(ភ្នំពេញ)៖ ប្រសិនជាមានការគាំទ្រច្រើនលើផលិតផលនៃអនុផលព្រៃឈើ គឺជាការចូលរួមយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការកាប់បបំផ្លាញព្រៃឈើ។ នេះបើតាមការថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានរបស់ លោក ឯ វុឌ្ឍី អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថាន ក្នុងវេទិកាថ្នាក់ជាតិលើកទី២ ស្ដីពីអនុផលព្រៃឈើ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នាឯសណ្ឋាគារហ៊ីម៉ាវ៉ារី។
ជាមួយគ្នានេះផងដែរ លោកក៏បានឲ្យដឹងថា ការផលិតសម្ភារពីអនុផលព្រៃឈើបានជួយមនុស្សចាស់នៅក្នុងតំបន់ និងអ្នកដែលធ្លាប់ចូលកាប់ឈើនៅក្នុងព្រៃមានការងារជាប្រចាំ និងធ្វើឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានចួលរួមថែរក្សាព្រៃឈើ ដែលជាប្រភពចំណូលរបស់ពលរដ្ឋនៅទីនោះ។
លោក ឯ វុឌ្ឍី បញ្ជាក់ថា៖ «វាល្អជាងឲ្យពួកគាត់ទៅកាប់ព្រៃ ហើយក៏ជួយឲ្យមនុស្សចាស់ដែលមិនអាចចូលឲ្យអ្នកដែលធ្លាប់ចូលកាប់ព្រៃគាត់អាចយកផ្ដៅ មកចាក់កញ្រ្ចែងជាដើម ហើយមិនមានគ្រោះថ្នាក់។ សម្រាប់ទីផ្សារ គឺមានតែនៅក្នុងប្រទេសទេ មិនទាន់មានក្រៅប្រទេសនៅឡើយ។ ប៉ុន្តែការរកទីផ្សារនៅក្រៅប្រទេសគឺពិបាក ដូច្នេះទើបយើងមកប្រជុំគ្នាដើម្បីរកទីផ្សារ ក៏ដូចជាគោលការណ៍ផ្សេងៗនៃការរកទីផ្សារនៅក្រៅប្រទេស ទើបបានចំណេញច្រើន»។
ចំពោះផលិតផល ដែលចាត់ទុកជាអនុផលព្រៃឈើមានដូចជា ការបេះផ្លែឈើ បន្លែ ជ័រទឹក ផ្ដៅ ឬស្សី ទឹកឃ្មុំជាដើម។ ដោយផលិតផលទាំងនោះ បានជួយដល់ពលរដ្ឋក្រីក្រក្នុងមូលដ្ឋាន ជាពិសេសជនជាតិដើមភាគតិច ក៏ដូចជាសេដ្ឋកិច្ចជាតិជាច្រើន។ ជាក់ស្ដែងកាលពីឆ្នាំ២០១០ ចំណូលដែលទទួលបានពីអនុផលព្រៃឈើមានចំនួន ១.៥លានដុល្លារ នេះបើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន។
របាយការណ៍ដដែល ក៏បានបង្ហាញថា នៅក្នុងឆ្នាំ២០១៧ ប្រាក់ចំណូលពីផលិតផល នៃអនុផលព្រៃឈើមានចំនួន ៧ម៉ឺនដុល្លារ ហើយនៅក្នុងឆ្នាំ២០១៨ ទទួលបានចំណូលចំនួន ៦៦០,០០០ដុល្លារ។
បើទោះជាចំណូលមានការកើនឡើងច្រើនក៏ពិតមែន តែការចូលរួមគាំទ្រផលិតផល នៃអនុផលព្រៃឈើទាំងនោះ ទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ជាពិសេសការស្វែងរកទីផ្សារនៅក្រៅប្រទេស។ នេះបើតាមការបញ្ជាក់ពីលោក ស៊ឹម ប៊ុនធឿន ប្រធានកម្មវិធីប្រចាំកម្ពុជា នៃអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើនៅកម្ពុជា (NTFP-EP)។
លោក ស៊ឹម ប៊ុនធឿន បញ្ជក់បែបនេះថា៖ «បញ្ហាគឺចៀសមិនរួចទេ ទោះបីជាពួកគាត់មានរូបភាពហើយ តែបច្ចុប្បន្ននេះទីផ្សារមិនទាន់ទូលំទូលាយទេ។ ដោយសារពលរដ្ឋអ្នកនៅក្រុងមួយចំនួន មិនទាន់ឲ្យតម្លៃទីផ្សារអនុផលព្រៃឈើទាំងនោះនៅឡើយ ដោយសារខ្មែរយើងភាគច្រើនជឿតាមគ្នា ហើយខាងខ្ញុំដែលជាក្រុមការងារនេះ ដែលចុះមូលដ្ឋានបានព្យាយាមលើកទឹកចិត្តប្រជាពលរដ្ឋមូលដ្ឋាន ក៏ដូចជាជនជាតិដើមភាគតិច ហើយយើងព្យាយាម ចងបណ្ដាញមិនត្រឹមតែនៅស្រុកខ្មែរទេ ក៏ដូចជានៅក្រៅប្រទេសផងដែរ»។
បច្ចុប្បន្នកម្ពុជាមានសមាគមន៍ធ្វើការលើការប្រផលអនុផលព្រៃឈើចំនួន៦០ ដែលមាននៅក្នុងខេត្តចំនួន៦ ដែលមានដូចជាខេត្តក្រចេះ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី ព្រះវិហារ កោះកុង និងសៀមរាប ហើយសមាគមន៍ទាំងនោះភាគច្រើនផ្ដើមចេញពីជនជាតិដើមភាគតិច។ យ៉ាងណាមិញប្រធានកម្មវិធីប្រចាំកម្ពុជានៃអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើនៅកម្ពុជា (NTFP-EP) បានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានខិតខំយ៉ាងខ្លាំងក្នុងការចូលរួមថែរក្សា និងអភិរក្សព្រៃឈើ នៅកម្ពុជា ព្រោះប្រសិនជា មិនមានការចូលរួមពីរដ្ឋាភិបាល ក្រុមអង្គការសង្គមស៊ីវិល និងសមាគមន៍ មិនអាចទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ដែលជាប្រភពនៃធនធានអនុផលព្រៃឈើឡើយ៕
លោក ស៊ឹម ប៊ុនធឿន ប្រធានកម្មវិធីប្រចាំកម្ពុជា នៃអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើនៅកម្ពុជា (NTFP-EP)