(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បងប្អូនមន្ត្រីរាជការ នៃក្រសួងផែនការ និងរួមគ្នាហូបនំបញ្ចុកសាមគ្គីភាព ដើម្បីបង្ហាញពីសាមគ្គីភាព មិត្តភាព និងការស្រលាញ់រាប់អានគ្នា ជាមហាគ្រួសារផែនការ ក៏ដូចជាមហាគ្រួសារខ្មែរតែមួយ នៅទីស្ដីការក្រសួងផែនការ។
កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ទេសរដ្ឋមន្ត្រី ឆាយ ថន ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ក៏បានចុះមូលដ្ឋាននៅខេត្តកំពង់ស្ពឺ អញ្ជើញចុះសំណេះសំណាល និងហូបនំបញ្ចុកសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន នៃខេត្តកំពង់ស្ពឺផងដែរ ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន។
សូមជម្រាបថា ទិវាហូបនំបញ្ចុកសាមគ្គីភាព ដែលរៀបចំឡើងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩។ ប្រជាជនទូទាំងប្រទេសកម្ពុជា រួមទាំងបងប្អូនខ្មែរដែលរស់នៅក្រៅប្រទេស បានចូលរួមយ៉ាងផុសផុលជាទីបំផុត ដោយគ្រប់ភូមិស្រុក សុទ្ធតែងនាំគ្នាហូបនំបញ្ចុកដោយក្តីរីករាយ និងគ្មានបាតុភាពអ្វីកើតឡើងឡើយ ក្រោមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕