ្ឋមន្រ្តី និងប្រធានគណៈប្រតិភូ បានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើររវាងក្រសួងធនធានទឹក និងឧតុនិយម និង AFD នាពេលកន្លងមក និងបានប្តេជ្ញារួមគ្នាដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាឲ្យរឹតតែល្អខ្លាំងថែមទៀត ដើម្បីអភិវឌ្ឍវិស័យធនធានទឹកឲ្យបានកាន់តែល្អប្រសើរថែមទៀត ដើម្បីដើរតួនាទីកាន់តែសំខាន់ក្នុងការរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព។
សូមជម្រាបថា ក្នុងជំនួបនោះ ក៏មានវត្តមានចូលរួមផងដែរ ពីលោកស្រី Ophelia Bourhis ដែលនឹងកាន់ការងារជានាយក AFD ប្រចាំកម្ពុជា បន្តពីលោក Philippe Steinmetz នាយក AFD បច្ចុប្បន្ន ដែលនឹងបញ្ចប់អណត្តិការងារ ក្នុងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ៕