(កំពង់ស្ពឺ)៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ អាវភ្លៀងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានយកទៅចែកដល់នាយទាហាន នាយទាហានរង និងពលអាវុធហត្ថខេត្តកំពង់ស្ពឺ។
ក្រៅពីការចែកជូនអាវភ្លៀងនៅព្រឹកថ្ងៃដដែលនេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏បានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រចាំឆមាសទី១ ឆ្នាំ២០១៩ ក្រោមវត្តមានរបស់លោកឧត្តម សេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកមេបញ្ជាការរង នាយទាហាន នាយទាហានរង និងមន្ត្រីកងកម្លាំងអាវុធហត្ថតាមបណ្ដាក្រុង-ស្រុក ស្នាក់ការសន្តិសុខ សរុបចំនួន ១៨០នាក់ បានចូលរួមក្នុងពិធីនេះដែរ។
ការហ្វឹកហ្វឺនវគ្គបំប៉ន ឆមាសទី១ឆ្នាំ២០១៩នេះ មានសិក្ខាកាមសរុប ៣០រូប ដែលត្រូវបំពេញជាសិក្ខាកាមក្នុងវគ្គបំប៉នជំនាញ យោធា ច្បាប់ និងជំនាញផ្សេងៗ ត្រូវប្រើពេលវេលា ស្មើនឹង៧២ ម៉ោង។ វគ្គបំប៉ននេះក្នុងគោលបំណងដើម្បីពង្រឹងគោលនយោបាយ បង្កើនវិន័យយោធា បង្កើនថាមពល ដល់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធានាបានសុខភាព វិន័យ ស្មារតី កិច្ចការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពរដ្ឋ ធានាបាននៅគោលនយោបាយ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានចាត់ទុកថា ការហ្វឹកហ្វឺនវគ្គបំប៉ន ឆមាសទី១ ឆ្នាំ២០១៩នេះ គឺស្របតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលចាត់ឲ្យកម្លាំងកងរាជអាវុធហត្ថ នៅតាមបណ្ដារាជធានី-ខេត្ត ត្រូវតែបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញយោធា ច្បាប់ ជាពិសេស គឺជំនាញនានា ដើម្បីការពារសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានដូចជា៖ ការពារគ្រោះធម្មជាតិ សុខសុវត្ថិភាព គ្រោះមហន្តរាយផ្សេងៗ ការពារឲ្យបាន គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលចំនួន ០៩ចំណុច។
ជាចុងក្រោយ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានផ្តាំផ្ញើដោយសង្កត់ធ្ងន់ដល់សិក្ខាកាមទាំង ៣០រូបនោះថា ម៉ោងពេលសិក្សាក្នុងហ្វឹកហ្វឺនវគ្គបំប៉ន ត្រូវខិតខំ រៀនសូត្រ ស្ដាប់លោកគ្រូ ជំនាញផ្សេងៗ ធ្វើការពន្យល់ណែនាំហាមរំខានដល់សិក្ខាកាមដែលកំពុងតែសិក្សារៀនសូត្រជាមួយគ្នា និងដាច់ខាតគោរពវិន័យកងកម្លាំង រក្សាបទបញ្ជារផ្ទៃក្នុងឲ្យបានល្អប្រសើរទើបក្លាយ ទៅជាមន្ត្រីកងរាជអាវុធហត្ថដ៏ល្អ៕