(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំផែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សហការជាមួយអង្គភាពការពារកុមារ CPU និងអង្គភាពមូលនិធិកុមារកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ បានបើកសិក្ខាសាលា ស្ដីអំពីការស៊ើបអង្កេតបទល្មើសមនុស្សឃាត ដែលមានរយៈពេលមួយសប្ដាហ៍ ចាប់ផ្ដើមពីថ្ងៃទី១០ ខែមិថុនា នៅសណ្ឋាគារសូហ្វីតែល ដែលជាគំនិតផ្ដួចផ្ដើមលើកទី១ របស់ខ្លួននៅប្រទេសកម្ពុជា។
សិក្ខាសាលានេះ មានគោលគំនិតបណ្ដុះបណ្ដាលមន្ត្រីជំនាញអនុវត្តច្បាប់ ក្នុងស្រុកជាច្រើន ព្រមទាំងមន្ត្រីឯកទេសអន្តរជាតិមួយចំនួន ដែលមានការពាក់ព័ន្ធ នៅក្នុងការស៊ើបអង្កេតបទល្មើសឃាតកម្ម។
ព្រឹត្តការណ៍ពិសេសនេះ នឹងត្រូវបើកចំហរដល់មន្ត្រីនគរបាលជាតិកម្ពុជា កងរាជអាវុធហត្ថ និងព្រះរាជអាជ្ញាមួយចំនួន ដែលមានភារកិច្ចខាងស៊ើបអង្កេតលើបទល្មើស ទៅលើបទល្មើសសំខាន់មួយ ក្នុងចំណោមបទល្មើសសំខាន់ៗ ផ្សេងទៀតដូចជា មរណភាព របស់មនុស្សដទៃណាម្នាក់ផ្សេងទៀត។
មន្ត្រីជំនាញផ្នែកឯកទេសបទល្មើសមនុស្សឃាត កោសល្យវិច្ឆ័យច្បាប់ និងផ្នែកអនុវត្តច្បាប់ទាំងឡាយ បានធ្វើដំណើរមកពីជុំវិញពិភពលោក ដើម្បីធ្វើបទបង្ហាញផ្សេងៗ និងធ្វើការសិក្សាអំពីបច្ចេកទេសស៊ើបអង្កេត និងបច្ចេកទេសកោសល្យវិច្ឆ័យ នាសម័យទំនើបដែលគេបានប្រើប្រាស់ ក្នុងការដោះស្រាយបទល្មើសឃាតកម្មមួយចំនួន។
លោក James McCabe នាយកប្រតិបត្តិ នៃអង្គការការពារកុមារបានលើកឡើងថា «យើងមានភ័ព្វសំណាងណាស់ ដែលមានបុគ្គលមានជំនាញឯកទេសទាំងនេះ បានមកដល់ប្រទេសកម្ពុជា ដោយនាំមកនូវបទពិសោធជាច្រើនឆ្នាំផ្នែកសើបអង្កេតលើបទល្មើសឃាតកម្ម»។
លោកអះអាងថា ដៃគូដែលបានសហការរៀបចំសិក្ខាសាលានេះរួមមាន ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថ កងកម្លាំងនគរបាលរដ្ឋខ្វីនស្លែន និងសកលវិទ្យាល័យសូឡិន នៃចក្រភពអង់គ្លេស ដែលបានបញ្ជាក់ការគាំទ្រដល់សិក្ខាសាលានេះ។
លោក James McCabe បានបញ្ជាក់ថា សិក្ខាសាលានេះ នឹងក្លាយទៅជាកាលានុវត្តភាពដ៏ពិសេសមួយ សម្រាប់អ្នកចូលរួមទាំងអស់ ឲ្យទទួលបាននូវចំណេះដឹង និងបទពិសោធជាក់ស្ដែង ពីមន្ត្រីជំនាញឯកទេសអន្តរជាតិទាំងឡាយ ស្ដីអំពីបច្ចេទេស និងវិធីសាស្ត្រផ្សេងៗ ដែលគេបានប្រើប្រាស់ក្នុងការស៊ើបអង្កេត បទល្មើសមនុស្សឃាតនាសម័យទំនើបនេះ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា ក៏បានថ្លែងអំណរគុណដល់អង្គភាពការពារកុមារ CPU នាអង្គភាពមូលនិធិកុមារកម្ពុជា ដែលបានបង្កើត វគ្គបំប៉ននេះឡើង និងសូមឲ្យសិក្ខាកាម ខិតខំយកចិត្តទុកដាក់ប្រឹងប្រែងការងារជំនាញឲ្យបានល្អ ព្រមទាំងសិក្សាបន្ថែមពីរៀមច្បងចាស់ៗ ដែលគាត់មានបទពិសោធន៍ច្រើន និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ បើគ្មានសាមគ្គីភាពទេ អង្គភាពនោះមិនទទួលបានជោគជ័យឡើយ៕