(បាងកក)៖ ប្រជាជនថៃដែលរស់តំបន់ជាយស្រុក រ៉ាត់ឆាបុរី (Ratchaburi) នៃខេត្ត ប្រាជួបគិរីខាន់ (Prachuap Khiri Khan) ត្រូវបានអាជ្ញាធរចេញបញ្ជាឲ្យត្រៀមជម្លៀសខ្លួន ចេញពី ផ្ទះសម្បែងរបស់ពួកគេ ខណៈមន្ត្រីជំនាញកំពុងតែរៀបចំក្នុងការបំផ្ទុះគ្រាប់បែកគ្រាប់ កាលពីសម័យសង្គ្រាមលោកលើកទីពីរ ដែលទើបត្រូវបានរកឃើញ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មានថៃបាងកកប៉ុស្តិ៍ នាល្ងាចថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩។
បើតាមអាជ្ញាធរថៃគ្រាប់បែកមួយចំនួនខាងលើនេះ មួយគ្រាប់ត្រូវបានរកឃើញនៅក្នុងទន្លេម៉ែក្លង (Mae Klong) នៃខេត្ត Prachuap Khiri Khan ដោយក្រុមកម្មករបម្រើការងារឲ្យការដ្ឋាន សាងសង់ផ្លូវដែក រដ្ឋដែលភ្ជាប់រវាងខេត្ត ណាខន ផាទុំ (Nakhon Pathom) និង ជុំផុន (Chumphon) ភាគខាងត្បូងប្រទេសថៃ។ ដោយឡែកគ្រាប់បែកមួយគ្រាប់ទៀតត្រូវបានរកឃើញ កប់នៅក្នុង ក្រោមផ្លូវដែករថភ្លើងចន្លោះពីស្ថានីយ ខៅតាវ (Khao Tao) និង វ៉ាងផុង (Wang Phong) ស្ថិតនៅក្នុងស្រុក ប្រាណបូរី (Pran Buri) នៃខេត្ត Prachuap Khiri Khan។
គួរបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចថៃ កំពុងតែព្យាយាម គិតគូរអំពីការជម្លៀសប្រជាជន ដែលស្ថិតនៅក្បែរកន្លែងបំផ្ទុះគ្រាប់ចោលបំផុតនោះ ឲ្យចាកចេញពីផ្ទះសម្បែងសិន ខណៈផ្លូវមួយចំនួនទៅកាន់ស្រុក Ratchaburi កំពុងត្រៀមបិទ ហើយអ្នកជំនាញថៃបានអះអាងថា ការផ្ទុះរបស់គ្រាប់បែកនេះ អាចបង្កឲ្យតំបន់យ៉ាងហោចណាស់ពីរគីឡូម៉ែត្រជុំវិញកន្លែងបំផ្ទុះ នឹងទទួលរងផលប៉ះពាល់ ដូចជាសំឡេងលាន់លឺកក្រើក និងការបំផ្លិចបំផ្លាញអគារនានាជាដើម។
យ៉ាងណាក៏ដោយ មន្ត្រីជំនាញថ្ងៃនឹងជួបគ្នាបន្ថែមទៀតនៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីពិភាក្សាពីពេលវេលាបំផ្ទុះ និងស្វែងរកជម្រើសដែលប្រសើរនានាដើម្បីធានាសុវត្ថិភាព ឬមួយក៏អាចយកគ្រាប់បែកទាំងនោះ ទៅបំផ្ទុះចោលក្នុងទឹកក៏ថាបាន៕