(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតសមាគមអតីតយុទ្ធជននេះឡើង គឺដើម្បីប្រមូលបងប្អូន ដែលជាអតីតយុទ្ធជនមកគ្រប់គ្រង មើលការខុសត្រូវ លើបញ្ហាជីវភាពការរស់នៅ ព្រមទាំងដោះស្រាយបញ្ហានានា របស់ពួកគាត់ឱ្យទាន់ពេលវេលា។
ការលើកឡើងរបស់លោក អ៊ុន ចាន់ដា បានធ្វើឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះនៅក្នុងឱកាសដែលលោកបានអញ្ជើញ ជាអធិបតីភាពពិធីអបអរសាទរខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា «២១ មិថុនា» នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ព្រមទាំងថ្នាក់ដឹកនាំតាមមន្ទីរអង្គភាព និងអាជ្ញាធរក្រុង-ស្រុកយ៉ាងច្រើនផងដែរ។
ជាមួយគ្នានេះដែរលោក អ៊ុន ចាន់ដា បានថ្លែងថា បងប្អូនអតីតយុទ្ធជនគ្រប់ៗរូប មានកិត្តិយសណាស់ ដោយបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានដឹកនាំដោយផ្ទាល់។ បើធៀបនៅតាមគណៈកម្មការ ឬតាមសមាគមមួយចំនួនទៀត គឺសម្តេចសុំត្រឹមតែធ្វើជាប្រធានកិត្តិយសតែប៉ុណ្ណោះ។
លោក អ៊ុន ចាន់ដា បានចោទជាសំណួរថា ហេតុអ្វីបានជាយើងត្រូវបង្កើតសមាគមអតីតយុទ្ធជននេះ? ការបង្កើតសមាគមអតីតយុទ្ធជននេះ គឺក្នុងគោលបំណងមិនទុកឱ្យបងប្អូនរបស់យើង ដែលជាយុទ្ធជនធ្លាប់ចូលរួមគ្រប់សកម្មភាពការពារបូរណភាពទឹកដី ក៏ដូចជាការទប់ស្កាត់ មិនឱ្យមានការវិលត្រឡប់មកវិញនូវរបបប្រលយ័ពូជសាសន៍ ប៉ុល ពត តាមរយៈការធ្វើជាកងកម្លាំងគាំទ្ររដ្ឋាភិបាលទប់ស្កាត់ នូវរាល់បញ្ហាទាំងឡាយ។
លោកបានបន្ថែមទៀតថា រាល់វីរភាពរបស់បងប្អូនអតីតយុទ្ធ ដែលបានលះបង់អាយុជីវិត សាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិ មាតុភូមិ ហើយគុណបំណាច់ទាំងអស់នេះហើយ ទើបរាជរដ្ឋាភិបាលសម្រេចបង្កើតនូវសមាគមអតីតយុទ្ធជននេះឡើង។ យើងត្រូវចងចាំថា នៅពេលចូលនិវត្តន៍រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺមិនទុកចោលឱ្យបងប្អូនរបស់យើង ដែលជាអតីតយុទ្ធជននេះរស់នៅឯការនោះទេ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងថា ទិវារំលឹកខួបលើកទី១២ អតីតយុទ្ធជន គឺជាព្រឹត្តិការណ៍មួយសំដៅធ្វើ ឱ្យប្រជាពលរដ្ឋគ្រប់រូបចងចាំនូវការពលីកម្មដ៏ធំធេងមិនអាចបំភ្លេច និងកាត់ថ្លៃបានរបស់អតីតយុទ្ធជន យុទ្ធនារី ដែលបានលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ នៅគ្រប់កាលៈទេសៈ។
លោកឧត្តមសេនីយ៍ ទោ ច័ន្ទ សុភ័ក្ត្រា បានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន គឺក្នុងគោលដៅពង្រីក ពង្រឹងគ្រឹះការពារជាតិ តាមរយៈការអនុវត្តន៍គោលនយោបាយជាតិដ៏ត្រឹមត្រូវ លើកស្ទួយជីវភាពរស់នៅប្រកបដោយមេត្តា ករុណាចំពោះបុព្វការីជន ប្រជាជនអតីតយុទ្ធជន យុទ្ធនារីនៃកងកម្លាំងប្រដាប់អាវុធជាតិ ដែលកន្លងមកបានធ្វើពលីកម្មយ៉ាងធំធេង បូជាអាយុជីវិតសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ និងប្រជាជន៕